ប៉ាគីស្ថាន ក្លាយជាប្រទេសដំបូងគេនៅអាស៊ីខាងត្បូងដែលចេញសញ្ញាបណ្ណយេនឌ័រសម្រាប់ជូយដល់ស្រី្តរងគ្រោះ

អ៊ីស្លាម៉ាបាដ៖ ប្រទេសប៉ាគីស្ថានក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ីខាងត្បូង ដែលបានដាក់ចេញនូវ “សញ្ញាបណ្ណយេនឌ័រ” ឬហៅម៉្យាងទៀតថា “មូលបត្របំណុលយេនឌ័រ” ក្នុងគោលបំណងប្រមូលប្រាក់ចំនួន ៨,៧ លានដុល្លារអាមេរិក ដើម្បីផ្តល់ប្រាក់កម្ចីខ្នាតតូចដល់ស្ត្រីប្រហែលបីម៉ឺននាក់ ដែលភាគច្រើនរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងឆ្នាំ២០២២។

គួរដឹងដែរថា សញ្ញាប័ណ្ណបំណុលសម្រាប់ស្ត្រីនេះត្រូវបានសហការដាក់ចេញដោយអង្គការមិនរកប្រាក់ចំណេញប៉ាគីស្ថានមួយឈ្មោះថា Kashf Foundation និងក្រុមហ៊ុន InfraZamin Pakistan គាំទ្រដោយគម្រោង InfraCo Asia Investments និងក្រុមហ៊ុន Karandaaz Pakistan ។ សម្រាប់សញ្ញាប័ណ្ណបំណុលនេះ ក្រុមហ៊ុនចេញផ្សាយនឹងដាក់លក់នៅលើទីផ្សារភាគហ៊ុន។

លោក ហ្សាហ្សាដ អ៊ីស្បាល (Shahzad Iqbal) ប្រធានផ្នែកហិរញ្ញវត្ថុរបស់អង្គការ Kashf Foundation បានលើកឡើងថា “សញ្ញាប័ណ្ណនេះមានគោលបំណងផ្តល់ប្រាក់កម្ចីដល់ស្ត្រីដែលរងផលប៉ះពាល់ដោយទឹកជំនន់កាលពីឆ្នាំមុន ដែលអាចឱ្យពួកគេបង្កើនភាពធន់ និងការការពារប្រឆាំងនឹងគ្រោះមហន្តរាយនាពេលអនាគត”។ លោកបានបន្តថា “មូលបត្របំណុលនេះមានតម្លៃ ៨,៧ លានដុស្លារ ហើយនឹងមានរយៈពេល ៣ ឆ្នាំ។ ហើយវាត្រូវបានរចនាឡើងជាពិសេសសម្រាប់ស្ត្រីតែប៉ុណ្ណោះ ដូច្នេះហើយទើបយើងដាក់ឈ្មោះវាថា “សញ្ញាប័ណ្ណយេនឌ័រ”។

លោក អ៊ីស្បាល បានរំពឹងថាក្នុងរយៈពេល ៣ ឆ្នាំនេះ ស្ថាប័នរបស់លោកនឹងអាចផ្តល់ប្រាក់កម្ចីដល់ស្ត្រីប្រហែល បី ម៉ឺននាក់តាមរយៈកម្ចីខ្នាតតូច ក្នុងគោលបំណងផ្តល់ហិរញ្ញប្បទានដល់ស្ត្រី ដោយជួយដល់អាជីវកម្មខ្នាតតូចដែលគ្រប់គ្រងដោយស្ត្រី និងកសាងផ្ទះឡើងវិញដែលរងផលប៉ះពាល់ដោយទឹកជំនន់។

អ្នកស្រី ម៉ាហ៊ីន រ៉ាម៉ាន (Maheen Rahman) នាយកប្រតិបត្តិក្រុមហ៊ុន InfraZamin Pakistan បានលើកឡើងថា “យើងបានបង្កើតសញ្ញាប័ណ្ណមួយដែលផ្តោតលើការជួយស្ត្រី”។ លោកស្រីបានគូសបញ្ជាក់ថា “នៅទូទាំងពិភពលោកមានសញ្ញាប័ណ្ណយេនឌ័រជាច្រើន ប៉ុន្តែនេះគឺជាសញ្ញាប័ណ្ណយេនឌ័រទីមួយរបស់ប្រទេសប៉ាគីស្ថាន ហើយវាក៏ជាលើកទីមួយនៅអាស៊ីខាងត្បូងផងដែរ”។ គួរបញ្ជាក់ថា ក្រុមហ៊ុន InfraZamin Pakistan ជាក្រុមហ៊ុនទទួលខុសត្រូវលើការធានាលើមូលបត្របំណុលនេះ។

ការចេញមូលបត្របំណុលនេះបានអនុវត្តតាមច្បាប់កំណត់ដោយគណៈកម្មការមូលបត្រប៉ាគីស្ថាន (SECP)។ គួរដឹងដែរថា ក្រុមហ៊ុន អារីហ្វ ហាប៊ីប លីមីតធីត (Arif Habib Limited) ដែលជាក្រុមហ៊ុនឈ្មួញកណ្តាលកំពូលនៅទីក្រុងការ៉ាជី នឹងក្លាយជាក្រុមហ៊ុនផ្តល់ប្រឹក្សាហិរញ្ញវត្ថុ និងជាអ្នករៀបចំសម្រាប់មូលបត្របំណុលនេះផងដែរ។

លោក ហ្សាហ៊ិប អាលីហាប៊ីប (Shahid Ali Habib) នាយកប្រតិបត្តិក្រុមហ៊ុន Arif Habib Limited (AHL) បានមានប្រសាសន៍ថា “មូលបត្របំណុលនេះនឹងត្រូវបានជួញដូរនៅលើទីផ្សារក្រៅបញ្ជររបស់ PSX “។ លោកបានបញ្ជាក់ថា មូលបត្របំណុលកំពុងត្រូវបានបិទ ហើយនឹងត្រូវបើកដំណើរការនៅផ្សារហ៊ុនក្នុងរយៈពេលមួយខែ ឬយូរជាងនេះ បន្ទាប់មកវានឹងអាចដាក់ឱ្យជួញដូរបាន។

សញ្ញាបណ្ណយេនឌ័រនេះអាចជួយកាត់បន្ថយវិសមភាពយេនឌ័រ និងជួយលើកកម្ពស់ស្ត្រីបានច្រើន ហើយមូលបត្របំណុលនេះនឹងមានប្រជាប្រិយភាពខ្លាំង ដោយសារតែវាជាការវិនិយោគប្រកបដោយនិរន្តរភាព។
គួរបញ្ជាក់ថា អង្គការ Kashf Foundation នឹងផ្តល់ប្រាក់កម្ចីចាប់ពី ៧០០ ដុល្លារទៅ ៦០០០ ដុល្លារ ទៅកាន់ស្រ្តីនៅក្នុងប្រទេសប៉ាគីស្ថាន។

អ្នកស្រី រ៉ាម៉ាន បានលើកឡើងថា ស្ត្រីគឺជាកូនបំណុលដែលងាយសងប្រាក់កម្ចីជាងបុរស។ ជាក់ស្ដែង ផលប័ត្រប្រាក់កម្ចីមិនដំណើរការ (NPLs) របស់អង្គការ Kashf foundation គឺត្រឹមតែ ០,៥ ភាគរយប៉ុណ្ណោះនៅក្នុងសៀវភៅកម្ចីសរុបរបស់ពួកគេ។ ម៉្យាងវិញទៀត ប្រាក់កម្ចីខ្នាតតូចដល់ស្ត្រីនេះ នឹងបង្កើតផលជះវិជ្ជមានដល់សង្គម ជាពិសេសផ្តល់អត្ថប្រយោជន៍ដល់គ្រួសារនីមួយៗនៅក្នុងសង្គម៕ ប្រែសម្រួល៖ ធា សុណា

ads banner