រដ្ឋបាលជលផល នឹងរៀបចំសិក្ខាសាលាពាក់ព័ន្ធគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍសហគមន៍នេសាទនៅដើមសប្ដាហ៍ក្រោយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូ នឹងរៀបចំសិក្ខាសាលាបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្ដីពី «គោលការណ៍ណែនាំការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី» នៅថ្ងៃទី ៤ខែ ធ្នូឆ្នាំ ២០២៣ខាងមុខនេះ។

សិក្ខាសាលានេះ គាំទ្របច្ចេកទេសដោយអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (FAO) តាមរយៈកម្មវិធីCAPFISH-Captureដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប។

សេចក្តីប្រកាសព័ត៌មានរបស់FAOបានឱ្យដឹងថា គោលការណ៍ណែនាំការគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍន៍សហគមន៍នេសាទ ត្រូវបានបង្កើតឡើងដើម្បីឱ្យមានការគ្រប់គ្រងកាន់តែប្រសើរឡើងនូវថវិកាដែលផ្ដល់ជូនសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី តាមរយៈកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាពនិងបរិយាបន្ន(CAPFISH-Capture)។

សិក្ខាសាលានឹងមានសុន្ទរកថាផ្លូវការរបស់ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាប្រធានរដ្ឋបាលជលផល លោក Everaert Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោកស្រី Rebekah Bell នាយកប្រចាំប្រទេសអង្គការ FAO។ តាមរយៈសិក្ខាសានេះផងដែរ នឹងមានធ្វើបទបង្ហាញនានា និងការប្រគល់វិញ្ញាបនបត្រចំនួន ៥៦៨ ដល់សិក្ខាកាមតំណាងមកពីខណ្ឌរដ្ឋបាលជលផល សហគមន៍នេសាទ និង សហគមន៍ស្រះជម្រកត្រី។

សូមជម្រាបថា កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ) (CAPFISH-Capture)ដែលជាកម្មវិធីជលផលដ៏ធំបំផុតមួយរបស់សហភាពអឺរ៉ុប។

កម្មវិធីនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង ការអភិរក្សជលផល និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានាស្តីពីជលផល រួមទាំងផែនការសកម្មភាពដើម្បីទប់ស្កាត់ និងលុបបំបាត់ការនេសាទ ខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត ក្នុងដែននេសាទសមុទ្រ និងទឹកសាប។
ជាពិសេសពង្រឹងក្របខ័ណ្ឌគ្រប់គ្រងជលផល តាមរយៈជួយដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេច បាននូវការអភិវឌ្ឍធនធានជលផលទឹកសាប និងសមុទ្រឱ្យមាននិរន្តរភាព រួមចំណែកដល់សន្តិសុខ ស្បៀង និងការកាត់បន្ថយភាពក្រីក្រ តាមរយៈការកែលម្អការអភិរក្ស ការគ្រប់គ្រង និង ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជលផលក្នុងដែននេសាទសមុទ្រ និងទឹកសាប រួមចំណែក ដល់ការអភិវឌ្ឍជលផលក្រោយការប្រមូលផល និងការកែលម្អភាពធន់របស់សហគមន៍នេសាទបឹង ទន្លេសាប និងតំបន់ឆ្នេរ៕ ដោយ៖ សុខ រក្សា

ads banner