សត្វក្រៀល ៨ក្បាលបានវិលត្រឡប់មករកចំណីនៅតំបន់បឹងព្រែកល្ពៅវិញ
(ភ្នំពេញ)៖ អង្គការជីវិតធម្មជាតិកម្ពុជាបានឱ្យដឹងថា៖ បន្ទាប់ពីបានចាកចេញទៅតំបន់ពងកូននៅភាគខាងជើងនៃប្រទេសកម្ពុជា មកដល់ពេលនេះសត្វក្រៀលចំនួន ៨ ក្បាលបានត្រឡប់មករកចំណីជាធម្មតាវិញនៅរដូវមិនបន្តពូជនៅតំបន់បឹងព្រែកល្ពៅ ខេត្តតាកែវ នាចុងខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងមក។
សត្វក្រៀលវាមានដងខ្លួនធំ ហើយខ្ពស់ ព៌ណប្រផេះ ក្បាលព៌ណក្រហម ដោយមានបន្ទូលក្បាលព៌ណប្រផេះ គ្មានរោម ចំពុះវែងត្រង់ ជើងក្រហមវែង និងជាប្រភេទសត្វស្លាបដែលមិនអាចទំលើដើមឈើបាន ។
ក្រៀលតែងចេញរកចំណីជាហ្វូង ដែលបន្តពូជមិនប្រមូលផ្តុំឡើយ។សត្វ ក្រៀល មានភក្តីភាពរវាងគូវា ដោយបន្តពូជតែញីមួយក្បាល ឈ្មោលមួយក្បាលប៉ុណ្ណោះ ។

ក្រសួងបរិស្ថានបានឱ្យដឹងនាកន្លងមកថា៖ សត្វក្រៀលតែងតែបង្ហាញវត្តមាននៅទីតាំង ៣ សំខាន់ គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៅខេត្តតាកែវ ដើម្បីរកចំណីបន្តការរស់នៅក្នុងតំបន់ដីសើមដែលសម្បូណ៍ចំណីនេះពីខែធ្នូដល់ខែកុម្ភៈរៀងរាល់ឆ្នាំ ខណៈ នៅរដូវពងកូន សត្វនេះនឹងផ្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ។
សត្វក្រៀលគឺជាសត្វដ៏កម្រនៅលើពិភលោក និងសត្វទាំងនេះក៏កំពុងត្រូវបានយកចិត្តទុកដាក់ការពារពីក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធសំដៅការពារឱ្យសត្វដ៏កម្រនេះឱ្យមានវត្តមាននៅកម្ពុជាយូរអង្វែងបន្តដល់កូនចៅជំនាន់ក្រោយបន្តទៀត ៕
ដោយ ៖ ម៉ាដេប៉ូ