ព្រឹត្តិការណ៍ថាមពលស្អាតបានបិទបញ្ចប់ ដោយទទួលបានលទ្ធផលជាច្រើនសម្រាប់ជំរុញដល់វឌ្ឍភាពថាមពលស្អាតនៅកម្ពុជា
ភ្នំពេញ៖ ឆ្នាំ២០២៣ជាឆ្នាំទី ៦ ដែលសប្តាហ៍ថាមពលស្អាតត្រូវបានរៀបចំឡើង និងជាព្រឹត្តិការណ៍ថាមពលស្អាតមួយដ៏ធំ ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករនៅក្នុងប្រទេសកម្ពុជា ខណៈមេរៀនដែលបានរៀនពេញមួយសប្តាហ៍នេះចាប់ពីថ្ងៃទី១៦-២៣ខែវិច្ឆិកាកន្លងទៅនេះ នឹងត្រូវប្រើប្រាស់បន្តដើម្បីជំរុញដល់វឌ្ឍភាពថាមពលស្អាតនៅក្នុងប្រទេស។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមស្តីពី ការអបអរសាទរចំពោះការបិទជាស្ថាពរនៃព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាត ២០២៣ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែធ្នូ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការច្នៃប្រឌិត និងភាពជោគជ័យថាមពលស្អាត ដែលព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីចែករំលែកចំណេះដឹង និងការអនុវត្តល្អបំផុតក្នុងវិស័យថាមពលស្អាតពីដៃគូពាក់ព័ន្ធ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធក្នុងដំណើរកាត់បន្ថយការបំភាយឧស្ម័ននៅកម្ពុជា។សប្តាហ៍ថាមពលស្អាតបានចាប់ផ្តើមដោយផ្តោតលើតួនាទីដែលថាមពលស្អាតត្រូវតែដើរតួក្នុងការផ្តល់សន្តិសុខថាមពលសម្រាប់កម្ពុជា។ ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់មានសក្តានុពលយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា និងអាចកាត់បន្ថយការនាំចូលឥន្ធនៈហ្វូស៊ីល និងអគ្គិសនីពីក្រៅប្រទេស។
ប្រភពដដែលបន្តថា ការវិនិយោគថ្មីៗលើថាមពលស្អាតក៏អាចជួយកាត់បន្ថយការបង្កើតថ្មីនូវឥន្ធនៈហ្វូស៊ីលថ្មីដែលមិនចាំបាច់ ដែលនឹងជំរុញឱ្យកម្ពុជាបន្តពឹងផ្អែកលើទីផ្សារឥន្ធនៈហ្វូស៊ីលអន្តរជាតិសម្រាប់ទសវត្សរ៍ខាងមុខ។
តាមរយៈកម្មវិធីចំនួន២២ដែលធ្វើឡើងនៅអំឡុងពេលពេញមួយសប្តាហ៍នេះ ថ្នាក់ដឹកនាំ អ្នកជំនាញ និងសហគ្រិនក្នុងវិស័យថាមពលស្អាតបានចូលរួមស្វែងយល់ពីប្រធានបទរបស់ព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាតកម្ពុជាឆ្នាំ២០២៣គឺ «សន្តិសុខថាមពល និងអនាគតថាមពលស្អាតរបស់កម្ពុជា»។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា កម្ពុជាកំពុងទទួលយកថាមពលស្អាត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងពង្រឹងសន្តិសុខថាមពល។
លោកបញ្ជាក់ថា ៖ «យើងកំពុងបញ្ចូលគោលការណ៍CARE ដែលតំណាងឱ្យថាមពលស្អាត តម្លៃសមរម្យប្រកបដោយទំនុកចិត្ត និងដោយសមធម៌ ទៅក្នុងយុទ្ធសាស្ត្ររបស់យើង។ វិធីសាស្រ្តនេះគឺជាគន្លឹះក្នុងការធានាបាននូវទិដ្ឋភាពថាមពលរួមមួយ ដែលជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ការពារបរិស្ថានរបស់យើង និងលើកកំពស់ប្រជាជនរបស់យើង»។
ជាមួយគ្នានោះដែរ លោក ណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប បានថ្លែងដែរថា គួរតែចាប់យកសក្តានុពលរបស់ថាមពលពន្លឺព្រះអាទិត្យឱ្យបានពេញលេញមុននឹងយឺតពេល។ លោកបន្តថា ៖ «កម្ពុជាមានលទ្ធភាព និងឱកាសដ៏ច្រើនក្នុងការកាត់បន្ថយកាបូនពីបណ្ដាញអគ្គិសនីរបស់ខ្លួន ព្រមទាំងសម្រេចបាននូវគោលដៅសេដ្ឋកិច្ច និងជំរុញឱ្យសន្តិសុខថាមពលរបស់ប្រទេសកាន់តែប្រសើរឡើង»។
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ចាស្ទីន វ៉ាយអេត បានលើកឡើងថា មួយសប្តាហ៍នេះ បានប្រព្រឹត្តទៅដោយជោគជ័យគួរឱ្យកត់សម្គាល់។ លោកថា៖«យើងបានអញ្ជើញអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍។ រួមគ្នាជាធ្លុងមួយ យើងកំពុងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការផ្តល់នូវបណ្តាញថាមពលស្អាត តម្លៃសមរម្យ សុវត្ថិភាពបណ្តាញ និងសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួន»។
រីឯលោក ចូណាថាន់ ឃីងស៍ ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា ក៏បានថ្លែងដែរថា នូវែលហ្សេឡង់មានមោទនភាពដែលអាចគាំទ្រសប្តាហ៍ថាមពលស្អាតកម្ពុជានៅឆ្នាំនេះ ដោយលោកឃើញថាព្រឹត្តិការណ៍នេះពិតជាប្រកបដោយថ្លែផ្កា និងជោគជ័យក្នុងការលើកកម្ពស់ការយល់ដឹងទាក់ទងនឹងសន្តិសុខថាមពល និងមហិច្ឆតាថាមពលស្អាតក្នុងប្រទេសកម្ពុជា។
លោក ចូណាថាន់ ឃីងស៍ បានបន្តថា ៖ «បញ្ហាប្រឈមសំខាន់មួយដែលត្រូវបានសម្គាល់គឺ ជំនាញរបស់កម្លាំងពលកម្មដែលកំពុងធ្វើការក្នុងវិស័យថាមពលនៅមានកម្រិតនៅឡើយ។ កម្មវិធីមួយរបស់សប្ដាហ៍ថាមពលស្អាតក្រោមប្រធានបទ ជំនាញសម្រាប់អន្តរកាលថាមពល បានបង្ហាញពីកាលានុវត្តភាពសម្រាប់ប្រទេសកម្ពុជា ដោយផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសក្នុងវិស័យថាមពលនេះ»។
លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា បាននិយាយថា សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ បានបញ្ជាក់ឡើងវិញថាអន្តរកាលថាមពល និងការអភិវឌ្ឍន៍ថាមពលគួរតែត្រូវបានចាត់ទុកជាអទិភាព ។
លោកស្រីថា ៖ «ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលយើងកំពុងប្រារព្ធព្រឹត្តិការណ៍ដ៏ជោគជ័យមួយនេះ យើងគួរចងចាំថា យើងត្រូវតែបន្តការខិតខំប្រឹងប្រែងក្នុងការបង្កើនល្បឿននៃអន្តរកាលថាមពលរបស់កម្ពុជា»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏មានមហាជនរាប់ពាន់នាក់ចូលរួមក្នុងកម្មវិធីដែលបើកជាសាធារណៈ រួមមានកម្មវិធីរត់ដើម្បីថាមពលស្អាត ការតាំងពិព័រណ៍សប្តាហ៍ថាមពលស្អាត និងការបញ្ចាំងវីដេអូឯកសារថាមពលស្អាត។ ព្រឹត្តិការណ៍នេះបានជំរុញសាធារណៈជនមានឱកាសទទួលយកបទពិសោធន៍ដោយផ្ទាល់នូវបច្ចេកវិទ្យាដែលនឹងជំរុញការអភិវឌ្ឍន៍ថាមពលស្អាតរបស់កម្ពុជា៕ ដោយ៖ សុខ រក្សា