បេក្ខជនជាង ១ម៉ឺននាក់ ដាក់ពាក្យប្រឡងមន្ដ្រីកសិកម្មឃុំ ក្នុងនោះមានជាង ៣ពាន់នាក់ គ្រប់លក្ខខណ្ឌអាចចូលប្រឡងបាន ខណៈមន្ត្រីកសិកម្មឃុំ ដែលត្រូវជ្រើសរើស មានតែ ២៥០នាក់ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៣នេះ

(ភ្នំពេញ)៖ រយៈពេល ១ខែវិច្ឆិកា ពោលគឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបេក្ខជនជាង ១ម៉ឺននាក់ដាក់ពាក្យប្រឡងមន្ដ្រីកសិកម្មឃុំ ក្នុងនោះមានជាង ៣ពាន់នាក់ គ្រប់លក្ខខណ្ឌអាចចូលប្រឡងបាន ខណៈមន្ត្រីកសិកម្មឃុំ ដែលត្រូវជ្រើសរើសមានតែ ២៥០នាក់ប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៣ ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អង្គភាពប្រឆាំងអំពើពុករលួយ, សាលាភូមិន្ទរដ្ឋបាល និងបេក្ខជនចំនួន ១០នាក់ ដែលបានដាក់ពាក្យប្រឡងរួចរាល់ ។

ឯកឧត្តម ហ៊ុន ម៉ានី បន្តថា គោលបំណងក្នុងការរៀបចំសន្និសីទសារព័ត៌មាន ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣នេះ គឺដើម្បីផ្តល់ជាព័ត៌មាន និងផ្សព្វផ្សាយ ការប្រឡងប្រជែងដល់ បេក្ខជន បេក្ខនារី នៅតាមបណ្តារាជធានី ខេត្ត ដែលបានបញ្ចប់ការសិក្សា មានបទពិសោធន៍ពេញលេញ មានបំណងចង់ប្រឡង ចូលជាមន្រ្តីកសិកម្ម ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា បេក្ខជន បេក្ខនារី ដាក់ពាក្យបឡង មានចំនួន ១ម៉ឺន ២៧៤៤នាក់ ប៉ុន្តែបេក្ខជន បេក្ខនារី មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសិទ្ធចូលប្រឡង មានចំនួន ៣៣២៩នាក់ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ បានពន្យល់ថា អ្នកដាក់ពាក្យមានច្រើន តែមិនត្រូវនឹងលក្ខខណ្ឌដែលតម្រូវ ដូចជាបេក្ខជនខ្លះមានអាស័យដ្ឋានមិនសមស្រប ទៅនឹងតាំងដែលបានដាក់ពាក្យបម្រើការងារ និងខ្លះទៀតមានជំនាញមិនត្រូវលក្ខខណ្ឌតម្រូវជាដើម។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា កាលបរិច្ឆេទនៃការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ខណៈការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំនេះ នឹងផ្តល់ឱកាសដល់បេក្ខជន បេក្ខនារី ដែលមានសមត្ថភាពច្បាស់លាស់ ហើយការប្រឡង ក៏បានធានានូវតម្លាភាព និងប្រសិទ្ធភាពខ្ពស់ ព្រោះថា ការប្រឡងដូច្នេះ គឺជាការផ្ដល់ឱកាស ផ្ដល់សិទ្ធដោយស្មើភាពគ្នា ក្រោមពាក្យ «អ្នកចេះគឺជាប់» ដូចគ្នានឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផងដែរ ហើយចំពោះមន្ត្រីដែលប្រឡងជាប់ នឹងរៀបចំលើកទឹកចិត្ត ក្នុងនោះ ក៏ទទួលបានប្រាក់ខែ និងប្រាក់ឧត្ថម្ភបន្ថែមផងដែរ ។

ចំណែកឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ដែរថា យោងតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត យុទ្ធសាស្រ្តបញ្ចកោណ នឹងផ្តល់ឱកាសប្រឡងប្រជែងមន្រ្តីកសិកម្ម ចំនួន ១៦០០នាក់ ក្នុងរយៈពេល៣ ឆ្នាំ ប៉ុន្តែក្នុងឆ្នាំ២០២៣នេះ ការប្រឡងប្រជែងមន្រ្តីកសិកម្មឃុំ នឹងផ្តល់ឱកាសដល់បេក្ខជន បេក្ខនារី ចំនួន ២៥០នាក់, ក្នុងឆ្នាំ២០២៤ ចំនួន ៨០០នាក់ និងឆ្នាំ២០២៥ ចំនួន ៥៥០នាក់ ហើយបេក្ខជន បេក្ខនារី ចំនួន ២៥០នាក់ ដែលមានសមត្ថភាពពេញលក្ខណៈ ប្រឡងជាប់ក្នុងឆ្នាំ២០២៣នេះ នឹងត្រូវបំពេញតួនាទីតាមបណ្តាខេត្តមួយចំនួន ជាពិសេស ពាក់ព័ន្ធនឹងកសិកម្មស្រូវ ។

ឯកឧត្តម ឌិត ទីណា បានបន្តថា ក្នុងការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្ម ក្រសួងចង់ឱ្យអ្នកនៅមូលដ្ឋានឃុំ មានជំនាញកសិកម្ម ដាក់ពាក្យប្រឡងប្រជែង ធ្វើជាមន្រ្តីកសិកម្មប្រចាំឃុំរបស់ខ្លួនផ្ទាល់តែម្តង ដើម្បីអាចបំពេញការងារបានយូរ ដោយការស្រឡាញ់ ជាជាងអ្នកពីខេត្តផ្សេង ទៅបំពេញ ដែលមិនបានស្គាល់ភូមិសាស្រ្ត ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងកសិកម្ម បានកំណត់ឃុំ ១៥៥២ គឺជាឃុំ ដែលមានសកម្មភាពកសិកម្ម ដោយគ្រោងជ្រើសរើសមន្រ្តីប្រមាណ ១៦០០នាក់។ ក្នុងដំណាក់កាលទី១នេះ ជ្រើសរើសចំនួន ២៥០នាក់ ដាក់ពង្រាយ នៅឃុំចំនួន ២៥០ ក្នុងខេត្តចំនួន ១៧ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី ។

ឯកឧត្តម ឌិត ទីណា ក៏បានក្រើនរំលឹកដល់មន្រ្តីកសិកម្មឃុំ ត្រូវសហការជាមួយមន្ដ្រីនៅមូលដ្ឋានទាំងអស់ រួមមាន៖ អាជ្ញាធរឃុំ-សង្កាត់, មន្រ្តីកសិកម្មស្រុក ឬមន្ទីរកសិកម្មនៅតាមខេត្តនីមួយៗ ដើម្បីក្ដាប់ព័ត៌មានឲ្យបានគ្រប់ ហើយដោះស្រាយបញ្ហាភ្លាមៗ ឱ្យទាន់ពេលវេលាជូនប្រជាពលរដ្ឋ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព, វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner