ប្រទេសចំនួន ៤៦ បង្ហាញសម្ភារៈយោធា និងបច្ចេកវិទ្យាសព្វាវុធទំនើបៗ ក្នុងពិព័រណ៌ការពារជាតិនៅអេហ្ស៊ីប
គែរ៖ ក្រុមហ៊ុនជាង ៤០០ មកពី ៤៦ប្រទេស បានបង្ហាញពីបច្ចេកវិទ្យាការពារជាតិ និងអាវុធទំនើបៗរបស់ពួកគេ នៅក្នុងពិព័រណ៍ការពារជាតិអេហ្ស៊ីបលើកទី៣ (EDEX-2023) នៅរដ្ឋធានីគែរ។
លោក Roman Sheleng ប្រធានផ្នែកលក់ក្រុមហ៊ុន NAUDI បាននិយាយថា យើងកំពុងកែសម្រួលផលិតផល ដោយបន្ថែមការច្នៃប្រឌិតថ្មីមួយចំនួន ដល់សព្វាវុធដែលមានស្រាប់។ ជារៀងរាល់ថ្ងៃ យើងទទួលបានមតិកែលម្អពីទាហានរបស់យើង ហើយព្យាយាមកែលម្អ និង បង្កើនការវិនិយោគយ៉ាងខ្លាំង នៅក្នុងវិស័យការពារជាតិ និងឧស្សាហកម្មការពារជាតិ។

រីឯលោក Ciro Granato តំណាងក្រុមហ៊ុនសន្តិសុខ Santor បានបញ្ជាក់ថា យើងបានបង្កើតឧបករណ៍មួយហៅថា “Harp Speech Protector” ដែលជួយការពារការលួចស្តាប់ ក្នុងអំឡុងកិច្ចប្រជុំទល់មុខគ្នា។ ដូច្នេះយើងមានឧបករណ៍នេះ ដែលកំពុងប្រើប្រាស់ដោយប្រធានាធិបតី និងនាយករដ្ឋមន្ត្រីរបស់ប្រទេសនានា។
សូមបញ្ជាក់ថា ពិព័រណ៍ការពារជាតិអេហ្ស៊ីបលើកទី៣ (EDEX-2023) បានរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិគែរ ក្នុងរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា