Smart Axiata និង CheckinMe សហការគ្នាដឹកនាំវិស័យធនធានមនុស្សកម្ពុជា ឆ្ពោះទៅកាន់ឌីជីថល
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata និង CheckinMe នៅថ្ងៃទី៤ ខែធ្នូនេះ ចាប់ដៃគ្នាក្នុងភាពជាដៃគូក្នុងគោលបំណងធ្វើបដិវត្តន៍ និងឌីជីថលនីយកម្មលើប្រព័ន្ធធនធានមនុស្សនៅកម្ពុជា។ ក្រុមហ៊ុនទាំងពីរបានសហការរៀបចំសិក្ខាសាលា “HR Go Digital” ដែលបានប្រព្រឹត្តទៅដោយជោគជ័យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅទន្លេបាសាក់២ រាជធានីភ្នំពេញ។
លោកស្រី Mila Jivkova Kusheva ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart មានប្រសាសន៍ថា យើងមានសេចក្តីរំភើបរីករាយដែលបានសហការជាមួយ CheckinMe ដោយសារយើងជឿជាក់យ៉ាងមុតមាំលើឥទ្ធិពលវិជ្ជមាន នៃដំណោះស្រាយបែបឌីជីថល។ សិក្ខាសាលា “HR Go Digital” បង្ហាញពីការបើកទំព័រថ្មី សម្រាប់វិស័យធនធានមនុស្សនៅកម្ពុជាតាមរយៈបច្ចេកវិទ្យា ដែលជំរុញប្រសិទ្ធភាពសម្រួលដល់ដំណើរការ និងជួយជំរុញអាជីវកម្មឱ្យកាន់តែមានភាពរីកចម្រើនក្នុងយុគសម័យឌីជីថល។

ជាមួយគ្នានេះ លោក ឡី កំថូង នាយកប្រតិបត្តិ និងជាសហស្ថាបនិកនៃក្រុមហ៊ុន CheckinMe បានសម្តែងនូវក្តីរីករាយដោយមានប្រសាសន៍ថា យើងពិតជារំភើបក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុន Smart និងរួមបញ្ចូលគ្នានូវជំនាញរបស់យើងដើម្បីធ្វើបដិវត្តន៍លើផ្នែកធនធានមនុស្សនៅកម្ពុជា។ ដំណោះស្រាយដ៏ទំនើបរបស់យើង នឹងជួយឱ្យអាជីវកម្មមានភាពប្រសើរឡើង លើដំណើរការធនធានមនុស្សរបស់អាជីវកម្ម ធ្វើឱ្យមានភាពប្រសើរឡើងនូវការគ្រប់គ្រងបុគ្គលិក ដែលមានទេពកោសល្យ បង្កើនប្រសិទ្ធភាព និងផលិតភាពការងាររបស់អង្គភាពទាំងមូល។

សូមបញ្ជាក់ថា ភាពជាដៃគូរបស់ Smart និង CheckinMe បង្ហាញតាមរយៈភាពជោគជ័យនៃសិក្ខាសាលា “HR Go Digital” ដែលត្រួសត្រាយផ្លូវសម្រាប់ការផ្លាស់ប្តូរធនធានមនុស្សទៅកាន់ឌីជីថលនៅកម្ពុជា។ ជាមួយនឹងចក្ខុវិស័យរួមគ្នានៃការផ្តល់អំណាចដល់អាជីវកម្ម តាមរយៈបច្ចេកវិទ្យាធនធានមនុស្សប្រកបដោយភាពច្នៃប្រឌិត។ កិច្ចសហការនេះចង្អុលបង្ហាញផ្លូវដល់អង្គភាពអំពីដំណើរការ និងការរីកចម្រើនលើផ្នែកធនធានមនុស្សក្នុងយុគសម័យឌីជីថល។ ក្នុងអំឡុងព្រឹត្តិការណ៍នេះ Smart និង CheckinMe បានបង្កើតភាពជាដៃគូជាផ្លូវការជាមួយនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)។ ភាពជាដៃគូនេះត្រូវបានធ្វើឡើងដើម្បីនាំមកនូវវឌ្ឍនភាពដ៏សំខាន់ដល់វិស័យធនធានមនុស្សនៅកម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្មគ្រប់ទំហំ៕



អត្ថបទ៖ ឈឹម ទីណា