ឆ្នាំ២០២៣សត្វផ្សោតនៅទន្លេងមេគង្គកើនឡើង ដោយក្នុងនេះសត្វផ្សោតកើតថ្មី៨ក្បាល និង ស្លាប់៥ក្បាល

(ខេត្តក្រចេះ)៖ ក្នុងឆ្នាំ ២០២៣នេះ ចំនួនសត្វផ្សោតបានកើតថ្មីចំនួន ៨ក្បាល ខណៈការស្លាប់បាត់បង់ជីវិតសត្វប្រភេទដ៏កម្រនេះមានចំនួន ៥ក្បាល ។ បើប្រៀបធៀបក្នុងឆ្នាំ២០២២ សត្វផ្សោតបានស្លាប់ចំនួនរហូតដល់ ១១ក្បាល ។ នេះបើតាមការបញ្ជាក់ប្រាប់ពីសំណាក់លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងជាប្រធានឆ្មាំទន្លេ អភិរក្សសត្វផ្សោត នៅខេត្តក្រចេះ។

បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាន ក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ធំ ក្រចេះ និងស្ទឹងត្រែង លោក ម៉ុក ពន្លក បានឱ្យដឹងថា៖ “បច្ចុប្បន្នអ្នកអភិរក្សបានធ្វើការយាមកាមយ៉ាងយកចិត្តទុកដាក់ដើម្បីការពារសត្វផ្សោត ២៤ម៉ោងលើ២៤ម៉ោង សំដៅធ្វើយ៉ាងណាការពារសត្វផ្សោត និងគ្រោះថ្នាក់កើតចេញពីបញ្ហាអ្វីមួយឡើងដល់ពួកវា”។
លោកបានបញ្ជាក់បន្ថែមថា៖ក្នុងឆ្នាំ២០២២កន្លងមកសត្វផ្សោតបានស្លាប់ច្រើនរហូតដល់ ១១ក្បាល ប៉ុន្តែសម្រាប់ឆ្នាំ២០២៣នេះ ដែលគិតរហូតមកដល់ ដើមខែធ្នូ សត្វផ្សោត ដែលបាត់បង់ជីវិតទាំង ខេត្តក្រចេះនិងស្ទឹងត្រែងមានចំនួន៥ក្បាលប៉ុណ្ណោះ និងក្នុងនេះបានកើតចំនួន៨ក្បាល។ហេតុនេះឃើញថាការអភិរក្សរបស់យើងមានភាពល្អប្រសើរឡើង។
លោកបានថ្លែងដែរថា៖សម្រាប់ឆ្មាំទន្លេនៅខេត្តក្រចេះមានចំនួនសរុប៤៤នាក់ក្នុងនេះមាន១១ប៉ុស្តសម្រាប់ប្រចាំការ និង ដោយឡែកនៅកាំពី មាន៣ប៉ុស្ត ដែលក្នុងចំណោមប៉ុស្តទាំងនេះគឺសហការការពារនិងបង្រ្កាបបទល្មើស។សម្រាប់ការងាររបស់ឆ្នាំទន្លេបច្ចុប្បន្នគឺការពារការឆក់ត្រីដែលបង្កគ្រោះថ្នាក់ដល់សត្វផ្សោត ការដាក់មងក្រឡាធំ តាមអន្លង់ និងដាក់សន្ទូចរនងដែលមានប្រវែង វែងៗរាប់សិបម៉ែត្រ អាចយាយីដល់ជីវិតសត្វផ្សោត។សម្រាប់សត្វផ្សោតដែលស្លាប់កន្លងមកមានជាប់មង ជាប់សន្ទូច។ក្នុងយន្តការបង្រ្កាបនេះដែរ គេបានធ្វើការដកហូតមងចាប់ពីដើមឆ្នាំ២០២៣រហូតមកដល់ចុងខែធ្នូនេះមានប្រវែងជិត ២ម៉ឺនម៉ែត្រ ឧបករណ៍ឆក់ ១២គ្រឿង ទូកម៉ាស៊ីន៦គ្រឿង ហើយចាប់ឃាត់ខ្លួនជនល្មើស ឆក់ត្រីក្នុងតំបន់ហាមឃាត់ទៅកាន់តុលាការចំនួន២នាក់។
លោកបានថ្លែងបញ្ជាក់បន្ថែមថា៖សត្វផ្សោតគឺជាការទាក់ទាញលើវិស័យទេសចរណ៍ដ៏ខ្លាំងក្លា ។ដូចជានៅកាំពីខេត្តក្រចេះនេះមានភ្ញៀវទេសចរចូលកម្សាន្តទាំងភ្ញៀ់វជាតិ និងអន្តរជាតិ ។ ក្រៅពីនេះពលរដ្ឋនៅតំបន់នេះក៏ទទួលបាននូវចំណូលតាមរយៈវិស័យទេសចរណ៍ដែលធ្វើឱ្យជីវភាពល្អប្រសើរឡើង។

លោក នុត រិទ្ធិ អ្នកដឹកនាំអភិរក្សផ្សោតព្រែកកាំពីបានឱ្យដឹងថា៖សត្វផ្សោតនៅកាំពីមានចំនួនចន្លោះពី ៣៥ដល់ ៤០ក្បាល ។ រៀងរាល់ ១២នាទីម្តងសត្វទាំងនេះតែងងើបមកលើទឹកដើម្បីដកដង្ហើមម្តង ។ ឱកាសនោះហើយដែលយើងអាចមើលឃើញរូបរាង និងទិដ្ឋភាពដ៏ស្រស់ស្អាតនៃសត្វទាំងនេះ ។

លោកបានបញ្ជាក់បន្ថែមថា៖សត្វផ្សោតនៅព្រែកកាំពីត្រូវបានការពារ និង អភិរក្សយ៉ាងតឹងរឹង។នារដូវទឹកស្រកពេលត្រីចុះមក អ្នកនេសាទត្រីក៏ច្រើន ហេតុនេះគេក៏ត្រូវការពារឱ្យម៉ត់ចត់ចៀសវាងគ្រោះថ្នាក់ដល់សត្វដ៏មានតម្លៃមិនអាចកាត់ថ្លៃបានទាំងនេះ។

គួរបញ្ចាក់ថា៖ អន្លង់ផ្សោតកាំពី ជារមណីយដ្ឋានធម្មជាតិស្ថិតនៅភូមិកាំពី ឃុំសំបុក ស្រុក ចិត្របុរី ខេត្តក្រចេះ។ អន្លង់ផ្សោតកាំពីជាអន្លង់មួយធំជាង គេក្នុងចំណោម អន្លង់ ទាំង ៥កន្លែងនៅក្នុងខេត្តក្រចេះ ដែលនៅទីនោះមានផ្សោតប្រមាណជាង ៣៥-៤០ក្បាល ។ រមណីយដ្ឋានអន្លង់ផ្សោតកាំពីត្រូវបានបង្កើតឡើងនៅចុង ឆ្នាំ១៩៩៩៕

អត្ថបទ៖លោក ជិន ម៉ាដេប៉ូ,រូបភាព៖លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner