យោធាចិនចោទប្រកាន់អាមេរិកថា បានរំលោភដែនអធិបតេយ្យភាពក្រោយការបើក​នាវាចូលដែន​ទឹកខ្លួនដោយខុសច្បាប់

ប៉េកំាង៖យោធាចិននាថ្ងៃទី៤ ខែ​ធ្នូនេះបានអះអាងថា កប៉ាល់ប្រយុទ្ធរបស់អាមេរិកមួយគ្រឿង បានចូលដែន​ទឹករបស់ខ្លួន ស្ថិតនៅតំបន់កោះ Thomas Shoal ដែលជាតំបន់ជម្លោះដ៏ក្ដៅនៃ​សមុទ្រចិន​ខាងត្បូង។​

តាមរយៈការលុកលុយដោយខុសច្បាប់របស់អាមេរិកបែបនេះ អ្នកនាំពាក្យរបស់យោធា​ចិនបាន និយាយដោ​យសង្កត់ធ្ងន់​ថា ​៖ «អាមេរិក​បាន​ធ្វើ​ឱ្យ​ខូច​ខាត​យ៉ាង​ខ្លាំង​ដល់​សន្តិភាព និង​ស្ថេរភាព​ក្នុង​តំបន់។ សហរ​ដ្ឋអាមេរិក​មានចេតនារំខានដល់​សមុទ្រចិនខាងត្បូង និងបានរំលោភយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យភាព​រ​បស់ចិន»។​

អ្នកនាំពាក្យយោធាចិនដដែល បាននិយាយទៀតថា កងទ័ពរំដោះប្រជាជនចិនបានរៀបចំកងទ័ពដែន​សមុទ្រ​​ដើម្បី​តាមដាន និងត្រួតពិនិត្យនាវាអាមេរិក ហើយថាកងទ័ពរបស់ខ្លួនដែលកំពុងនៅក្នុង​តំបន់នោះស្រា​ប់ មានការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលាដើម្បីការពារអធិបតេយ្យភាព​ជាតិយ៉ាងម៉ឺងម៉ាត់។​

យ៉ាងណាក៏ដោយ មិនត្រឹមតែអាមេរិកប៉ុណ្ណោះទេ ប្រទេស​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង​មួយ​ចំនួន​ជុំវិញ​ការ​ទាមទារ​ដែន​ទឹក​យ៉ាង​ទូលំទូលាយនៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងផងដែរ។​

ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះផងដែរ ចិនក៏មានការប្រឈមមុខដាក់គ្នាជាច្រើនលើក ច្រើនសារ​ជាមួយ​នាវាហ្វីលីពីន ព្រមទាំងបានតវ៉ាពីវត្តមានកប៉ាល់អាមេរិកដែលកំពុងល្បាតនៅតំបន់ជម្លោះ​ទៀតផង។​

លើសពីនេះទៅទៀត កាលពីថ្ងៃទី៣ ខែធ្នូកន្លងមកនេះ ឆ្មាំសមុទ្រហ្វីលីពីនថែមទាំងបានដាក់ពង្រាយ​នាវារបស់ខ្លួនចំនួនពីរ​ ដើម្បី​តាមដាន​វត្តមាន​របស់​កប៉ាល់​ចិន​ខុសច្បាប់​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ដែលត្រូវបានហ្វីលីពីនហៅ​ថា «សមុទ្រហ្វីលីពីនខាងលិច»៕ 

ប្រែសម្រួល៖កែវ បុស្បា

ប្រភព៖ China’s military says US combat ship illegally entered territorial waters in South China Sea

ads banner