សកម្មជនហុងកុងសម្រេចមិនវិលត្រលប់ទៅទីក្រុងហុងកុងវិញ ដោយសារបារម្ភពីសុវត្ថិភាព
ប៉េកាំង៖សកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់ កញ្ញា អាហ្គនេស ឆូវ (Agnes Chow) ដែលត្រូវបានគេស្គាល់ថាអ្នកចូលរួមបាតុកម្មតវ៉ាយ៉ាងសកម្មនៅទីក្រុងហុងកុងក្នុងឆ្នាំ២០១៩ នឹងមិនវិលត្រឡប់ទៅទីក្រុងហុងកុងវិញនោះទេ ដោយហេតុថាមានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួន។
បច្ចុប្បន្ននេះ កញ្ញាកំពុងសិក្សានៅប្រទេសកាណាដា ហើយបានសម្រេចចិត្តមិនអនុវត្តតាមការកាត់ទោសឱ្យនៅក្រៅឃុំ និងបដិសេធមិនត្រឡប់ទៅហុងកុងវិញ។ កញ្ញា ឆូវ បានក្លាយជាបុគ្គលម្នាក់ទៀតដែលបានចាកចេញពីទីក្រុងហុងកុង ដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំងបង្កើនការបង្រ្កាបទៅលើក្រុមប្រឆាំងនៅទីក្រុងហុងកុង។
កញ្ញា ឆូវ មានអាយុ ២៧ ឆ្នាំហើយត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២០ បន្ទាប់មកត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១០ ខែពីបទចូលរួមក្នុងការជួបប្រជុំដែលគ្មានការអនុញ្ញាត។ នេះគឺដោយសារតែច្បាប់សន្តិសុខជាតិរបស់ទីក្រុងប៉េកាំងដែលបានអនុម័តថ្មី ដើម្បីជាការឆ្លើយតបទៅនឹងការតវ៉ាដែលរីករាលដាលពាសពេសទីក្រុងហុងកុងកាលពីឆ្នាំ២០១៩។
ក្រោយមកនៅឆ្នាំ២០២១ នាងត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំបន្ទាប់ពីជាប់ពន្ធនាគារជាង ៦ ខែដោយមានលក្ខខណ្ឌត្រូវរាយការណ៍ជាទៀងទាត់ទៅប៉ូលិសពីសកម្មភាពរបស់នាង។ យ៉ាងណាមិញ នាងបានបញ្ជាក់នៅក្នុងការបង្ហោះសារមួយថា ដោយសារបញ្ហាសុខភាពផ្លូវចិត្ត នាងនឹងមិនបន្តគោរពតាមលក្ខខណ្ឌនេះទេ។
កញ្ញា ឆូវ បានរៀបរាប់ថា នៅពេលដែលនាងបានទទួលការអនុញ្ញាតឱ្យចូលរៀននៅសាកលវិទ្យាល័យមួយនៅទីក្រុង តូរ៉ុនតូ (Toronto) ប្រទេសកាណាដា ប៉ូលិសចិនបានយល់ព្រមប្រគល់លិខិតឆ្លងដែនឱ្យនាងវិញ ប៉ុន្តែក្នុងលក្ខខណ្ឌតម្រូវឱ្យនាងធ្វើដំណើរទៅកាន់ទីក្រុនហ្សិនចិន (Shenzhen) ក្នុងប្រទេសចិន ដោយបានទៅទស្សនាក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយ ហើយបានចូលរួមក្នុងការតាំងពិព័រណ៍ស្នេហាជាតិចិនដែលបង្ហាញពីស្នាដៃនៃភាពជោគជ័យរបស់ប្រទេសចិន។
នាងបាននិយាយថា ៖ «ខ្ញុំមិនចង់ត្រូវបានគេបង្ខំឱ្យធ្វើអ្វីតាមចិត្តនោះទេ ហើយខ្ញុំក៏មិនចង់ត្រូវបានគេបង្ខំឱ្យទៅចិនដីគោកទៀតដែរ។ ខ្ញុំប្រហែលជានឹងមិនត្រឡប់ទៅវិញអស់មួយជីវិត»។ ទន្ទឹមនឹងនេះ ប៉ូលិសហុងកុងបានរិះគន់កញ្ញា ឆូវ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដោយចោទប្រកាន់នាងថាបានព្យាយាមប្រឆាំងនឹងនីតិរដ្ឋ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបានលើកឡើងពីការអំពាវនាវឱ្យនាងយល់ព្រមគោរពតាមច្បាប់ មុនពេលដែលយឺតពេល ជំនួសឱ្យការសម្រេចចិត្តមិនត្រលប់ទៅប្រទេសចិនវិញ ហើយនឹងមានអត្តសញ្ញាណជាអ្នករត់គេចខ្លួនអស់មួយជីវិតរបស់នាង។
កញ្ញា ឆូវ ក៏ជាសហស្ថាបនិកគណបក្សឌីម៉ូនីស្ថូ (Demosisto) ដែលជាគណបក្សគាំទ្រលទ្ធិប្រជាធិបតេយ្យ រួមជាមួយនឹងសកម្មជនសំខាន់ៗមួយចំនួនទៀត ដូចជាលោក ចូហួ វង្ស (Joshua Wong) និងលោក ណាថាន់ ឡ (Nathan Law)។ ប៉ុន្តែគណបក្សនេះត្រូវបានប្រកាសបិទនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ដែលជាថ្ងៃច្បាប់សន្តិសុខជាតិចិនត្រូវបានអនុម័តផងដែរ។
ការអនុវត្តច្បាប់នេះ បានធ្វើឱ្យមានការលំបាកយ៉ាងខ្លាំងសម្រាប់ក្រុមចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ជាក់ស្ដែង មនុស្សជាង ២៨០ នាក់ត្រូវបានចាប់ខ្លួនដោយសារច្បាប់មួយនេះ ហើយលោក ចូហួ វង្ស (Joshua Wong) ក៏កំពុងស្ថិតក្នុងមន្ទីរឃុំឃាំង ដោយប្រឈមនឹងការចោទប្រកាន់ពីបទវិទ្ធង្សនាដែលមានន័យថា លោកអាចនឹងជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើលោកត្រូវបានរកឃើញថាមានកំហុស។
ដោយឡែក លោក ណាថាន់ ឡ បានភៀសខ្លួនទៅប្រទេសអង់គ្លេស ហើយប៉ូលិសហុងកុងថែមទាំងបានប្រកាសថានឹងផ្តល់ប្រាក់រង្វាន់ចំនួនជាង ១២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកទៅកាន់អ្នកណាដែលអាចផ្ដល់ព័ត៌មានដើម្បីឈានទៅដល់ការចាប់ខ្លួនលោក។ ចំពោះរដ្ឋាភិបាលក្រុងប៉េកាំងវិញ អះអាងថាច្បាប់នេះបាននាំមកនូវស្ថិរភាពដល់ហុងកុងបន្ទាប់ពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំក្នុងឆ្នាំ២០១៩៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Al Jazeera Hong Kong activist Agnes Chow skips bail, refuses return