១០ខែឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិ ប្រមាណ ៤,៤លាននាក់ និងទេសចរជាតិ ប្រមាណ ១២,២លាននាក់

(កែប)៖ រយៈពេល ១០ខែ នៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៤,៤លាននាក់ និងទេសចរជាតិ ប្រមាណ ១២,២លាននាក់ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ ក្នុងពិធីក្នុងឱកាសបិទពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម សុខ សូកេន បានលើកឡើងថា ពិធីបុណ្យសមុទ្រឆ្នាំ២០២៣នេះ ត្រូវបានរៀបចំឡើងនៅខេត្តកែបស្របពេលដែល ផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ទទួលបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ផែនការមេនេះ បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជា គោលដៅ ទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតខ្ពស់ ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា កម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងអង្គមហាសន្និបាត លើកទី៧របស់ក្លឹប កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតូបាកូតា នៃប្រទេសសេណេហ្គាល់ ក្រោមឈ្មោះរួមតែមួយ គឺឆ្នេរសមុទ្រកម្ពុជា ហើយត្រូវបានប្រសិទ្ធនាម ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនិរតី ។

ឯកឧត្តម សុខ សូកេន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានជោគជ័យក្នុងការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ ឈានដល់ការបើកប្រទេសឡើងវិញ ដោយធ្វើឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិបានប្រមាណជាង២លាននាក់ ក្នុងឆ្នាំ២០២២ ហើយរយៈពេល ១០ខែ នៃឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៤,៤លាននាក់ និងទេសចរជាតិ ប្រមាណ ១២,២លាននាក់។ ផ្អែកតាមនិន្នាការនេះ កម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៤លាននាក់ និងទេសចរជាតិប្រមាណ ១៥លាននាក់ សម្រាប់ឆ្នាំ២០២៣នេះ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner