តួកគីច្រានចោលការដាក់សម្ពាធឱ្យកាត់ផ្ដាច់ទំនាក់ទំនងជាមួយហាម៉ាស់ពីសហរដ្ឋអាមេរិក

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក រ៉េហ្ស៊ីប អ៊ែរដូហ្គាន់ កាលពីថ្ងៃសៅរ៍ទី២ ធ្នូ បានច្រានចោលការបង្កើនការដាក់សម្ពាធពីសហរដ្ឋអាមេរិកដែលទាមទារឱ្យក្រុងអង់ការ៉ាធ្វើការផ្ដាច់ទំនាក់ទំនងជាប្រវត្តិសាស្រ្តជាមួយក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន ជុំវិញជម្លោះដ៏ប្រល័យជាមួយអ៊ីស្រាអែល។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីអនុរដ្ឋលេខាធិការរតនាគារសម្រាប់ភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក លោក Brian Nelson បានព្រមានអំពីទំនាក់ទំនងរវាងតួកគី និងហាម៉ាស់ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគីកាលពីពេលថ្មីៗនេះ។

លោក Nelson និយាយថា អាមេរិកមិនរកឃើញថាក្រុមហាម៉ាស់ប្រើតួកគីដើម្បីវេរប្រភពចំណូលរបស់ខ្លួនទេ ក្រោយជម្លោះអ៊ីស្រាអែល-ហាម៉ាស់ផ្ទុះឡើងកាលពី៨សប្ដាហ៍មុនទេ។ យ៉ាងណាមិញ លោកបញ្ជាក់ថា ហាម៉ាស់ធ្លាប់ធ្វើបែបនេះកាលពីអតីតកាល ហើយគួរតែប្រើច្បាប់ក្នុងស្រុកដើម្បីទប់ស្កាត់សកម្មភាពនេះជៀសវាងការវាយប្រហារ «ភេរវកម្ម» នាពេលអនាគត។

ប្រតិកម្មទៅនឹងការលើកឡើងនេះ លោក អ៊ែរដូហ្គាន់ និយាយកាលពីថ្ងៃសៅរ៍ថា អាមេរិកត្រូវតែដឹងថា តួកគីមិនចាត់ទុកក្រុមហាម៉ាស់ ថាជាក្រុមភេរវកម្មនោះទេ ហើយក្រុមនេះគឺជាបក្សនយោបាយ ដែលដឹកនាំប៉ាឡេស្ទីន ក្រោមការជ្រើសរើសរបស់ប្រជាជនប៉ាឡេស្ទីន។

លោកថ្លែងយ៉ាងដូច្នេះថា ៖ «យើងបង្កើតគោលនយោបាយការបរទេសរបស់យើងនៅអង់ការ៉ា ដោយស្របទៅតាមផលប្រយោជន៍របស់តួកគី និងការរំពឹងទុករបស់ប្រជាជនយើង»។

លោកបន្តថា ៖ «ខ្ញុំប្រាកដថា ដៃគូសន្ទនារបស់យើងពេញចិត្តចំពោះជំហានគោលនយោបាយការបរទេសដែលប្រកបដោយតុល្យភាពរបស់យើង លើវិបត្តិមនុស្សធម៌ និងជម្លោះបែបនេះ»។

ការថ្លែងរបស់លោក អ៊ែរដូហ្គាន់ ធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែលបានបន្តការវាយប្រហារតាមអាកាសរបស់ខ្លួនឡើងវិញកាលពីថ្ងៃសុក្រ ក្រោយភាគីទាំង២បរាជ័យក្នុងការបន្តបទឈប់បាញ់រយៈពេល៧ថ្ងៃ ក្រោមថ្នូរដែលហាម៉ាស់ដោះលែងចំណាប់ខ្មាំង ៨០ នាក់ឱ្យអ៊ីស្រាអែល ហើយអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ២៤០ នាក់វិញ។

គួរបញ្ជាក់ថា ក្រុមហាម៉ាស់បើកការវាយប្រហារលើអ៊ីស្រាអែលនាដើមខែតុលា ដោយសម្លាប់មនុស្សប្រហែល ១ ២០០ នាក់ ដោយភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនចំណាប់ខ្មាំងប្រមាណ ២៧០ នាក់។ ប៉ុន្តែការវាយបករបស់អ៊ីស្រអែលលើតំបន់ហ្គាហ្សា បានសម្លាប់មនុស្សប្រមាណ ១៥ ០០០ នាក់ ដែល ៧០ ភាគរយក្នុងចំណោមនោះជាស្រ្តី និងកុមារ រួចទៅហើយមកទល់ពេលនេះ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner