ព្រឹទ្ធសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័នសភា ស្តីពី អត្រានុកូលដ្ឋាន និងការចុះបញ្ជីកំណើតនៅកម្ពុជា
(ភ្នំពេញ)៖ រយៈពេល ២ថ្ងៃ គឺថ្ងៃទី៤ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ព្រឹទ្ធសភា កម្ពុជា បានធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័នសភា ស្តីពី អត្រានុកូលដ្ឋាន និងការចុះបញ្ជីកំណើតនៅកម្ពុជា ដែលកិច្ចសហប្រតិបត្តិការអន្តរសភានេះ ឆ្លុះបញ្ចាំងពីភាពកាន់តែរឹងមាំបន្ថែមទៀត និងភាពសម្បូរបែបរបស់ហ្រ្វង់កូហ្វូនី ដែលជាលទ្ធផលផ្លែផ្កា ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូ ជាអាទិ៍ រវាងសភាកម្ពុជា ជាមួយនឹងសភាប្រើភាសាបារាំងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងមជ្ឈមណ្ឌលសភាអាស៊ី។
ឯកឧត្ដម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានឱ្យដឹងថា សិក្ខាសាលារយៈពេល ២ថ្ងៃនេះ នឹងធ្វើឱ្យមានការផ្លាស់ប្តូរព័ត៌មានប្រកបដោយផលប្រយោជន៍ខ្ពស់ ដើម្បីបង្កើនមានប្រសិទ្ធភាព និងគុណភាពនៃការអនុវត្តគ្រប់ទិដ្ឋភាពជាក់ស្ដែងពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន និងការចុះបញ្ជីកំណើតនៅកម្ពុជា ។

លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន អនុប្រធានក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង និងជាប្រធានបណ្តាញស្រ្តីសភា នៃក្រុមសភាជាតិកម្ពុជា-សភាប្រើភាសាបារាំង មានប្រសាសន៍ថា ការជ្រើសរើសប្រទេសកម្ពុជា ឲ្យធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលានៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះជាភស្តុតាងមួយបន្ថែម បង្ហាញពីចក្ខុវិស័យជាសកលរបស់ហ្រ្វង់កូហ្វូនី និងការផ្តល់ទំនុកចិត្តមកប្រទេសយើងខ្ញុំ លើសមត្ថភាព និងលទ្ធភាពក្នុងការទទួលរៀបចំ និងគាំទ្រជួយឲ្យបានសម្រេចនូវគោលបំណងនៃសិក្ខាសាលានេះ។
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី មានប្រសាសន៍បន្ថែមថា ប្រធាននៃសិក្ខាសាលានេះ មានជាអាទិ៍៖
-ការចុះបញ្ជីកំណើតជាសាកល និងការប្រយុទ្ធប្រឆាំងបញ្ហា កុមារគ្មានអត្តសញ្ញាណ បុព្វហេតុសាកល និងក្នុងកម្រិតតំបន់
-ក្របខណ្ឌគតិយុត្ត និងកិច្ចដំណើរការកែលម្អ
-តួនាទីរបស់សភាក្នុងការអភិវឌ្ឍការចុះបញ្ជីអត្រានុកូលដ្ឋាន។
ប្រធានបទទាំងនេះ បានដាក់បញ្ចូលនៅក្នុងផែនការយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល កម្ពុជា សម្រាប់ឆ្នាំ២០១៧ ដល់ឆ្នាំ២០២៦ ស្តីពីការកំណត់អត្តសញ្ញាណ ហើយការអនុវត្តផែនការយុទ្ធសាស្រ្តនេះ បានស្តែងឱ្យឃើញពីប្រសិទ្ធភាពនៃការប្រមូលទិន្ន័យ និងស្ថិតិ ការកើនឡើង និងការបណ្តុះបណ្តាលអំពីប្រភពធនធានមនុស្ស ការប្រមូលទិន្ន័យតាមរយៈសេវាកម្មចល័ត និងការកែលម្អលក្ខន្តិកៈចំពោះបុគ្គលដែលគ្មានសញ្ជាតិ និងការដាក់ឱ្យអនុវត្តជាបណ្តើរនូវសេវាកម្មឌីជីថលអត្រានុកូលដ្ឋាននៅថ្នាក់មូលដ្ឋាន។
សូមបញ្ជាក់ថា សិក្ខាសាលាផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័នសភា ស្តីពី អត្រានុកូលដ្ឋាន និងការចុះបញ្ជីកំណើតនៅកម្ពុជា រៀបចំឡើងដោយសភាកម្ពុជា សហការរៀបចំជាមួយសភា APF ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងមជ្ឈមណ្ឌលសភាអាស៊ី ។

ប្រធានបទវគ្គសិក្ខាសាលានេះ មានចែងនៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៣-២០៣០ នៃសភាប្រើភាសាបារាំង ដែលក្នុងនោះ មានលើកឡើងជាពិសេស សម្រួលដល់អភិបាលកិច្ចនៃប្រទេសរបស់យើង តាមរយៈការពង្រឹងអត្រានុកូលដ្ឋាន បរិយាបន្នសង្គម ហើយថែមទាំងមានសារសំខាន់សម្រាប់ស្រ្តី និងយុវជនផងដែរ ។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់សិទ្ធិ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ (មាត្រា៣១ និងមាត្រា៣២) ពាក់ព័ន្ធ នឹងការគោរពសិទ្ធិកុមារ និងសិទ្ធិពលរដ្ឋ និងសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។
លើសពីនេះទៀត សភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់ស្តីពី អត្រា- នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ក្នុងគោលបំណងផ្តល់នូវឯកសារគតិយុត្តដ៏សំខាន់ចាំបាច់ជូនប្រជាពលរដ្ឋ ដែលទាក់ទងនឹង កំណើត អាពាហ៍ពិពាហ៍ និងមរណភាព។
ហេតុដូច្នេះ ចាប់តាំងពីកំណើតរហូតដល់មរណភាព បុគ្គលគ្រប់រូបត្រូវតែបានទទួលស្គាល់ជាផ្លូវការ ដើម្បីទទួលបានអត្ថប្រយោជន៍នូវសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនក្នុងគោលបំណងប្រើប្រាស់និងទាញផលប្រយោជន៍អំពីសិទ្ធិនិងកាតព្វកិច្ចនេះ ក្នុងន័យធានាបាននូវសុខមាលភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ៕

ដោយ / គ្រី សម្បត្តិ