វិមានក្រឹមឡាំង៖ លោក ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងសប្តាហ៍នេះ
មូស្គូ៖ វិមានក្រឹមឡាំងប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ក្នុងថ្ងៃពុធសប្តាហ៍នេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកយកព័ត៌មានក្នុងថ្ងៃអង្គារសប្តាហ៍នេះថា លោកប្រធានាធិបតី ពូទីន នឹងទៅបំពេញទស្សន កិច្ចនៅប្រទេសអេមីរ៉ាត់អារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីតនៅថ្ងៃពុធនេះ។ លោកថា មេដឹកនាំរុស្ស៊ីនឹងពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី, ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស រួមទាំងនយោបាយអន្តរជាតិ។
លោក ប៉េសកូវ បន្តថា លោក ពូទីន ក៏នឹងពិភាក្សាអំពីទីផ្សារប្រេង ក្នុងអំឡុងដំណើរទស្សនកិច្ចនេះផងដែរ បន្ទាប់ពីរុស្ស៊ីដែលជាដៃគូមួយក្នុងចំណោមដៃគូក្រុមប្រទេស OPEC ទាំង១០ បាននិយាយថា ខ្លួននឹងធ្វើឱ្យមានការកាត់បន្ថយការផ្គត់ផ្គង់ទិន្នផលប្រេងដោយស្ម័គ្រចិត្ត។
ប្រទេសអេមីរ៉ាត់អារ៉ាប់រួមកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សា ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 ប៉ុន្តែវិមានក្រឹមឡាំងមិនបានបញ្ជាក់ថាតើលោក ពូទីន នឹងចូលរួមក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធណាមួយនោះទេ។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចខាងលើ លោក ពូទីន ត្រូវបានគេរំពឹងថា នឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ការបំពេញទស្សនកិច្ចរបស់មេដឹកនាំអ៊ីរ៉ង់ កើតមានឡើងស្របពេលដែលរុស្ស៊ីក៏កំពុងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងយោធាជាមួយអ៊ីរ៉ង់ផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

