រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ សហភាពអឺរ៉ុប (EU) ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិវឌ្ឍវិស័យជលផលនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួប និងពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា នាទីស្តីការក្រសួងកសិកម្ម ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសម្តែងនូវការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងការចូលរួមអភិវឌ្ឍវិស័យជលផលនៅកម្ពុជា។ នៅក្នុងវិស័យជលផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីផែនការរបស់ក្រសួងដែលចង់ប្រែក្លាយការនេសាទទឹកសាបមកធ្វើវារីវប្បកម្ម ដើម្បីបង្កើនចំណូល ទ្រទ្រង់ជីវភាព។ ចំពោះការនេសាទសមុទ្រវិញ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងពីផែនការមេ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានជលផលឱ្យបានគង់វង្ស។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបានលើកឡើងពីគោលនយោបាយអាទិភាពវិស័យកសិកម្មផ្តោតលើសហគមន៍កសិកម្មទំនើប។ កសិកម្មទំនើប ដែលមានទុន និងធនធានមនុស្ស ដើម្បីសម្របសម្រួលការផលិត ផលិតផលកសិកម្ម ក្នុងទ្រង់ទ្រាយធំ មានគុណភាព សុវត្ថិភាព ដើម្បីឱ្យកសិករបានទទួលបានតម្លៃបន្ថែមខ្ពស់ និងស្របតាមតម្រូវការទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែម អំពីគោលនយោបាយដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ១.៦០០នាក់ ដែលនឹងជួយកសិករទាំងបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ បានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងជំរុញការផលិត និងកែច្នៃផលិតផលកសិកម្មអាទិភាពរួមមាន ដំណាំស្រូវ ស្វាយចន្ទី ម្រេច និងបន្លែ។ មួយវិញទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការបង្កើតមន្ទីរពិសោធន៍ថ្នាក់ជាតិតែមួយសម្រាប់គ្រប់អនុវិស័យទាំងអស់ ប្រកបដោយស្តង់ដា ធានាបាននូវការគ្រប់គ្រងជំងឺឆ្លង គុណភាព សុវត្ថិភាពផលិតផល និងសុខភាពអ្នកទទួលទាន។ ក្រសួងស្វាគមន៍រាល់គម្រោងអភិវឌ្ឍ និងការវិនិយោគ ស្របតាមគោលនយោបាយអាទិភាព ហើយក្រសួងនឹងជួយសម្របសម្រួល ដើម្បីជំរុញការងារឱ្យដំណើរការរលូន និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ៕



ប្រភព ៖ ក្រសួងកសិកម្ម