អាមេរិក​​នឹង​​ដា​ក់​ពង្រាយ​​មី​ស៊ី​​ល​បាញ់​ពី​ដី​​​​​នៅ​​​ឥណ្ឌូ​​ប៉ាស៊ីហ្វិក​​​ក្នុង​​ឆ្នាំ​​២០២៤​ ដើម្បី​ទប់​ទល់​ឥទ្ធិពល​ចិន​

អ្នក​​​នាំ​ពាក្យ​​​​កង​ទ័ព​​អាមេរិក​ប្រចាំ​តំបន់​​ប៉ាស៊ីហ្វិក​ ​​បាន​ប្រាប់​កាសែត​ជប៉ុន​​ Nikkei ​ថា​ យោធា​អាមេរិក​គ្រោង​នឹង​ដាក់​ពង្រាយ​មីស៊ីល​​រយៈ​ចម្ងាយ​មធ្យម​ដែល​បាញ់​ពី​លើ​ដី​​ ​​នៅ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ក្នុង​ឆ្នាំ​ ២០២៤ ​ដើម្បី​​បង្កើត​ឃ្លាំង​អាវុធ​​របស់​ខ្លួន​ជា​លើក​​ដំបូង​នៅ​តំបន់​នេះ​ចាប់​តាំង​ពី​ចុង​បញ្ចប់​នៃ​សង្គ្រាម​ត្រជាក់​មក​ ក្នុង​បំណង​បង្កើន​ការ​ទប់​ទល់​ប្រឆាំង​នឹង​ចិន​។ ​

​អ្នក​នាំ​ពាក្យ​ លោក​ Rob Phillips ​​​បាន​​បញ្ជាក់​​ពី​​ផែនការ​​នេះ ​​ទៅ​​កាន់​ Nikkei​ ​ក្នុង​អត្ថបទ​ដែល​​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​​ទី​ ៣ ខែ​ធ្នូ​ ឆ្នាំ២០២៣​។ ​ជម្រើសមីស៊ីល​​ដែល​អាមេរិក​កំពុង​​ពិចារណា​ រួម​មាន​មីស៊ីល​ ​​Standard Missile-6 (SM-6) ​និង​មីស៊ីល​គ្រូស​ Tomahawk។

គេ​មើល​ឃើញ​ថា​ ការ​ដាក់​ពង្រាយ​នេះ​នឹង​ធ្វើ​ឡើង​​ជា​លើក​ដំបូង​ រាប់​ចាប់​តាំង​ពី​សន្ធិសញ្ញា​កង​កម្លាំង​នុយក្លេអ៊ែរ​​មធ្យម​ (INF) ​បា​ន​ផុត​កំណត់​នៅ​ឆ្នាំ​ ២០១៩​​។​ កតិកា​សញ្ញា​ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​សហភាព​សូវៀត​ក្នុង​ឆ្នាំ​ ១៩៨៧ មួយ​នេះ​ ​បាន​ហាម​ប្រាម​ប្រទេស​នានា​ពី​ការ​អភិវឌ្ឍន៍​ និង​កាន់​កាប់​មីស៊ីល​​បា​ញ់​ពី​​ដី​​ ដែល​មាន​រយៈ​ចម្ងាយ​ ៥០០​ គីឡូម៉ែត្រ​​ ទៅ​ ៥ ៥០០ ​គីឡូម៉ែត្រ​។​

​ចិន​​បា​ន​​បន្ត​​​ផលិត​​​មីស៊ីល​រយៈ​​ចម្ងាយ​​មធ្យម​ ​ខណៈ​​អាមេរិក​ជាប់​ក្នុង​សន្ធិ​សញ្ញា ​INF​។ បើ​តាម​របាយ​កា​រណ៍​ប្រចាំ​ឆ្នាំ​របស់​មន្ទីរបញ្ចកោណ​ស្តី​ពី​​កម្លាំង​​យោធា​របស់​ចិន​ ​បច្ចុប្បន្ន​ចិន​​មាន​​មីស៊ីល​ចំនួន​ ១ ៥០០ ដើម​ ដែល​​អាច​បាញ់​បាន​ចម្ងាយ​ពី​ ១ ០០០-៥ ៥០០ គីឡូម៉ែត្រ​​។  ​

ជុំ​វិញ​ការ​ដាក់​ពង្រាយ​ថ្មី​របស់​អាមេរិក​ លោក​ Phillips ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទី​កន្លែង​ និង​ពេល​​ណា​ដែល​ការ​ដាក់​ពង្រាយ​នឹង​ធ្វើ​ឡើង​នោះ​ទេ​។

យ៉ាង​ណា​មិញ​ អ្នក​វិភាគ​បាន​និយាយ​ថា​ ​​កង​ទ័ព​អាមេរិក​នឹង​បញ្ជូនអង្គភាព​​​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ជា​ចម្បង​ទៅ​កាន់​កោះ​ហ្គាំម​​​របស់​ខ្លួន​ ​​ដើម្បី​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​​ការ​ដាក់​ពង្រាយ​​​បន្ថែម​ទៀត​ទៅ​កាន់​សម្ព័ន្ធ​មិត្ត​អាស៊ី​ក្នុង​គ្រា​អាសន្ន​។​ ​ហើយ​ដើម្បី​ឆ្លើយ​​ត​ប​ទៅ​នឹង​វិបត្តិ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ ឬ​សមុទ្រ​ចិន​ខាង​ត្បូង​ ​អាមេរិក​តម្រូវ​ឱ្យ​មាន​មីស៊ីល​ដែល​អាច​បាញ់​ឆ្ពោះ​ទៅ​ដល់​គោលដៅ​នៅ​ក្នុង​ផ្លូវ​ទឹក​សំខាន់​ៗ​ ឬ​ដី​គោក​របស់​ចិន​។​ នេះ​មាន​ន័យ​ថា​ អាមេរិក​ត្រូវ​​ពង្រីក​ការ​ដាក់​ពង្រាយអាវុធ​​លើ​ខ្សែ​កោះ​យុទ្ធសាស្រ្ត​ ​ដែល​លាត​សន្ធឹង​ពី​កោះ​អូគីណាវ៉ា​របស់​ជប៉ុន​ ទៅ​កាន់​តៃវ៉ាន់​ រហូត​ដល់​ហ្វីលីពីន​។ ​

​កោះ​ហ្គាំម​ ​​បាន​ក្លាយ​ជា​ទីតាំង​យុទ្ធសាស្ត្រ​ដ៏​សំខាន់​សម្រាប់​ប្រតិបត្តិការ​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​តំ​បន់​ប៉ាស៊ីហ្វិក​ខាង​លិច​ និង​មាន​ចម្ងាយ​ ៤ ០០០ ​​គីឡូម៉ែត្រ​ពី​​ចិន​ដី​គោក​។​ អង្គភាព​មីស៊ីល​រយៈ​ចម្ងាយ​មធ្យ​ម​ អាច​ត្រូវ​បាន​ដាក់​ពង្រាយ​យ៉ាង​ឆាប់​រហ័ស​ពី​កោះ​ទៅ​កាន់​សម្ព័ន្ធ​មិត្ត​នៅ​អាស៊ី​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ភាព​អាសន្ន​។​

អ្នក​វិភាគ​ថា​ សម្រាប់​ពេល​នេះ​ ជប៉ុន ​និង​ហ្វីលីពីន​ មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដាក់​មីស៊ីល​របស់​អាមេរិក​ ​​ដោយ​សារ​ខ្លាច​ក្លាយ​ជា​គោលដៅ​វាយ​ប្រហារ​ភ្លាម​ៗ​របស់​យោធា​ចិន​​ពេល​មាន​​វិបត្តិ​។​ ជាមួយ​គ្នា​នោះ​ លេខាធិការ​សារព័ត៌មាន​សេតវិមាន​ Karine Jean-Pierre ​បាន​​បញ្ជាក់​​កាល​ពី​ខែ​មករា​ហើយ​ថា​ ​មិន​មាន​ផែនការ​ដាក់​ពង្រាយ​មីស៊ីល​បាញ់​ពី​ដី​ថ្មី​លើ​ទឹក​ដី​ជប៉ុន​នោះ​ទេ​៕​

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ U.S. to deploy new ground-based missiles to Indo-Pacific in 2024  

ads banner