ប្រធានាធិបតីតៃវ៉ាន់ថា មុនគូសសន្លឹកឆ្នោត ត្រូវគិតពីស្ថានភាពដែលបានកើតឡើងនៅហុងកុង
តៃប៉ិ៖កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉េន (Tsai Ing-wen) បានអំពាវនាវដល់ពលរដ្ឋតៃវ៉ាន់ទាំងអស់ដែលនឹងទៅបោះឆ្នោតនៅខែក្រោយថា សូមគិតមើលពីទង្វើរបស់ចិនដីគោកដែលបាននិងកំពុងធ្វើទៅលើទីក្រុងហុងកុង មុននឹងសម្រេចគូសសន្លឹកឆ្នោត។ លោកស្រីក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការគាំទ្រ និងលើកកម្ពស់សន្តិភាព និងការពង្រឹងវិស័យការពារជាតិផងដែរ។
ក្នុងរយៈពេលនេះ តៃវ៉ាន់កំពុងរៀបចំត្រៀមខ្លួនសម្រាប់ការបោះឆ្នោតប្រធានាធិបតី និងការបោះឆ្នោតសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។ ទន្ទឹមនឹងនេះ ប្រទេសចិនដែលតែងតែអះអាងថាដែនកោះមួយនេះជាខេត្តរបស់ខ្លួន បានបង្កើនសម្ពាធខាងផ្នែកយោធា ដោយបានធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ចំនួនពីរលើកមកហើយ កាលពីខែសីហា ឆ្នាំ២០២២ និងខែមេសា ឆ្នាំ២០២៣ ។
កន្លងមក គណបក្សគួមីនតាង (KMT) ដែលជាបក្សប្រឆាំងនៅតៃវ៉ាន់ និងមានទំនោទៅរកចិន តែងតែបានប្រកាសថាការបោះឆ្នោតលើកនេះគឺជាការជ្រើសរើសរវាងសង្រ្គាម និងសន្តិភាព។ គួរដឹងដែរថា ប្រទេសចិនមិនចុះសម្រុងគ្នាជាមួយគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាបក្សកំពុងកាន់អំណាចនៅតៃវ៉ាន់ និងបេក្ខជនប្រធានាធិបតីរបស់ពួកគេគឺលោកអនុប្រធានាធិបតី ឡៃ ឈីងតេ (Lai Ching-te)។ ចិនថែមទាំងបានចាត់ទុកគណបក្សនេះថាជាក្រុមបំបែកខ្លួនដ៏គ្រោះថ្នាក់បំផុតទៀតផង។
លោកស្រី សៃ បានថ្លែងរិះគន់បក្សប្រឆាំងនៅក្នុងយុទ្ធនាការបោះឆ្នោតគាំទ្រលោក ឡៃ ក្នុងទីក្រុងតៃប៉ិថា ក្រុមប្រឆាំងបានប្រើពាក្យពេចន៍បន្លាចដ៏គួរឱ្យបារម្ភ ពោលគឺពាក្យថាសង្គ្រាម និងសន្តិភាព។ លោកស្រីបានសួរ និងឆ្លើយដោយខ្លួនឯងទៅកាន់អ្នកចូលរួមនៅទីនោះថា “តើមានអ្នកណាខ្លះចង់ឱ្យមានសង្គ្រាមកើតឡើងទេ? គ្មានអ្នកណាម្នាក់ចង់នោះទេ”។ លោកស្រីបានគូសបញ្ជាក់ពីបំណងប្រាថ្នារបស់តៃវ៉ាន់ ដែលចង់បានសន្តិភាពដ៏ថ្លៃថ្នូរ មិនមែនជាប្រភេទសន្តិភាពដែលកំពុងកើតមាននៅក្នុងទីក្រុងហុងកុងនោះទេ។
ទីក្រុងហុងកុង ដែលធ្លាប់ជាអតីតតំបន់អាណានិគមរបស់អង់គ្លេស ត្រូវបានប្រគល់ជូនទៅឱ្យចិនគ្រប់គ្រងវិញនៅឆ្នាំ១៩៩៧ ដោយចិនបានសន្យាថានឹងផ្ដល់ស្វ័យភាពដល់ទីក្រុងមួយនេះ ក្រោមគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ»។ គោលការណ៍នេះក៏ត្រូវបានប្រទេសចិនស្នើផ្តល់ជូនដល់តៃវ៉ាន់ផងដែរ ប៉ុន្តែពលរដ្ឋនៅលើកោះមួយនេះហាក់មានការគាំទ្រតិចតួចប៉ុណ្ណោះ។
ចាប់តាំងពីឆ្នាំ២០២០ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ចេញច្បាប់សន្តិសុខជាតិដ៏តឹងរឹងមួយទៅលើទីក្រុងហុងកុង ដោយលើកហេតុផលពីសារៈសំខាន់ក្នុងការស្តារស្ថិរភាពឡើងវិញ បន្ទាប់ពីទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកដ៏សំខាន់មួយនេះ ត្រូវបានជួបនឹងបទពិសោធបាតុកម្ម និងកុបកម្មតវ៉ាប្រឆាំងរដ្ឋាភិបាលហុងកុង និងប្រឆាំងចិនដោយហិង្សាយ៉ាងខ្លាំងក្លាក្នុងឆ្នាំ២០១៩។
សូមបញ្ជាក់ថា លោកស្រី សៃ មិនអាចឈរឈ្មោះបោះឆ្នោតឡើងវិញបានទេ ដោយសារតែផុតអាណត្តិបន្ទាប់ពីលោកស្រីបានដឹកនាំចំនួនពីរអាណត្តិជាប់ៗគ្នា។ ក្រោមអាណត្តិដឹកនាំរបស់លោកស្រី មេដឹកនាំរូបនេះតែងតែបានផ្តោតលើការពង្រឹងវិស័យការពារជាតិរបស់តៃវ៉ាន់។ គោលជំហររបស់គណបក្សដែលលោកស្រីដឹកនាំ គឺមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចកំណត់ជោគវាសនារបស់កោះតៃវ៉ាន់បាន ហើយក៏ធ្លាប់បានស្នើសុំចរចាជាមួយចិនផងដែរ ប៉ុន្តែសំណើទាំងនោះត្រូវបានបដិសេធ។
នៅក្នុងការឃោសនាបោះឆ្នោត លោកស្រី សៃ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនសមត្ថភាពវិស័យការពារជាតិដើម្បីសន្តិភាព ដោយមិនមានបំណងបង្ករឿងដល់ប្រទេសជិតខាងណាមួយនោះទេ។ លោកស្រីបានបញ្ជាក់ពីការតាំងចិត្តការពារសេចក្តីថ្លៃថ្នូររបស់កោះតៃវ៉ាន់ និងធានាពង្រឹងកងកម្លាំងដើម្បីរក្សាសន្តិភាព។
ដោយឡែក បេក្ខជនប្រធានាធិបតីមកពីគណបក្សគួមីនតាង លោក ហ៊ូ យូអ៊ី (Hou Yu-ih) បានព្រមានថា ការដែលពលរដ្ឋតៃវ៉ាន់ទៅបោះឆ្នោតឱ្យគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ នឹងអាចនាំទៅរកភ្លើងសង្គ្រាម ដោយសារតែការគាំទ្ររបស់ពួកគេចំពោះឯករាជ្យភាពនៃកោះតៃវ៉ាន់៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia Think of what happened to Hong Kong when you vote, Taiwan president says