ក្រុមហ៊ុនចិនមួយចង់បង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើបនៅកម្ពុជា

ភ្នំពេញ៖ក្រុមហ៊ុន Guangzhou Youdi Bio-technology ដែលជាក្រុមហ៊ុនវិនិយោគធំមួយរបស់ប្រទេសចិន បានបង្ហាញបំណងរបស់ខ្លួន​ចង់វិនិយោគបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើ​រោគវិនិច្ឆ័យទំនើបនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារ។​

ការបង្ហាញពីបំណងរបស់ក្រុមហ៊ុននេះ​ បានធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាង លោក Li Laiqing អគ្គនាយក​ ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. ជាមួយនឹង​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលថ្ងៃ​ទី៤ ខែធ្នូ ឆ្នាំ២០២៣។​

​ប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ​ក្នុងជំនួបភាគីទាំងពីរ បានជជែកពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិននេះ​ ក្នុងការបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧប​ករណ៍​សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារប្រទេសកម្ពុជា និងនៅក្នុងតំបន់។​

​ប្រភពដដែលលើកឡើងថា នៅក្នុងជំនួបនោះដែរ តំណាងក្រុមហ៊ុនខាងលើ ក៏បានបន្ថែមថា ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd ក៏មានគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត ដែលរួមបញ្ចូលលើការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រា​វជ្រា​វនវានុវត្ត មន្ទីរពេទ្យ និងគ្លីនិកជាដើមផងដែរ។ ​

ជុំវិញកិច្ចពិភាក្សានេះដែរ លោក នុត សម្បត្តិ ប្រធាន​វិទ្យា​ស្ថាន​ជីវ​សាស្ត្រ ​វេជ្ជ​សាស្ត្រ ​និង​កសិ​កម្ម​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​បានប្រាប់​ឱ្យដឹង​ថា នេះជាមោទនភាពប្រសិនបើគម្រោង​បង្កើតរោងចក្រផលិតផ​លិតផលវេជ្ជសាស្រ្ត និងឧបករណ៍ធ្វើរោគវិនិច្ឆ័យទំនើបនៅកម្ពុជា បានលេចចេញជារូបរាងពិតមែន ព្រោះលោ​កថានៅកម្ពុជា មិនមានរោងចក្របែបនេះនៅឡើយទេ។​

លោកបានថ្លែង​​ថា ៖ «រោងចក្រផ្នែកវេជ្ជសាស្រ្តនៅកម្ពុជាមិនទាន់មានទេ កន្លងមកយើងមានតែការវិនិយោគលើគម្រោងមន្ទីពេទ្យធំៗពីសំណាក់បរទេសប៉ុណ្ណោះ ។ហេតុនេះខ្ញុំយល់ថា បើគម្រោងនេះមា​​​នដំ​ណើរការមែនគឺជារឿងល្អ ព្រោះស្ថានភាពនៃការនាំចូលសម្ភារ​វេជ្ជសាស្រ្តនៅកម្ពុជា ភាគច្រើនគឺយើ​ងនាំចូលទាំងអស់ មានខ្លះថ្មី និងខ្លះជារបស់ដែលគេប្រើប្រាស់រួច ហើយការនាំចូលនេះក៏មានតម្លៃថ្លៃទៀត។ ចឹងខ្ញុំរំពឹងថាគម្រោងនេះហ្នឹងលេចចេញរូបរាងនាពេលខាងមុខឆាប់ៗ»។​

​បើតាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Guangzhou Youdi Bio-Technology Co., Ltd. នេះគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានធ្វើទស្សនកិច្ចក្នុងកំឡុងដំណើរទស្សនកិច្ចដើម្បីទាក់ទាញវិនិយោគិន នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។ ​

ក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. បង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលជាសហគ្រាសវេជ្ជសាស្ត្រប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលមានឯកទេសក្នុងការអភិវឌ្ឍ ផលិត ចែកចាយវត្ថុធាតុដើមឱសថ សារធាតុសម្រាប់ផលិតផលិតផលវេជ្ជសាស្ត្រ និងបច្ចេកវិទ្យារោគវិនិច្ឆ័យ។ ក្រុមហ៊ុននេះរួមបញ្ចូ​លការស្រាវជ្រាវ ការអភិវឌ្ឍ ការផលិត ការចែកចាយ សេវាកម្មស្រាវជ្រាវរកបច្ចេកវិទ្យា វិទ្យាសាស្ត្រដែ​លទាក់ទងនឹងថ្នាំ និងឧបករណ៍ធ្វើតេស្តរោគវិនិច្ឆ័យជាដើម៕

ដោយ៖បូរ ពេជ្រហ្សាលីន

ads banner