ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា តាមទូក ជាង១០០នាក់ បានទៅដល់ឥណ្ឌូនេស៊ី
ហ្សាកាតា៖ ក្រុមជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាង១០០នាក់បន្ថែមទៀត បានធ្វើដំណើរទៅដល់ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។ គេដឹងថា នេះគឺជាការមកដល់ចុងក្រោយបំផុត នៃទូកផ្ទុកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅឥណ្ឌូនេស៊ី។
ក្រុមជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ចំនួនទាំងជាង ១០០ នាក់នេះ រួមមានទាំងស្ត្រីនិងកុមារ។ ទូករបស់ពួកគេបានចុះចត នៅតំបន់ អាឆេ (Aceh) ស្ថិតនៅភាគពាយ័ព្យ នៃកោះស៊ូម៉ាត្រា។
ការមកដល់នេះបានកើតឡើង បន្ទាប់ពីជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ជាង១០០០ នាក់បានធ្វើដំណើរតាមទូក ចុះចតនៅក្នុងខេត្តភាគខាងលិចបំផុតរបស់ប្រទេសមួយនេះ កាលពីខែមុន។
វត្តមានរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងនេះត្រូវបានចាត់ទុកថា ជារលកដ៏ធំបំផុត នៃការមកដល់របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីឆ្នាំ ២០១៥ នេះបើយោងតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ ហៅកាត់ UNHCR ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មនុស្សរាប់ពាន់នាក់ ដែលភាគច្រើន ជាជនជាតិភាគតិចមូស្លីមបានប្រថុយជីវិត ធ្វើដំណើរតាមសមុទ្រ ចេញពីជំរុំជនភៀសខ្លួន ក្នុងប្រទេសបង់ក្លាដែស។ ពួកគេបានគេចខ្លួន ពីការប្រយុទ្ធគ្នាប្រដាប់ដោយអាវុធ នៅប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសជិតខាងនឹងបង់ក្លាដេស។
ជារឿយៗ ដំណើរលើទូកដែលផ្ទុកលើសចំណុះរបស់ពួកគេ ព្យាយាមធ្វើយ៉ាងណា ដើម្បីឲ្យបានទៅដល់ម៉ាឡេស៊ី ឬ ឥណ្ឌូនេស៊ី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


