ក្រសួងកសិកម្មនឹងចងក្រង សហគមន៍កសិកម្ម ជួយកសិករដាំ ស្វាយចន្ទីដើម្បីផ្តល់ភាពងាយស្រួលរកទីផ្សារ

ក្រចេះ៖ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានដាក់ចេញនូវគោល នយោបាយក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះដ៏សំខាន់មួយគឺ យើងនឹង ចងក្រងជាសហគមន៍កសិកម្មដើម្បីឱ្យការដាំដុះស្វាយចន្ទីទាំងកសិករ និងអ្នកប្រមូលទិញផ្សារភ្ជាប់គ្នា ។វាជាយន្តការមួយផ្តល់ភាពងាយ ស្រួលទាំងក្នុងការផ្គត់ផ្គង់ និងផលិតគ្រាប់ស្វាយចន្ទីសមាមាត្រគ្នា ហើយវាស្ថិតនៅក្នុងតម្លៃមួយដែលអាចទទួលយកបានទាំងអស់គ្នា។នេះជាការបញ្ជាក់របស់លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង ជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ចាប្រមាញ់ និង នេសាទ។

ប្រាប់បណ្តាញដល់សារព័ត៌មានក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៣ក្នុងខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង លោកជំទាវ អ៊ឹម រចនា បានមានប្រសាសន៍ថា “តាមយន្តការដែលក្រសួង កសិកម្មនឹងត្រូវអនុវត្តនោះគឺយើងប្រមូលផ្តុំប្រជាកសិករដែលដាំដុះដំណាំកសិកម្មតាមប្រភេទ ដើីម្បីចងក្រងចូលជាសហគមន៍តែមួយ ដោយ ដំណើរការបែបដូចក្រុមហ៊ុនមួយអញ្ចឹង ។ក្នុងនេះនឹងមាននាយក គ្រប់គ្រង នាយកប្រតិបត្តិ មានគណនេយ្យ និងបុគ្គលិកផ្សេងៗទៀត ដែលគាត់បានយល់ច្បាស់ ពីខ្សែច្រវាក់ទាំងឡាយក្នុងផលិតផល ស្វាយ ចន្ទី នេះ ហើយនិងផ្សារភ្ជាប់ជាមួយកសិករតាមរយៈការចុះកុងត្រា” ។

លោកជំទាវអនុរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថានៅពេលបង្កើតសហគមន៍បានហើយនិងកសិករចុះកុងត្រារួចហើយ ក្រសួងធានាបានថា ប្រជា កសិករដែលដាំស្វាយចន្ទីនឹងផុ្គត់ផ្គង់គ្រាប់ចន្ទីទៅឱ្យ សហគមន៍ កសិកម្ម ទៅតាមគុណភាពដែលគេចង់បានដើម្បីយកទៅផលិតកែច្នៃ ហើយបញ្ចេញលក់ទាំងលើទីផ្សារក្នុងស្រុក និងខាងក្រៅប្រទេស។

គួរបញ្ជាក់ថា សម្រាប់ផ្ទៃដីដែលសមស្របក្នុងការដាំដំណាំ ស្វាយចន្ទី នៅកម្ពុជាមានប្រមាណ២,៣៨លានហិកតាខណៈពេលបច្ចុប្បន្នផ្ទៃដីដែលបានដាំដំណាំផ្លែចន្ទីមាន៧០ម៉ឺនហិកតាហើយទិន្នផលជាមធ្យមបានជាងមួយលានតោនក្នុងមួយឆ្នាំ។ក្នុងមួយលានតោនេះ ភាគច្រើន នាំ ចេញ ទៅកាន់ប្រទេសវៀតណាម។

ចំពោះខេត្តដែលសម្បូរទៅដោយដំណាំស្វាយចន្ទីមានដូចជាខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគីរី ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ឆ្នាំង៕អត្ថបទ៖ លោក ម៉ាដេប៉ូ,រូបភាព៖ លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner