សហគ្រាសធុនតូច និងមធ្យម បង្ហាញពីការប្រើប្រាស់ នៃបច្ចេកវិទ្យា ថាមពល ពន្លឺព្រះអាទិត្យ ជួយទាំងប្រាក់កម្រៃ គុណភាព និង បរិស្ថាន
(ភ្នំពេញ)៖តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានៃថាមពលពន្លឺព្រះអាទិត្យលើ វិស័យកសិកម្ម និងវារីវប្បកម្មបានជួយឱ្យសហគ្រាសធុនតូច និងមធ្យមមួយចំនួនទទួលបានផលកម្រៃកាន់តែខ្ពស់ ចំណេញពេលវេលា ជួយដល់បរិស្ថាន និងគុណភាពផលិតផលត្រូវបានលើកកម្ពស់ក្នុងការប្រកួតប្រជែងទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។
ក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ស្តីពីការអនុវត្តបច្ចេកវិទ្យាពន្លឺព្រះអាទិត្យសម្រាប់វិស័យកសិកម្មនិងវារីវប្បកម្មនៅថ្ងទី០៥ ខែ ធ្នូ ឆ្នាំ ២០២៣នាមជ្ឈមណ្ឌលពាណិជ្ជកម្ម PACTORY Phnom penh លោក ស៊ុន បូរិទ្ធ ប្រធានASPIRE-AT ដែលជាគម្រោងលើកស្ទួយសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មកសិផលបានឱ្យដឹងថា ៖ រាជរដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការយកចិត្តទុកដាក់ពីការផ្លាស់ប្តូរបច្ចេកវិទ្យាបែប ដែលបង្កការប៉ះពាល់ដល់បរិស្ថានឬប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុឱ្យមកប្រើប្រាស់នូវថាមពល កកើតឡើងវិញដែលផ្តល់ចំណេញច្រើន និងមិនបង្កការប៉ះពាល់បរិស្ថានផង ។
ជាមួយគ្នានេះ លោកបានជំរុញដល់សហគ្រាស សិប្បកម្ម និងវិស័យដទៃទៀតគប្បីងាកមកប្រើប្រាស់នូវថាមពលកកើតឡើងវិញពីព្រោះថា៖ក្រៅពីជួយកាត់បន្ថយសារជាតិពុលហើយ នៅបានចូលរួមជួយដល់ការប្រែប្រួលអាកាសធាតុថែមទៀត។

លោក យន់ សំណាង ម្ចាស់សិប្បកម្មកែច្នៃត្រីងៀត សំណាសុធា មានទីតាំងនៅភូមិអារញ្ញ សង្កាត់សៀមរាប ខេត្តសៀមរាបបានឱ្យដឹងថាកាលពីមុនលោកធ្លាប់តែធ្វើការហាលត្រីបែបបុរាណគឺហាលថ្ងៃ ប៉ុន្តែបច្ចុប្បន្នបានផ្លាស់ប្តូរមកប្រើទូរសម្ងួតត្រី បែបបច្ចេកវិទ្យាពីការប្រើប្រាស់ថាមពលព្រះអាទិត្យវិញគឺទទួល នូវផលកម្រៃទ្វេរដងដោយសារការខូចខាតត្រីតិច គុណភាពល្អ និងចំណេញពេលវេលាថែមទៀត ។ តាមរយៈការផ្លាស់ប្តូរនេះដែរកាលពីមុនលោកអាចរកប្រាក់ចំណេញបានត្រឹមតែជាង១ពាន់ដុល្លារឬជាង២ពាន់ដុល្លារ តែបច្ចុប្បន្នអាចរកប្រាក់កម្រៃរហូតដល់៣ពាន់ដុល្លារក្នុងមួយខែ។
ដោយឡែក អ្នកស្រី ណុប កុលាប ដែលសព្វថ្ងៃរស់នៅភូមិ កណ្តាល ឃុំ អន្លង់រាប ស្រុក វាលវែង ខេត្តពោធិ៍សាត់ ដែលបានប្រើប្រាស់បច្ចេកវិទ្យាបូមទឹកដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យបានឱ្យដឹងថា៖”កាលពីមុនខ្ញុំបានប្រើអណ្តូងបូមទឹកអគ្គិសនីឃើញថា ចំណាយថវិកាច្រើនណាស់ តែពេលនេះបច្ចេកវិទ្យាថ្មីចូលជំនួសដោយអ្នកស្រីបានប្រើសូឡាបូមទឹកវិញឃើញថា អាចរកប្រាក់ចំណេញកើនឡើងបន្តបន្ទាប់។

លោក រៀង រ័ត្ន សព្វថ្ងៃរស់នៅភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង ខេត
កំពង់ធំ បានឱ្យដឹងថា លោកបានប្រើធុងចិញ្ចឹមចង្រិតឆ្លាតវៃ ដែលប្រើដោយពន្លឺព្រះអាទិត្យឃើញថា ក្រៅពីផ្តល់ភាពងាស្រួល ហើយនៅចំណេញថវិកា ដោយមិនត្រូវបង់ថ្លៃភ្លើងដែលជាការចំណាយច្រើន ។
គួរបញ្ជាក់ថា គម្រោងមួយនេះនឹងជួយសហគ្រាសធុនតូច និងមធ្យមក្នុងការផ្លាស់ប្តូរមកប្រើថាមពលពន្លឺព្រះអាទិត្យ ។ វាជាការ ផ្លាស់ប្តូរទៅកាន់បច្ចេកវិទ្យាថាមពលស្អាតក្នុងវិស័យកសិកម្ម និងវារីវប្បកម្មដែលជានិរន្តរភាពនៃអាជីវកម្មកាន់តែប្រសើរឡើងនាថ្ងៃខាងមុខ ៕


អត្ថបទ៖ លោក ម៉ាដេប៉ូ
រូបភាព៖ លោក ងីម ឆៃហូត