នាយករដ្ឋមន្ត្រី៖ យើងមិនទាន់មានលទ្ធភាពគ្រប់គ្រងលើអាកាសធាតុ ប៉ុន្តែកត្តា ធម្មជាតិ មិនអាចបន្ទច់បង្អាក់ ការងាររាជរដ្ឋាភិបាលកម្ពុជា បានឡើយ
(កែប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីពិភពលោកបច្ចុប្បន្ន មិនអាចយកឈ្នះធម្មជាតិ ប៉ុន្ដែធម្មជាតិ ក៏មិនអាចបន្ទច់បង្អាក់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសបិទពិធីបុណ្យសមុទ្រ លើកទី១០ នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ។

សម្តេចធិបតី បានលើកឡើងថា ពិតណាស់ យើងមិនទាន់មានលទ្ធភាព គ្រប់គ្រងទៅលើអាកាសធាតុ គឺថា មាតាធម្មជាតិទាំងមូលទេ លើពិភពលោកនេះ។ ប៉ុន្ដែដំណើរការមាតាធម្មជាតិ ក៏មិនអាចរាំងស្ទះនូវដំណើរការវិវត្តន៍របស់យើង។ អាចរំខាន អាចធ្វើឱ្យពន្យាពេលខ្លះ ប៉ុន្ដែដំណើរ គឺទៅមុខ។ ជាក់ស្ដែងគឺការប្រារព្ធពិធីបុណ្យសមុទ្រ នៅខេត្តកែប តែម្ដង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះថ្លែងកោតសរសើរ ចំពោះក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នារៀបចំ និងអនុវត្ត ពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីទេសចរណ៍» នៅខេត្តកែបនេះយ៉ាងអធិកអធមផងដែរ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ


