ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធី “ អបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ” នៅសាលមហោស្រពកោះពេជ្រ
ភ្នំពេញ៖ នៅព្រឹក ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី “ អបអរសាទរ ទិវាជនមានពិការភាពលើកទី២៥ និង អន្តរជាតិលើកទី៤១ ” ដែលរៀបចំឡើងនៅសាលមហោស្រព កោះពេជ្រ រាជធានីភ្នំពេញ ។
ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១.៣ពាន់លាននាក់ នៃប្រជាជន នៅ លើ ពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ហើយ តែង តែ ជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ចាប់ពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្ន សំដៅ ផ្លាស់ប្ដូរស្ថានភាពរស់នៅរបស់ពួកគាត់ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយ ផ្តោតសំខាន់លើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងការធ្វើប រិ យា បន្ន ពិការភាពទៅគ្រប់សកម្មភាពនិងគ្រប់វិស័យក្នុងសង្គម រួមមាន សកម្មភាពនយោ បាយ សេដ្ឋកិច្ច សង្គម វប្បធម៌ សិល្បៈ និងកីឡា។
ដោយឡែកកម្ពុជា ប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំលឹកអំពីមហា វិនាស កម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុង នោះ រួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។ មរតកនៃសង្គ្រាម ក៏ បាន បន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយ ពាសពេញផ្ទៃ ប្រទេស ជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមី ដែលបានរកឃើញជាច្រើន នៅកម្ពុជា។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀត ដែល នាំឱ្យមានពិការភាព ដូចជាគ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ការងារ ពិការភាពពីកំណើត ចាស់ ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។ ដើម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ឆ្នាំ២០២៣ ត្រូវរៀបចំឡើងក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»។
ការរៀបចំទិវានេះ គឺជាការអបអរសាទរចំពោះជោគជ័យថ្មីៗ នៃវិស័យពិការភាព ដែលបង្ហាញពីឆន្ទៈដ៏មុះមុត និងយកចិត្តទុកដាក់របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗជា ប្រទេស ហត្ថលេខីនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព ដើម្បីបន្តលើកស្ទួយសុខុមាលភាព និងលើកកម្ពស់សិទ្ធិជនមានពិការគ្រប់រូបដោយ មិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និង និន្នាការនយោបាយអ្វីឡើយ។
ឆ្នាំ២០២៣នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទគន្លឹះមួយ ក្នុងគោលដៅ ជំរុញឱ្យមានការគិតគូរសមស្រប ដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នា ក្នុងឋានៈកម្ពុជា ជា ប្រទេស កំពុងអភិវឌ្ឍប៉ុន្តែមានការយកចិត្ត ទុកដាក់ក្នុងយុទ្ធសាស្ត្រនយោបាយ យ៉ាងជាក់ លាក់ សម្រាប់ការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណា ដើម្បីឈានទៅ សម្រេច ឱ្យខានតែបាននូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ពោល គឺការធ្វើឱ្យចេញ ជា រូប រាងផាសុកវត្ថុសម្រាប់ ជនមានពិការភាពតាមលទ្ធភាពដែលអាចធ្វើទៅបាននៅ ទូទាំង កម្ពុជា ព្រោះផាសុកវត្ថុ គឺជាការបង្កលក្ខណៈ ងាយស្រួលដល់ជនមាន ពិការភាព ចូលរួមគ្រប់សកម្មភាពក្នុងសង្គម ការប្រកួតប្រជែងសមត្ថភាពប្រកបដោយការច្នៃប្រឌិត ស្មើភាព និងតាមតម្រូវការជាក់ស្តែង។
ក្នុងសារលិខិតចូលរួមអបអរទិវាជនមានពិការភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ក្រសួង ស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារ ចំនួន ៣,៧៧៦នាក់ (ស្មើនឹង ២,០៥%) ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១នាក់។ ដោយឡែកវិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកា និងទទួលបាន វិញ្ញា បនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទូទាំង ប្រទេស ចំនួន ២៤១នាក់ និងមានជនមានពិការភាពចូលបម្រើការងារចំនួន ៣,៧៥៩ នាក់ ស្រ្តីមានពិការភាព ៣,៦៣១នាក់។ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំង ប្រទេសចំនួនជនមានពិការភាព ៧,៥៣៥នាក់កំពុងបម្រើការងារ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចដែរថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណ ពិការ ភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្នុងនោះមានជនមានពិការភាពចំនួន ២៨៨,៦៩០ នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មដោយជនបង្គោលឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផលិតបណ្ណសម្គាល់ជនមានពិការភាពបានចំនួន ២២២,១៤៨បណ្ណ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវការណែនាំមួយចំនួន ដើម្បីធានាថាជនមានពិការភាពនៅកម្ពុជា ទទួលបានសិទ្ធិសេរីភាព សុខុមាលភាព និងការចូលរួមយ៉ាងពេញលេញប្រកបដោយបរិយាបន្ន ក្នុងនោះមានដូចជា៖
ទី១៖ ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជន មាន ពិការ ភាពបន្ថែមទៀត រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់ រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មាន ឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។
ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ ពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការ បន្ត ពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធន ធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាព លើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ ជនមាន ពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិន ទុក ឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។
ទី៣៖ គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែ សម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯក ជន នានា ស្របតាមច្បាប់ស្ដីពីកិច្ចលើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។
ទី៤៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមាន ពិការភាពដែល មានលក្ខណសម្បត្តិ និង សមត្ថភាពឱ្យបំពេញមុខងារ តួនាទីទទួលខុសត្រូវក្នុងមុខ តំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើ ការងារ ជាមន្ត្រី រាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
ទី៥៖ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហ គ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹក នូវកាតព្វកិច្ចជ្រើស រើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារ ដូច អ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។
ទី៦៖ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និង ឯកជន ព្រមទាំងគ្រប់ប្រព័ន្ធ សារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយ មានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីមនុស្សគ-ថ្លង់ អាចទទួល ព័ត៌មាន បានទាន់ពេលវេលា។
ទី៧៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ច សហប្រតិ បត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្ក លក្ខណៈ ងាយស្រួលជូនជនមានពិការភាព ឱ្យទទួលបានបណ្ណបើកបរស្របតាម លទ្ធភាព សមត្ថ ភាព និងលក្ខណៈបច្ចេកទេសយានយន្ត៕
អត្ថបទ ៖ វណ្ណលុក, រូបភាព ៖ វេង លឹមហួត , សួង ពិសិដ្ឋ,ង៉ាន់ទិត្យ






