ចិនជួបមេដឹកនាំសហភាពអឺរ៉ុបពិភាក្សាពីបញ្ហាសេដ្ឋកិច្ចពិភពលោក

ប៉េកាំង៖កាលពីថ្ងៃចន្ទម្សិលមិញ ក្រសួងការបរទេសចិនបានលើកឡើងថា កិច្ចប្រជុំកំពូលរវាងចិននិងសហភាពអឺរ៉ុប នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ នៅទីក្រុងប៉េកាំង ដែលមេដឹកនាំរបស់ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចពិភពលោកដើម្បីផលប្រយោជន៍រួម។​

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វ៉ិនពិន (Wang Wenbin) បានថ្លែងប្រាប់ទៅកាន់អ្នកសារព័ត៌មានថា «ប្រទេសចិន និងសហភាពអឺរ៉ុបគឺជាដៃគូសហការ មិនមែនជាដៃគូប្រកួតប្រជែងនោះទេ។ ការគិតពីផលប្រយោជន៍រួមគឺមានសារៈសំខាន់ជាងការខ្វែងគំនិតគ្នា»។​

លោកបានបន្ថែមថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) គ្រោងនឹងជួបជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោ​ក ឆាឡេស មីកេល (Charles Michel) និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ូស៊ូឡា វ៉នដេឡេយ៉េន (Ursula von der Leyen)។​

លោក វ៉ាង បានថ្លែងថា ៖ «យើងនឹងរិះរកវិធីដើម្បីដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ហើ​យយើងនឹងសហការដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមជាសកល តាមរយៈការដាក់ចេញនូវដំណោះស្រាយថ្មីៗទៅកាន់ពិ​ភពលោក ជាពិសេសគឺការបង្កើនស្ថិរភាពអន្តរជាតិ»។​

គួរកត់សម្គាល់ថា កិច្ចប្រជុំកំពូលនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំសំខាន់ៗជាច្រើនរវាងសហភាពអឺរ៉ុបនិងចិនត្រូវបានធ្វើឡើងនៅទីក្រុងប៉េកាំង ក្នុងគោលបំណងស្វែងរកចំណុចរួមមួយនៅក្នុងទំនាក់ទំនងដ៏ស្មុគស្មាញរបស់ពួកគេ។ កាលពីដើមឆ្នាំនេះ អ៊ឺរ៉ុបបានសន្យាថានឹងកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន កាត់បន្ថយហានិភ័យ បង្កើនការសហការ និងធ្វើការរួមគ្នាលើបញ្ហាការប្រែប្រួលអាកាសធាតុ។​

ជាក់ស្ដែង ក្នុងអំឡុងពេលទស្សនកិច្ចរបស់ស្នងការពាណិជ្ជកម្ម លោក វ៉ាលឌីស ដុមប្រូស្គី (Valdis Dombrovskis) ទៅកាន់ទីក្រុងប៉េកាំងកាលពីខែកញ្ញា សហភាពអឺរ៉ុបបានយល់ព្រមជាមួយចិនក្នុងការបង្កើតនូវប្រព័ន្ធដោះស្រាយវិវាទមួយ។​

ការបង្កើតប្រព័ន្ធដោះស្រាយវិវាទនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីគណៈកម្មការអឺរ៉ុបបានចាប់ផ្តើមស៊ើបអង្កេតដើម្បីស្វែងរកដំណោះស្រាយថាតើត្រូវយកពន្ធបន្ថែមលើការនាំចូលរថយន្តអគ្គិសនីរបស់ចិនដែលមានតម្លៃទាបដើម្បីការពារអ្នកផលិតនៅសហភាពអឺរ៉ុបឬក៏យ៉ាងណា។​

មួយខែក្រោយមក អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប លោក ចូហ្សេប បូរ៉េល (Josep Borrell) បានប្រាប់ទៅកាន់ក្រុមមន្ត្រីចិនថា ទីក្រុងព្រុចសែល បានខិតខំយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះទំនាក់ទំនងជាមួយប្រទេសចិន ហើយលោករំពឹងថាចិននឹងយកចិត្តទុកដាក់ដូចគ្នា ជាពិសេសគឺទំនាក់ទំនងភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម។

កាល​ពី​ខែ​មុន ប្រទេស​ចិន​បាន​ប្រកាស​ដាក់ចេញនូវវិធានការលើកលែង​ទិដ្ឋាការ​បណ្ដោះ​អាសន្នសម្រាប់អ្នកធ្វើដំណើរដែលជា​ប្រជាជនមក​ពី​ប្រទេស​មួយ​ចំនួន ​ដូច​ជា បារាំង អាល្លឺម៉ង់ អ៊ីតាលី និង​ហូឡង់ជាដើម។​

កន្លងមក កិច្ចពិភាក្សាភាគច្រើនតែងតែផ្តោតលើរឿងពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយ។ យ៉ាងណាក៏ដោយ ប្រធានសហភាពអឺរ៉ុបនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក ហ្វ៊ីលីប ដែម (Philippe Dam) បានជំរុញឱ្យលោក មីកេល និងលោកស្រី វ៉នដេឡេយ៉េន ដាក់សម្ពាធប្រទេសចិនឱ្យទទួលខុសត្រូវលើបញ្ហារំលោភសិទ្ធិមនុស្សជាច្រើននៅក្នុងប្រទេសចិន៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖​ Channel NewAsia​​ China says summit with EU leaders to discuss global economic issues

ads banner