សហភាពសហជីពការងារកម្មករកម្ពុជាថ្កោលទោសជនក្បត់ជាតិ សម រង្ស៊ី
ភ្នំពេញ៖ សហភាពសហជីពការងារកម្មករកម្ពុជា (CWLCU) ដែលតំណាងឱ្យកម្មករ មកពីវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងកាបូប ជាសមាជិក ដែលកំពុងធ្វើការផ្ទាល់ក្នុងការលើកកំពស់សិទ្ធិសេរី ភាពកម្មករ ការពារសិទ្ធិកម្មករ ការពារផលប្រយោជន៍ស្របច្បាប់ បានធ្វើញ្ញត្តិថ្កោលទោសយ៉ាងដាច់ខាត ចំពោះបុគ្គលទណ្ឌិត សម រង្សី ដែលបានផ្សព្វផ្សាយបំភ្លៃការពិត និងញុះញង់តាមបណ្តាញសង្គមចំពោះការបង្ហោះផ្សារភ្ជាប់ទៅរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ ដោយបានចោទប្រកាន់ថា ការរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកបំបុក និងសំពះព្រះខែ ជាការរៀបចំរូបភាពក្លែងក្លាយ ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរ ដ្ឋាភិបាល និងប៉ះពាល់ដល់ប្រជាជាតិខ្មែរទាំងមូល។
សហភាពសហជីពការងារកម្មករកម្ពុជា យល់ឃើញថា ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី គឺជាញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមមុខនឹងការផ្តន្ទាទោស និងសូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឱ្យបានតឹងរឹងបំផុតតាមច្បាប់ចំពោះ ទណ្ឌិត សម រង្ស៊ី ដែលមិនអាចលើកលែងឱ្យបានឡើយ។
ប្រភពដដែលបានលើកឡើងថា ក្នុងរយៈពេលដែលបង្កើតរាជរដ្ឋាភិបាលថ្មីរហូតមកដល់បច្ចុប្បន្ននេះ កត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ នេះឡើង ដោយមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេស បានចូលរួមទស្សនាយ៉ាងច្រើនកុះករ មិនដូចការចោទប្រកាន់ដែលផ្ទុយពីការពិតរបស់ ទណ្ឌិត សម រង្ស៊ី។
ក្នុងនាមតំណាងឱ្យកម្មករ មកពីវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងកាបូប សហភាពសហជីពការងារកម្មករកម្ពុជា (CWLCU) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការប្រកាសដោយសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនូវនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិបីជំនាន់ឱ្យអស់ពីទឹកដីកម្ពុជា ដើម្បីរក្សានូវសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕

