ប្រជាពលរដ្ឋរស់នៅខណ្ឌកំបូលស្នើសុំ រដ្ឋបាលរាជធានីភ្នំពេញជួយ ស្ថាបនាផ្លូវបេតុង តបណ្តាញទឹកស្អាតចូលភូមិដ្ឋាន ធ្វើលូ ស្តារ ប្រ ឡាយ និងសុំការជួយអន្តរាគមន៍ចំពោះការជីក កកាយទួលបុរាណ
ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើរផ្ទាល់មាត់ ចំនួន ១៤នាក់ ដោយស្នើសុំអោយរដ្ឋបាលរាជធានីភ្នំពេញជួយ ស្ថាបនាផ្លូវបេតុង សុំតបណ្តាញទឹកស្អាតចូលភូមិដ្ឋាន សុំធ្វើលូ ស្តារប្រឡាយ សុំជួយជុសជុលទំនប់ ជួយអន្តរាគមន៍ចំពោះ ការជីកកកាយទួលបុរាណ សុំជួយដាក់ភ្លើងស្តុបជាដើម។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ខណ្ឌកំបូល នៅវិមាន ពិភពថ្មី ស្ថិតក្នុងបុរីពិភពថ្មីកំបូល ផ្លូវលេខ ២E ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល ក្រោមវត្តមាន ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានី តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ឱ្យដឹងថា ការលើកឡើងជាសំណើរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ មានសំណើរខ្លះគឺមាននៅក្នុងគម្រោងរបស់រាជធានី ខណ្ឌ ហើយ អ្វីដែលមិនមាននៅក្នុងគម្រោង យើងនឹងដាក់ចូលទៅក្នុងគម្រោង អភិវឌ្ឍន៍៣ឆ្នាំរំកិល រាជធានី ខណ្ឌ សង្កាត់។ ដោយឡែកចំពោះ ការសុំអន្តរាគមន៍ ការជីកកកាយទួលបុរាណ រដ្ឋបាលខណ្ឌនឹងឱ្យអភិបាលរងខណ្ឌចុះពិនិត្យជាក់ស្តែង ដោយសារតែអ្នកអនុវត្តនៃការជីកកកាយទួលបុរាណនោះខាងក្រសួងវប្បធម៌ជាអ្នកអនុវត្ត។
ឯកឧត្តម ស៊ុយ សេរិទ្ធ តំណាង ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ការស្នើសុំរបស់ប្រជាពលរដ្ឋលើការស្តារប្រឡាយ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវតែស្តារហើយ ដើម្បីបើកផ្លូវទឹកកុំឱ្យលិចលង់ភូមិដ្ឋានប្រជាពលរដ្ឋ ។

ពាក់ព័ន្ធនឹងការងារនេះដែរ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ សម្តេច មហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានគិតគូរណាស់ ។ តម្រូវការប្រជាពលរដ្ឋពិតជាច្រើន ប៉ុន្តែថវិការបស់យើងនៅមានកម្រិត ដូច្នេះទេ រដ្ឋបាលរាជធានីភ្នំពេញនឹងដោះស្រាយតែចំពោះ តែគម្រោង ណាដែលចាំបាច់បំផុត ប៉ុណ្ណោះ សម្រាប់សំណើរ ផ្សេងទៀតយើង នឹង ដោះស្រាយជាបន្តបន្ទាប់ទៀត ពោលគឺមិនទុកចោលទេ គ្រាន់តែយូរនិងឆាប់ប៉ុណ្ណោះ។
ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា វេទិកាសាធារណៈនេះ គឺចង់បង្ហាញឱ្យឃើញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបម្រើប្រជាពលរដ្ឋកន្លងមក ថាតើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនិងការផ្តល់ សេវា សាធារណៈបានកាន់ល្អប្រសើរឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល៕



ដោយ ៖ ហេង សម្បត្តិ