ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា
និងភាគីពាក់ព័ន្ធទាំងអស់ដែលរួមចំណែកធ្វើឱ្យមានវឌ្ឍនភាពយ៉ាងល្អប្រសើរលើការងារគ្រប់គ្រង ថែរក្សាការពារ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាព និងទំនួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤ និងព្រែកកំសាន្តស្អាតលើកទី១ ឆ្នាំ២០២៣។ ជាលទ្ធផល ឆ្នេរខ្សាច់ចំនួន ១៤ និងព្រែកចំនួន ២២ ទទួលបានជ័យលាភី ដែលមានចំណាត់ថ្នាក់តាមសក្តានុពលរបស់ខ្លួន ក្នុងចំណោមឆ្នេរខ្សាច់សរុប ៣០ និងព្រែកសរុប ៣២។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍មួយចំនួន ដើម្បីប្រែក្លាយ និងតម្រង់ទិសការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចតំបន់ឆ្នេរសមុទ្រកម្ពុជាស្របតាមសក្តានុពលសេដ្ឋកិច្ចសង្គម និងបរិស្ថាន និងឱ្យសក្ដិសមជាកិត្តិនាមតារារះនាទិសនិរតី និងជាសមាជិកពេញសិទ្ធិនៃក្លឹបឆ្នេរសមុទ្រស្អាតបំផុតនៅលើសកលលោក។
ពិធីប្រកាសនិងប្រគល់ជ័យលាភីចំណាត់ថ្នាក់ដល់ឆ្នេរខ្សាច់ និងព្រែក នៃការប្រឡងប្រណាំងឆ្នេរខ្សាច់កំសាន្តស្អាតលើកទី៤ និងព្រែកកំសាន្តស្អាតលើកទី១ ឆ្នាំ២០២៣
ខេត្តកែប ២ ធ្នូ ២០២៣





#ams1minute