COP28 ប្រមូលថវិកាបាន ៧៧៧ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងជំងឺនៅតំបន់ត្រូពិក
អេមីរ៉ាត់៖ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងអង្គការសប្បុរសធម៌ជាច្រើនទៀតបានសន្យាផ្តល់កញ្ចប់មូលនិធិចំនួន ៧៧៧ លានដុល្លារនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៨ ឬហៅកាត់ថា កិច្ចប្រជុំកំពូល COP28 ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនៅតំបន់ត្រូពិកដែលមិនសូវមានអ្នកយកចិត្តទុកដាក់ និងដែលត្រូវបានព្យាករថាអាចនឹងរីករាលដាលកាន់តែអាក្រក់ទៅៗដោយសារតែការកើនឡើងនៃសីតុណ្ហភាព។
ប្រធានកិច្ចប្រជុំ COP28 លោក ស៊ុលតាន់ អាមអៃចាបឺ (Sultan Ahmed Al-Jaber) បានបញ្ជាក់ថា បញ្ហាទាក់ទងនឹងអាកាសធាតុបានបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពមនុស្សក្នុងសតវត្សទី២១នេះ។ ការផ្ដល់កញ្ចប់មូលនិធិនេះត្រូវបានសន្យាផ្ដល់ដោយប្រទេសអេមីរ៉ាតអារ៉ាប់រួមចំនួន ១០០ លានដុល្លារ និងចំនួន ១០០ លានដុល្លារទៀតពីមូលនិធិ Bill and Melinda Gates Foundation។
បន្ថែមលើនេះ ស្ថាប័ន និងអង្គភាពជាច្រើនមកពីប្រទេសបែលហ្សិក អាល្លឺម៉ង់ និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ក៏បានសន្យាផ្តល់មូលនិធិសម្រាប់បញ្ហាសុខភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុផងដែរ។ លើសពីនេះ ធនាគារពិភពលោកក៏បានផ្តួចផ្តើមកម្មវិធីមួយដើម្បីជាមធ្យោបាយជួយដល់សុខភាពសាធារណៈនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដែលប្រឈមនឹងហានិភ័យសុខភាពដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។
គួរដឹងដែរថា នៅពេលដែលភពផែនដីឡើងកំដៅខ្លាំង ជំងឺនៅតំបន់ត្រូពិកបានកើនឡើងកាន់តែច្រើនដូចគ្នា ក្នុងនោះមានដូចជាជំងឺពិការភ្នែក និងជំងឺងងុយគេងនៅទ្វីបអាហ្រ្វិកជាដើម។ ក្រៅពីនេះ បញ្ហាសុខភាពផ្សេងទៀតដូចជា កង្វះអាហារូបត្ថម្ភ គ្រុនចាញ់ រាគ និងភាពតានតឹងដែលទាក់ទងនឹងកំដៅកាន់តែខ្លាំង។
គិតមកទល់ពេលនេះ ប្រទេសជាង ១២០ ហើយដែលបានចុះហត្ថលេខាលើសេចក្តីប្រកាស COP28 ដោយទទួលស្គាល់កាតព្វកិច្ចរបស់ពួកគេក្នុងការការពារប្រជាជនពីផលប៉ះពាល់នៃការឡើងកំដៅផែនដី។ យ៉ាងណាក៏ដោយ សេចក្តីប្រកាសនេះមិនបាននិយាយអំពីឥន្ធនៈហ្វូស៊ីល ដែលជាប្រភពចម្បងនៃការបំភាយកំដៅអាកាសធាតុនោះទេ។ អង្គការសម្ព័ន្ធអាកាសធាតុនិងសុខភាពសកល បានគូសបញ្ជាក់ពីការដែលមិនដាក់បញ្ចូលឥន្ធនៈហ្វូស៊ីលនេះថាត្រូវតែធ្វើការត្រួតពិនិត្យឱ្យបានលម្អិត។
ក្នុងថ្ងៃនៃកិច្ចប្រជុំកំពូល COP28 សកម្មជន រួមទាំងវេជ្ជបណ្ឌិត បានធ្វើបាតុកម្មតូចមួយនៅបរិវេណក្បែរនោះ ដើម្បីបង្ហាញពីកង្វល់របស់ពួកគេពាក់ព័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ លោក ចូហ្សេប វីផន (Joseph Vipond) ដែលជាគ្រូពេទ្យសង្គ្រោះបន្ទាន់មកពីប្រទេសកាណាដា បានសម្តែងការព្រួយបារម្ភដោយលើកឡើងពីការស្លាប់របស់កុមារដោយសារជំងឺហឺតដែលកាន់តែធ្ងន់ធ្ងរឡើង បណ្ដាលមកពីផ្សែងភ្លើងឆេះព្រៃនៅភាគខាងលិចប្រទេសកាណាដាក្នុងឆ្នាំនេះ។
បញ្ហាបម្រែបម្រួលអាកាសធាតុកំពុងបង្កឱ្យមានព្យុះខ្លាំងជាញឹកញាប់ និងលំនាំទឹកភ្លៀងមិនទៀតទាត់។ ជាក់ស្ដែង ព្យុះមួយឈ្មោះថា ដានីញ៉េល (Daniel) បានបោកបក់ឱ្យមនុស្សស្លាប់ជាង ១១០០០ នាក់នៅក្នុងប្រទេសលីប៊ីកាលពីខែកញ្ញា ហើយទឹកជំនន់កាលពីឆ្នាំមុននៅក្នុងប្រទេសប៉ាគីស្ថានបានបណ្តាលឱ្យមានការកើនឡើង ៤០០% នៃករណីជំងឺគ្រុនចាញ់ នេះបើយោងតាមការរាយការណ៍របស់អង្គការសុខភាពពិភពលោក។ មូលនិធិលោក Bill Gates បានលើកឡើងថា មន្ទីរពិសោធន៍បានបង្កើតឧបករណ៍ដែលអាចកាត់បន្ថយមូស និងដែលអាចជួយបានច្រើននៅក្នុងប្រទេសក្រីក្រ៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Reuters COP28 focus on health draws $777 million to fight tropical disease