កសិករទុយនីស៊ី ប្រើដ្រូនជួយដល់វិស័យកសិកម្ម ចំពេលមានការប្រែប្រួលអាកាសធាតុ
អាហ្វ្រិកខាងជើង៖ យន្តហោះដ្រូនមួយគ្រឿងត្រូវបានកសិករបង្ហោះត្រួតពិនិត្យពីលើជួរដើមក្រូច ដែលដាំនៅជិតទីក្រុងណាប៊ីល (Nabeul) ភាគខាងកើតប្រទេសទុយនីស៊ី។
យន្តហោះដ្រូនពណ៌ខ្មៅ ដែលបំពាក់ដោយកាមេរ៉ាពហុកែវ និងឧបករណ៍ចាប់សញ្ញា ត្រូវបានកសិករជនជាតិទុយនីស៊ីប្រើប្រាស់ជួយដល់វិស័យកសិកម្ម ដើម្បីសម្របខ្លួនទៅនឹងគ្រោះរាំងស្ងួត និងបញ្ហាអាកាសធាតុខុសប្រក្រតីជាច្រើនឆ្នាំ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។
លោក Yassine Gargouri ដែលជាប្រធានក្រុមកសិករនិយាយថា យើងទាំងអស់គ្នាសង្ឃឹមថា បច្ចេកវិទ្យាដែលយើងកំពុងប្រើប្រាស់សព្វថ្ងៃ នឹងអាចជួយដល់ការធ្វើកសិកម្មរបស់យើង ដែលនេះជាការបង្កើនប្រសិទ្ធភាពថ្មីមួយ។ ស្ថាបនិកក្រុមហ៊ុនសហគ្រិនវ័យក្មេង RoboCare អ្នកនាង Imen Hbiri បញ្ជាក់ថា យើងបានផ្តល់ជូនទាំងឧបករណ៍ និងអនុសាសន៍ដល់កសិករ ហើយយើងបានប្រាប់ពួកគេ ដោយផ្អែកលើទិន្នន័យប្រមូលបានទាំងអស់។
ក្នុងនោះមានទាំងលក្ខណៈនៃរុក្ខជាតិ អាយុកាលរបស់វា និងជីវជាតិដី ឬអ្វីៗដែលពួកគេត្រូវការ ដើម្បីសម្រេចបានទិន្នផលដែលពួកគេចង់បាន។ អ្នកនាងបន្តថា នៅពេលដែលកសិករប្រើប្រាស់បច្ចេកវិទ្យា ពួកគេអាចសន្សំសំចៃទឹកបានដល់ទៅ ៣០ភាគរយ, បង្កើនទិន្នផល ៣០ភាគរយ និងកាត់បន្ថយការចំណាយរហូតដល់ ២០ភាគរយ។ នោះហើយជាមូលហេតុ ដែលបច្ចេកវិទ្យាថ្មីៗមានសារៈសំខាន់ សម្រាប់កសិករនាពេលបច្ចុប្បន្ន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


