ការផ្តល់ថវិកា ជួយគាំទ្រដំណើរការប្រព្រឹត្តទៅរបស់សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីទទួលលទ្ធផលកាន់តែល្អប្រសើរ
(ភ្នំពេញ)៖ កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និង បរិយាបន្ន (ផ្នែកនេសាទ) (CAPFISH-Capture) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប អនុវត្តដោយរដ្ឋបាលជលផល បានសម្រេចផ្តល់ថវិកាជួយគាំទ្រដំណើរការប្រព្រឹត្ត និង អនុវត្តផែនការសកម្មភាពរបស់សហគមន៍នេសាទ និង សហគមន៍ស្រះជម្រកត្រី នៅកម្ពុជាចាប់ពីឆ្នាំ២០២0 មកដល់បច្ចុប្បន្ន ក្នុងគោលដៅពង្រឹងការអភិរក្ស និងគ្រប់គ្រងធនធានជលផលប្រកបដោយប្រសិទ្ឋភាពនិងនិរន្តរភាព តាមរយៈការចូលរួមដោយប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន ។
ថ្លែងក្នុងពិធីបើកបើកសិក្ខាសាលាបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីគោលការណ៍ណែនាំគ្រប់គ្រងថវិកាសម្រាប់ដំណើរការអភិវឌ្ឍសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី និងពិធីប្រគល់វិញ្ញាបនបត្រនៅសណ្ឋាគារភ្នំពេញ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានឱ្យដឹងថា “សហគមន៍នេសាទមានវិសាលភាពគ្របដណ្តប់លើភាគច្រើននៃតំបន់គ្រប់គ្រងជលផលទាំងនៅទឹកសាប និងតំបន់ឆ្នេរ ចំណែកសហគមន៍ស្រះជម្រកត្រីត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងស្រះរួមនៅតាមភូមិឃុំដើម្បីអភិរក្សត្រីមេពូជនៅរដូវប្រាំង ដែលត្រីមេពូជទាំងនេះពងកូន និងធំធាត់ដោយ តភ្ជាប់ទៅតំបន់វាលស្រែ និងវាលទំនាបនៅរដូវវស្សា ។

ឯកឧត្តបានបញ្ជាក់បន្ថែមថា៖សហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រីទាំងនោះ ដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការចូលរួមការអភិរក្ស ការការពារ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានជលផលនៅកម្ពុជាឱ្យមាននិរន្តរភាព ដែលទាមទារឱ្យ សហគមន៍មានសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ក្រៅពីនេះ សហគមន៍ត្រូវពង្រឹងភាពជាម្ចាស់ ចូលរួមគ្រប់គ្រងធនធាន ជលផល និងលុបបំបាត់បទល្មើសនេសាទនៅតាមសហគមន៍នេសាទ ។

លោក EVERAERT Koen អនុប្រធានផ្នែកសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា “ចាប់តាំងពីឆ្នាំ២០២០មក កម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្ន (ផ្នែកនេសាទ) ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប បានផ្តល់ថវិកាចំនួន៤លានរៀល (ប្រមាណ ១០០០ ដុល្លារសហរដ្ឋអាមេរិក) ដល់សហគមន៍នីមួយៗ។ សហគមន៍ចំនួន១៥០ បានទទួលថវិកាក្នុងឆ្នាំ២០២០ និងបានបង្កើនចំនួនសហគមន៍ដល់២៥០ ក្នុងការទទួលបានថវិកា ដែលក្នុងនោះមាន១៥០សហគមន៍ នេសាទនៅ១៥ខេត្តគោលដៅដែលស្ថិតក្រោមការសម្របសម្រួលដោយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ និង១០០សហគមន៍ស្រះជម្រកត្រី នៅ១១ខេត្តគោលដៅដែលស្ថិតក្រោមការសម្របសម្រួលដោយនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម។ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ យើងបានបន្តផ្តល់ថវិកាជូនសហគមន៍ចំនួន២៥០ដដែល”។
អ្នកស្រី Rebekah Bell នាយកប្រចាំប្រទេសនៃអង្គការFAOបានបញ្ជាក់ដែរថា ៖ តាមរយៈជំនួយឧបត្ថម្ភ ការបណ្តុះបណ្តាលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយដល់ការផ្លាស់ប្តូរជីវភាពនៃសហគមន៍នេសាទនិងសហគមន៍ស្រះជម្រកត្រី។ពួកគាត់មានមុខរបររឹងមាំ និងស្ថេរភាពថែមទៀត៕

អត្ថបទ៖លោក ម៉ាដេប៉ូ,រូបភាព៖លោក រិន រចនា