សេតវិមាន៖ ការបញ្ចប់ជំនួយអាមេរិកដល់អ៊ុយក្រែន នឹងអនុញ្ញាតឱ្យលោក ពូទីន ឈ្នះសង្គ្រាម
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន និយាយថា ការបញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន នឹងអនុញ្ញាតឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អាចយកឈ្នះសង្គ្រាមរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន និយាយថា សភាត្រូវសម្រេចថាតើត្រូវបន្តគាំទ្រការប្រយុទ្ធ ដើម្បីសេរីភាពនៅអ៊ុយក្រែន ជាផ្នែកនៃសម្ព័ន្ធជាតិចំនួន ៥០ប្រទេស ដែលលោកប្រធានាធិបតី ចូ បៃដិន បានបង្កើត ឬក៏មិនអើពើនឹងមេរៀនដែលយើងបានរៀនពីប្រវត្តិសាស្ត្រ ហើយអនុញ្ញាតឱ្យលោក ពូទីន មានជ័យជំនះ។
យើងសង្ឃឹមថា សភានឹងឈរលើមូលដ្ឋានទ្វេភាគី ជាមួយនឹងការជ្រើសរើសជំរើសដ៏ត្រឹមត្រូវ។ លោក ស៊ូលីវ៉ាន បានប្រាប់អ្នកកាសែតនៅសេតវិមានថា បើគ្មានការសម្រេចចិត្តពីសភាទេ រដ្ឋបាលនឹងអស់ធនធាននៅត្រឹមចុងឆ្នាំនេះ ដើម្បីទិញអាវុធ និងឧបករណ៍យោធាបន្ថែមទៀតសម្រាប់អ៊ុយក្រែន។

លោកបន្តថា ការបោះឆ្នោតប្រឆាំងនឹងការផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន នឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ និងជួយដល់ជនផ្តាច់ការ។ ដូច្នេះលោកជំរុញឱ្យសមាជិកគ្រប់រូប ទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ គួរតែបោះឆ្នោតគាំទ្ររឿងនេះ។
សូមរម្លឹកថា រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាយោធាប្រមាណជា ៤៣,៧ពាន់លានដុល្លារមកហើយ សម្រាប់អ៊ុយក្រែនគិតចាប់តាំងតែពីពេលដែលប្រតិបត្តិការពិសេស ដោយយោធាពីសំណាក់រុស្ស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា