ប្រធានសិទ្ធិមនុស្សកម្ពុជា ៖ កម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត
(ភ្នំពេញ)៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺសិទ្ធិរស់រានមានជីវិត ។ នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ក្នុងឱកាសទទួលជួបលោក វីធីត មុនតាបិន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ គោលបំណង ពិភាក្សាអំពីវឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនៅក្នុង ប្រទេសកម្ពុជា ។
ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្តការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាមរយៈ អាទិភាព ៦ចំណុចក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា តាមរយៈអាទិភាព៦ចំណុចក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ៖

ទី១. ពង្រីកសេវាថែទាំសុខភាពគ្របដណ្តប់សុខភាពជាសាកលនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ត្រូវបានទទួលការគាំពារ ពីរាជរដ្ឋាភិបាល។
ទី២. យុវជនដែលរស់នៅក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះនឹងទទួលបានការបណ្តុះបណ្តាល វិជ្ជាជីវៈជំនាញ ដើម្បីអាចប្រកបរបរចិញ្ចឹមជីវិត ហើយការទទួលបាននូវការបណ្តុះបណ្តាលនេះ ធ្វើឡើងដោយឥតបង់ប្រាក់ ហើយថែមទាំងទទួលបានការឧបត្ថម្ភក្នុងអំឡុងពេលបណ្តុះបណ្តាល ថែមទៀតផង។
ទី៣. ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនឹងទទួលបានកម្មវិធីជំនួយសង្គម ដែលជាកម្មវិធីជាតិ រឹងមាំ ពោលគឺពេលមានវិបត្តិ ឬហានិភ័យផ្សេងៗ។ កម្មវិធីនេះនឹងរង់ចាំជួយពួកគាត់ប្រកបដោយ ប្រសិទ្ធភាពខ្ពស់។
ទី៤. អ្នកប្រកបរបរក្រៅប្រព័ន្ធនឹងទទួលបាននូវការយកចិត្តទុកដាក់ ដោយទទួលបានអត្ថប្រយោជន៍ ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរ នៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យនានា តាមរយៈ រាជរដ្ឋាភិបាលបានប្រកាសដាក់ចេញឱ្យអនុវត្តនូវ “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” ក្នុងការបង្កើនការងារនិងការកែលម្អជីវភាពប្រជាជន។
ទី៥. ប្រជាកសិករនឹងទទួលបាននូវការគាំពារតាមយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន ការផ្តល់ប្រាក់កម្ចី ដើម្បីប្រកបរបរកសិកម្ម ពិសេស គឺការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់។
ទី៦. រាជរដ្ឋាភិបាលនឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ ដែលមាន កសិករ និងបង្កើតសហគមន៍កសិករទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍កសិករ។

លើសពីនេះ រាជរដ្ឋាភិបាលនឹងធ្វើការតភ្ជាប់បណ្តាញអគ្គិសនីដល់គ្រប់ភូមិឱ្យបានមុនឆ្នាំ២០៣០ និងមិនប្រើប្រាស់ធ្យូងថ្មក្នុងបង្កើតអគ្គិសនីឡើយ ព្រមទាំងដាក់ពង្រាយសេវាអ៊ីនធឺណិតទៅគ្រប់សាលាឃុំ សាលារៀន និងមណ្ឌលសុខភាព ចាប់ពីឆ្នាំ២០២៤នេះទៅ ។
លោក វីទិត មុនតាប៊ុន បានសម្តែងនូវការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលមាន វឌ្ឍនភាពជាវិជ្ជមានលើវិស័យសិទ្ធិមនុស្ស ជាពិសេសការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័ន សិទ្ធិមនុស្សជាតិ និងបានថ្លែងអំណរគុណចំពោះ គ.ស.ម.ក ដែលបានរៀបចំកិច្ចជំនួបនេះ ប្រកបដោយ បរិយាកាសស្និទ្ធស្នាល យោគយល់ និងនាំមកនូវលទ្ធផលគួរជាទីមោទកៈ ៕

ដោយ / គ្រី សម្បត្តិ