មន្រ្តីអភិរក្ស៖ ចំនួនសត្វផ្សោតកើនឡើងនៅឆ្នាំនេះ តែនៅមានហានិភ័យខ្ពស់ក្នុងការស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ប្រធានឆ្នាំទន្លេនៃតំបន់កាំពី ខេត្តក្រចេះ លោក នុត ឫទ្ធី បានប្រាប់ឱ្យដឹងថា ការអនុវត្តយន្តការយាមល្បាត២៤ម៉ោងលើ២៤ម៉ោង នៅក្នុងតំបន់អភិរក្សសត្វផ្សោតកាំពី បានជំរុញឱ្យអត្រាស្លាប់របស់ផ្សោតមានការថយចុះ និងផ្សោត​កើតថ្មី​​មានការកើនឡើង ប៉ុន្តែនៅតែមានហានិភ័យមួយចំនួនចំពោះ​ផ្សោតទន្លេមេគង្គនេះ។​

​ក្នុងដំណើរ​ដឹកនាំអ្នកសារព័ត៌មានទៅ​ទស្សនាសត្វផ្សោត នៅតំបន់អន្លង់ផ្សោតកាំពី កាលពីថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០២៣ លោក នុត ឫទ្ធី បានលើកឡើងថា នៅក្នុងតំបន់អន្លង់ផ្សោតកាំពី ដែលមានទំហំប្រមាណជាង២០គីឡូម៉ែតក្រឡា ដោយរាប់ចាប់ពីតំបន់កោះទ្រង់ ដល់តំបន់កាំពី ស្រុកសំបូរ ក្នុងខេត្តក្រចេះនេះ មានសត្វផ្សោតរស់នៅប្រមាណ៣៥ ទៅ៤០ក្បា​ល ក្នុងចំណោមសត្វផ្សោតសរុបរបស់កម្ពុជា ដែលមានចំនួន៨៩ក្បាល ដោយបូកសរុបទាំងផ្សោតនៅខេត្តស្ទឹងត្រែងផងដែរ​។

លោកបានបញ្ជាក់ថា ៖ «ការល្បាត​ ២៤ម៉ោងលើ២៤ម៉ោងនេះ ដោយសារតែយើងមានកម្លាំងងគ្រប់គ្រាន់គឺ២៤នាក់ ដែលល្បាតនៅក្នុងតំបន់កាំពីនេះ ។ដូច្នេះយើងអាចផ្លាស់ប្តូរគ្នាក្នុងការទប់ស្កាត់បទល្មើសនានាបាន​។ការណ៍ដែលយើងមានគ្នាច្រើនបែបនេះ យើងអាចមើលបានគ្រប់ជ្រុងជ្រោយ»។

បើតាមលោកប្រធានឆ្នាំទន្លេនៃតំបន់កាំពីនេះ ​ចំនួនផ្សោតសរុប​៨៩ក្បាលនេះ គឺជាតួលេខតាំងពីឆ្នាំ២០២០ ដោយការរាប់ចំ​នួនសត្វផ្សោតនេះ ត្រូវបានធ្វើឡើងរៀងរាល់បីឆ្នាំម្តង ។ស្ថិតិចំនួនផ្សោតនឹងត្រូវរាប់ធ្វើម្តងទៀតនៅចុងខែធ្នូ ឆ្នាំ២​០​២៣​នេះ។

លោក នុត ឫទ្ធី បានបន្តទៀតថា នៅក្នុងឆ្នាំ២០២៣នេះ មានផ្សោតកើតថ្មីចំនួនប្រាំបីក្បាល និងស្លាប់ចំនួន៥ក្បាល ដែលចំ​នួនស្លាប់នេះ គឺរាប់ទាំងសត្វផ្សោតដែលស្លាប់ដោយសារវ័យចាស់ និងស្លាប់ដោយសារជាប់មងអ្នកនេសាទ និងការឆក់ដោយឧបករណ៍ខុសច្បាប់របស់អ្នកនេសាទមួយចំនួនជាដើម។

បើទោះបីជាបេសកកម្មការងារអភិរក្សសត្វផ្សោត បាននិងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការដៃគូយ៉ាងណាក៏ដោយ ក៏ការបាត់បង់នៃសត្វផ្សោតនៅតែមានហានិភ័យខ្ពស់។

លោក ឫទ្ធី បានអំពាវនាវ​​ថា ៖​ «សូមបងប្អូនអ្នកនេសាទមេត្តាអធ្យាស្រ័យ និងសូមឈប់បន្តលួចប្រើប្រាស់ឧបករណ៍នេ​សាទណា​ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតរបស់សត្វផ្សោតទៀតទៅ ព្រោះបើបងប្អូនៅតែបន្តប្រើប្រាស់ វានឹងប្រឈមដល់កា​របាត់បង់សត្វផ្សោតរបស់យើង ហើយ​អ្នកស្រុកនឹងលែងបានចំណូលពីការនាំភ្ញៀវទស្សនាសត្វផ្សោតទៀតហើយ។​ យើងដឹ​ងស្រាប់ហើយថា ការស្លាប់របស់សត្វផ្សោត វាជាហានិភ័យមួយសម្រាប់ប្រទេស​ ខណៈសត្វនេះជាធនធានធម្មជាតិដ៏សំខាន់របស់ជាតិយើង»។

ជុំវិញការងារអភិរក្សសត្វផ្សោតនេះដែរ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម ​បានប្រាប់​ឱ្យដឹង​ថា ឆ្នាំនេះ អត្រាស្លា​ប់របស់សត្វផ្សោតមានចំនួនតិចជាងអត្រាផ្សោតកើតថ្មី​ ខណៈឆ្នាំកន្លងទៅអត្រាស្លាប់តែងតែមានចំនួនច្រើនជាងអត្រាកើតថ្មី។

កញ្ញាបានបញ្ជាក់ថា ៖ «ឆ្នាំនេះ ជាសញ្ញាវិជ្ជមានមួយ បន្ទាប់ពីយើងបានដាក់ចេញយុទ្ធសាស្រ្តការពារ និងតាមដានឃ្លាំមើ​លយ៉ាងជាប់លាប់ពីសំណាក់ឆ្មាំយើង ដោយមានការគាំទ្រពីអង្គការWWF ។ បន្ទាប់ពីយើងបានដាក់ចេញយន្តការនេះមក ក្រោមការសម្របសម្រួលពីអាជ្ញាធរខេត្ត យើងឃើញអត្រាកើតរបស់សត្វផ្សោតនៅទន្លេមេគង្គនេះ វាចំនួនកើនឡើង»។

បើតាអ្នកនាំពាក្យក្រសួងកសិកម្ម ក្រោយពីការស្លាប់ចុងក្រោយ របស់ផ្សោតទន្លេមេគង្គ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ដែលបានកើតឡើងដោយសារឧបករណ៍ឆក់ ក្រសួងបានដាក់ចេញយុទ្ធនាការប្រមូលឧបករ​ណ៍ឆក់ទាំងនោះ នៅតាមខេ​ត្តជាប់ដងទន្លេមេគង្គ និងបឹងទន្លេសាប។

កញ្ញាបានបន្តថា ៖ «តាមបទបញ្ជាដាច់ណាត់របស់ឯកឧត្តមរដ្ឋមន្រ្តី អ្នកដែលប្រព្រឹត្តិបទល្មើសឆក់ យើងនឹងតាមដានស្រា​វ​ជ្រាវស្វែងរកមុខឱ្យទាល់តែឃើញ និងផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ»។

កញ្ញា អ៊ឹម រចនា បន្ត​ទៀតថា សត្វផ្សោតវ័យក្មេងមួយក្បាល នៅខេត្តស្ទឹងត្រែង បានស្លាប់ដោយសារតែឧបករណ៍ឆក់ កា​លពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រោយមកក្រសួងបានឃាត់ខ្លួនជនល្មើសបានពីរនាក់ ដោយបានបញ្ជូនសំណុំរឿងទៅកា​ន់តុលាការរួចរាល់ហើយ។ នេះជាវិធានការដែលក្រសួងបានធ្វើនាពេលកន្លងមក ហើយនឹងនៅតែបន្តអនុវត្តជាបន្តទៀត ដើម្បីធានានិរន្តភាពសត្វផ្សោតទន្លេមេគង្គ និងធ្វើឱ្យចំនួនសត្វផ្សោតមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ៕

ដោយ៖វណ្ណ សុជាតា

ads banner