​បុរសម្នាក់ប្រដាប់ដោយកាំបិតបានសម្លាប់អ្នក​ទេសចរ​អាល្លឺម៉ង់នៅ​ក្បែរ​ប៉មEiffelរបស់​បារាំង

ប៉ារីស៖បុរសម្នាក់ប្រដាប់ដោយកាំបិតនិងញញួរបានសម្លាប់អ្នកទេសចរជនជាតិអាល្លឺម៉ង់ម្នាក់ និងបានធ្វើ​ឱ្យមនុស្សពីរនាក់ផ្សេងទៀត រួមទាំងបុរសជនជាតិអង់គ្លេសម្នាក់បានរងរបួសនៅជិតប៉ម Eiffel ក្នុង​ទីក្រុងប៉ារីស​ ប្រទេស​កាលពីល្ងាចថ្ងៃសៅរ៍ទី​២ ខែធ្នូ កន្លងទៅនេះ។​

ជនសង្ស័យអាយុ ២៦ឆ្នាំដែលជាជនជាតិបារាំងដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីការវាយ​ប្រហារនោះ​ ហើយបើតាមការឱ្យដឹងពី​ព្រះរាជអាជ្ញា​ប្រឆាំងអំពើភេរវកម្ម លោក Jean-Francois Ricard បាននិយាយ​កាលពីថ្ងៃអាទិត្យ ជនសង្ស័យរូបនេះបាន​សន្យាភក្ដីភាព​ជាមួយរដ្ឋអ៊ីស្លាម​នៅក្នុងវីដេអូមួយ​ដែលបាន​ថត​ទុក​មុនការចាក់សម្លាប់នេះ។​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយថា ជនសង្ស័យបានប្រាប់ប៉ូលិសថា រូបគេមានការខឹងសម្បារចំពោះស្ថានការណ៍នៅហ្គាហ្សា និងការពិតជុំវិញបញ្ហា «អ្នកកាន់សាសនាមូស្លីម​ជាច្រើនកំពុងស្លាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងនៅប៉ាឡេស្ទីន»។

បើតាមអាជ្ញាធរបានឱ្យដឹងថា ភ្លាមៗនៅកន្លែងកើតហេតុ​ អ្នកទេសចរជនជាតិអាឡឺម៉ង់បានរងរបួស​ធ្ងន់ធ្ងរបាត់ទៅហើយ នៅពេលដែល​គាត់ត្រូវបាន​វាយប្រហារភ្លាមៗនៅតាមបណ្តោយច្រក Quai de Grenelle ដែលមានចម្ងាយ​ប៉ុន្មាន​ជំហានប៉ុណ្ណោះ​ពីប៉ម Eiffel ។​

ក្រុមអាជ្ញាធរបានបន្ថែមថា អ្នកវាយប្រហារនោះត្រូវបានប៉ូលិសដេញតាម ហើយរូបគេស្រាប់តែ​បានវាយ​ទៅលើ​មនុស្សពីរនាក់ទៀត រួមទាំងបុរសជនជាតិអង់គ្លេស ដោយប្រើញញួរ។​

មកទល់ពេលនេះ មន្ត្រីសន្តិសុខអ៊ឺរ៉ុបបានព្រមានពីហានិភ័យកើនឡើងនៃការវាយប្រហារដោយពួកសកម្មប្រយុទ្ធឥស្លាមនៅក្នុងតំបន់ចំពេលមានសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ ជាមួយនឹង​ការគំរាម​កំហែងដ៏​ធំបំផុតដែលទំនងជាម​កពីក្រុមជ្រុលនិយមឈ្មោះ «ចចកឯកកោ» ដែលអាជ្ញាធរពិបាកតាមដានពួកគេ។​

ព្រះរាជអាជ្ញា Ricard បានថ្លែង​ប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយថា ការស៊ើបអង្កេត​កំពុងដំណើរ​លើករណីឃាត​ក​ម្ម និងការប៉ុនប៉ងមនុស្សឃាតពាក់ព័ន្ធនឹងអង្គការភេរវករ ខណៈពេលនេះមនុស្ស​បី​នាក់​ផ្សេង​ទៀត​មក​ពី​ក្រុម​គ្រួសារ​ជ​ន​សង្ស័យ ឬ​បក្សពួក​ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន។​

សូមបញ្ជាក់ដែរ​ថា ប្រទេស​បារាំង​មានការ​​​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​បាន​បង្កើនការការពារ​សុវត្ថិភាព​របស់​ខ្លួន​ក្នុង​ខែ​តុលា នៅ​ពេល​ដែល​បុរស​ដើម​កំណើត​ឆេឆេន (Chechen) ​ម្នាក់​បានប្រើ​កាំបិត​ ​សម្លាប់​គ្រូបង្រៀន​នៅក្នុង​សាលា​នៅ​ភាគ​​ខាងជើង​ប្រទេស​បារាំង៕ ​

ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ

ប្រភព៖ Knifeman kills German tourist, wounds others near France’s Eiffel Tower​

ads banner