ស្ថាប័នអន្តរជាតិបានបន្ថែមថវិកា ១៥ លានដុល្លារអូស្រ្តាលី បន្តគម្រោងគណនេយ្យភាពសង្គមដំណាក់កាលទី២
ភ្នំពេញ៖ស្ថាប័នអន្តរជាតិប្រចាំកម្ពុជា រួមមាន ស្ថានទូតអូស្ត្រាលី ធនាគារពិភពលោក គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប.)និងអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជា (WVI-C) បានប្រកាសបន្ថែមថវិកាចំនួន១៥លានដុល្លាអូស្រ្តាលី ដើម្បីបន្តរយៈពេលនៃការអនុវត្តគម្រោងគណនេយ្យភាពសង្គម (ISAF)។ការប្រកាសនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរួមដែលបានចេញផ្សាយ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានរួម បានលើកឡើងថា គម្រោងអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២ (ISAF II) នេះគឺចាប់ផ្តើមអនុវត្តពីឆ្នាំ២០២៣-២០២៥ ដែលមានគោលបំណងជួយប្រជាពលរដ្ឋ ក្នុងការស្វែងយល់អំពីសេវាសាធារណៈ ដែលពួកគេមានសិទ្ធិនឹងទទួលបាន ព្រមទាំងផ្តល់សិទ្ធិអំណាចដល់ពួកគេ ក្នុងការផ្តល់មតិកែលម្អជាប្រចាំលើគុណភាពនៃសេវាសាធារណៈ។
ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ការងារគណនេយ្យភាពសង្គម ជាផ្នែកមួយដ៏សំខាន់នៃកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ការលើកកម្ពស់ការប្រាស្រ័យទាក់ទងគ្នារវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងកិច្ចដំណើរការអភិបាលកិច្ច និងការអភិវឌ្ឍមូលដ្ឋាន។

ឯកឧត្តមបានបន្ថែមថា ៖ «ដោយសហការជាមួយនឹងអង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ យើងប្រាកដជាអាចធ្វើឱ្យប្រសើរឡើងនូវសេវាសាធារណៈនៅមូលដ្ឋាន សម្រាប់កុមារ និងប្រជាពលរដ្ឋ រាប់លានគ្រួសារនៅទូទាំងប្រទេសកម្ពុជា ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី១»។
ជាមួយគ្នានេះឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានលើកឡើងដែរថា គម្រោងអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ នឹងបន្តបង្កើនទំនាក់ទំនងរវាងអ្នកផ្តល់សេវាសាធារណៈ និងអ្នកទទួលសេវាសាធារណៈ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងជួយប្រជាជនកម្ពុជាទាំងអស់អាចមានលទ្ធភាពទទួលបានសេវាសាធារណៈផងដែរ។
លោកបានថ្លែងថា ៖ «យើងក៏សង្ឃឹមផងដែរថា តាមរយៈការបន្តដំណើរការគម្រោងនេះ នឹងជួយបង្កើនភាពជឿជាក់ និងភាពជាដៃគូនៅតាមថ្នាក់មូលដ្ឋាន»។
ចំណែកនាយកប្រចាំប្រទេសរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា លោក ជេនេស អ៊ីម៉ានូអែល ហ្គីនទីញ ក៏បានសង្កត់ធ្ងន់ដែរថា អង្គការលោកបានគាំទ្រការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គមតាំងពីឆ្នាំ២០១៦ មកម្ល៉េះ។ លោកបន្តថា ហេតុនេះ គម្រោងនេះពិតបានរួមចំណែកក្នុងការលើកកម្ពស់គុណភាពនៃសេវាសាធារណៈសំខាន់ៗ ដូចជា សេវានៅមណ្ឌលសុខភាព សាលាបឋមសិក្សា និងសេវារដ្ឋបាលនៅឃុំ/សង្កាត់ជាដើម។

លោកបានបញ្ជាក់ថា ៖ «ក្រោមជំនួយថវិកាបន្ថែមពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈធនាគារពិភពលោកនាពេលនេះ យើងនឹងពង្រីកវិសាលភាពតំបន់ការងារគណនេយ្យភាពសង្គមជាមួយអង្គការដៃគូក្នុងស្រុក ដោយបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ក្នុងឃុំគោលដៅសរុបចំនួន ១ ០៤៣ សាលាបឋមសិក្សាចំនួន ៤ ៦៣៣ និងមណ្ឌលសុខភាពចំនួន ៨២៦ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ៥ លាននាក់នៅត្រឹមឆ្នាំ ២០២៥»។
បើតាមសេចក្តីប្រកាសព័ត៌មានរួមដដែលនេះ គម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២នេះ ទទួលបានថវិកាហិរញ្ញប្បទានក្រោមគម្រោង «ភាពជាដៃគូរវាងប្រទេសអូស្រ្តាលី និងធនាគារពិភពលោក ដើមី្បលើកកម្ពស់បរិយាបន្ន និរន្តរភាព និងសមធម៌នៅកម្ពុជា» ដែលបានផ្តល់ហិរញ្ញប្បទានបន្ថែមដល់មូលនិធិបរធនបាលកិច្ចរបស់ធនាគារពិភពលោកចំនួន ១៥លានដុល្លារអូស្រ្តាលី។
គម្រោងនេះ ក៏នឹងមានដំណើរការពង្រឹង និងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធ និងដំណើរការ ដែលបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ នឹងពង្រឹងនូវតម្លាភាព និងកែលម្អគុណភាពសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ផងដែរ៕

ដោយ៖បូរ ពេជ្រហ្សាលីន