ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ៖ អ្នកពុំទទួលបានមេដាយកុំអស់ សង្ឈឹម សូម ត្រៀម ខ្លួនសម្រាប់កម្មវិធីប្រកួតផ្សេងៗទៀត

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរ សហព័ន្ធតេក្វាន់ដូ បានថ្លែងលើកទឹកចិត្តដល់ កីឡាករ កីឡាការិនី ទាំងអស់ដែលមកពីបណ្តាលក្លិបទូទាំងប្រទេស ដែលពុំបានទទួល បានជ័យលាភីមេដាយនៅក្នុងការប្រកួតជ្រើសរើសជើងឯកឆ្នាំ២០២៣នេះ កុំអស់សង្ឈឹម ឬបាក់ទឹកចិត្តឲ្យសោះ ត្រូវបន្តខិតខំហ្វឹកហាត់ ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមការប្រជែងនៅក្នុង ព្រឹត្តិការណ៍ការ ប្រកួតក្រោយៗទៀត ព្រោះការប្រកួតវាតែងតែ មានលទ្ធផល ចាញ់និងឈ្នះប៉ុណ្ណោះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានកោតសរសើរ និង ថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការ ប្រតិបត្តិ សហព័ន្ធ ដែលបានរៀបចំការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើស ជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងប្រព្រឹត្តទៅដោយរលូន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោត សរសើរចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំហ្វឹកហាត់ និងគោរពបទបញ្ជាប្រកួតបានយ៉ាងខ្ជាប់ខ្ជួន ទោះបីជាលទ្ធផលចាញ់ឬឈ្នះក៏ដោយ។

ឯកឧត្តមប្រធានសហព័ន្ធក៏បានថ្លែងអំណរគុណដល់ស្ថានទូតនៃសាធារណរដ្ឋកូរ៉េ ដែលបានឧបត្ថម្ភគាំទ្រ និងផ្តល់ឱកាសដល់ប្រភេទកីឡា តេក្វាន់ដូ WT ដើម្បីផ្សព្វផ្សាយក្បាច់គុនដល់ប្រជាពលរដ្ឋទូទៅផង ក៏ដូចជាការផ្តល់ឱកាសកីឡាករ កីឡាការិនីតេក្វាន់ដូ WT កម្ពុជា បានប្រកួត និងបង្ហាញនូវសមត្ថភាពបច្ចេកទេស និងទេពកោសល្យ រៀងៗខ្លួន។ ទន្ទឹមនឹងនេះ សូមគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទាំងអស់ ត្រៀមខ្លួនដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ នៃការប្រកួតកីឡា យុវជន អាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បើយោងតាមរបាយការណ៍ លោក គង់ សក្ខិដា អគ្គលេខាធិការរង ខេមរសហព័ន្ធតេក្វាន់ដូ បានគូសបញ្ជាក់ថា ការប្រកួតកីឡា តេក្វាន់ដូWT ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ បានដំណើរការពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ ដោយមានក្លិបកីឡាតេក្វាន់ដូ WT មកពីបណ្តារាជធានី-ខេត្ត ចូលរួមសរុប ចំនួន២៤ក្លឹប ស្មើនឹង ១៦០នាក់ ក្នុងនោះមាន កីឡាករកីឡាការិនី ប្រតិភូគ្រូបង្វឹក។ ជាលទ្ធផល ក្លិបក្រសួងមហាផ្ទៃ ឈរលេខ១ ដោយដណ្តើមបានមេដាយសរុប ១០គ្រឿង ក្នុងនោះមេដាយមាស ២ ប្រាក់៥, ចំណាត់ថ្នាក់លេខ២ ក្រសួងការពារជាតិ មេដាយសរុប ៨គ្រឿង ក្នុងនោះមេដាយមាស ៤គ្រឿង ប្រាក់១ និងសំរឹទ្ធ៣ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្លឹប Brain Storm ខេត្តបាត់ដំបង ដែលដណ្តើមបានមេដាយសរុបចំនួន ៤គ្រៀង ក្នុងនោះមានមេដាយមាស ២ និងសំរឹទ្ធ២គ្រឿង។

សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកឆ្នាំ២០២៣ បានធ្វើឡើង ក្នុងគោលដៅចំរាញ់កីឡាករកីឡាការិនីត្រៀមប្រមូលផ្តុំក្រុមជម្រើសជាតិ និងត្រៀមចូលរួមការប្រកួតកីឡាតេក្វាន់ដូ WT ជាលក្ខណៈអន្តរជាតិ នានា ពិសេសត្រៀមចូលរួមប្រកួតជម្រុះកីឡាអូឡាំពិករដូវក្តៅ នាខែមីនា ឆ្នាំ២០២៤ នៅប្រទេសចិន ៕

រូបភាព អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner