អាមេរិកសន្យាផ្តល់ថវិកា ៣ពាន់លានដុល្លារ ដល់មូលនិធិអាកាសធាតុបៃតង នៅCOP28

ឌូបៃ៖ សហរដ្ឋអាមេរិកបានសន្យាថា នឹងផ្តល់ថវិកាចំនួន ៣ពាន់លានដុល្លារ ដល់មូលនិធិអាកាសធាតុបៃតង នៅឯសន្និសីទកំពូល COP28 ក្នុងទីក្រុងឌូបៃ ប្រទេសអាមីរ៉ាត អារ៉ាប់រួម។

អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris បានប្រាប់សន្និសីទ COP28 របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងផ្តល់វិភាគទាន ចំនួន ៣ពាន់លានដុល្លារ ដល់មូលនិធិអាកាសធាតុពិភពលោក ដែលជាការសន្យាលើកដំបូង របស់ខ្លួន ចាប់តាំងពីឆ្នាំ ២០១៤។

លោកស្រី Harris បានប្រាប់មេដឹកនាំពិភពលោក នៅក្នុងកិច្ចប្រជុំកំពូល នៅទីក្រុងឌូបៃថា «ថ្ងៃនេះ យើងកំពុងបង្ហាញ តាមរយៈសកម្មភាពដែលពិភពលោកអាចធ្វើ ហើយពិភពលោកប្រាកដជាត្រូវជួបវិបត្តិអាកាសធាតុបែបនេះហើយ»។

កញ្ចប់ថវិកាថ្មីនេះគ្រោងនឹងត្រូវឆ្លងកាត់ការអនុម័តដោយសភាអាមេរិកជាមុនសិន មុនពេលសម្រេចបញ្ជូនចូលទៅក្នុងមូលនិធិអាកាសធាតុបៃតង ហៅកាត់ថា GCF។ មូលនិធិ GCF នេះត្រូវបានបង្កើតឡើង កាលពីឆ្នាំ ២០១០។

ការបរិច្ចាគចុងក្រោយរបស់សហរដ្ឋអាមេរិកចំពោះមូលនិធិ សម្រាប់ជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវបានធ្វើឡើងជាថ្មី បន្ទាប់ពីរដ្ឋបាលដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក Barack Obama ដែលធ្លាប់បានប្តេជ្ញាចិត្ត ក្នុងទំហំទឹកប្រាក់ ចំនួន៣ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៤។

លោក ប្រធានាធិបតីអាមេរិក Joe Biden បានចាត់តាំង លោកស្រី អនុប្រធានាធិបតី Harris ទៅជំនួសរូបលោក សម្រាប់ការចូលរួមសន្និសីទកំពូល COP28 ប្រទេសអាមីរ៉ាត អារ៉ាប់រួម លើកនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner