ចិនថា តាលីបង់អាហ្វហ្គានីស្ថានត្រូវធ្វើកំណែទម្រង់ មុនពេលមានទំនាក់ទំនងការទូតពេញលេញ

ប៉េកាំង៖ ប្រទេសចិនបានបញ្ជាក់នៅថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថានត្រូវដាក់ចេញនូវកំណែទម្រង់នយោបាយ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសសន្តិសុខ និងជួសជុលទំនាក់ទំនងជាមួយប្រទេសជិតខាង មុនពេលទទួលបានការទទួលស្គាល់ពេញលេញខាងការទូត។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន ក្នុងថ្ងៃអង្គារសប្តាហ៍នេះនិយាយថា ចិនតែងតែជឿថា អាហ្វហ្គានីស្ថានមិនគួរដកចេញពីសហគមន៍អន្តរជាតិទេ។ ប៉ុន្តែយើងសង្ឃឹមថា អាហ្វហ្គានីស្ថាននឹងឆ្លើយតបបន្ថែមទៀត ចំពោះការរំពឹងទុករបស់សហគមន៍អន្តរជាតិ។

ក្នុងនោះមានដូចជាការកសាងរចនាសម្ព័ន្ធនយោបាយបើកចំហ និងរួមបញ្ចូលការអនុវត្តគោលនយោបាយក្នុងស្រុក និងក្រៅប្រទេសកម្រិតមធ្យម និងស្ថិរភាព។ បន្ថែមលើនេះ ចិនជំរុញអាហ្វហ្គានីស្ថានឱ្យប្រយុទ្ធប្រឆាំងនឹងកងកម្លាំងភេរវករគ្រប់ប្រភេទ, រួមរស់នៅប្រកបដោយភាពសុខដុមជាមួយប្រទេសទាំងអស់ជុំវិញពិភពលោក ជាពិសេសប្រទេសជិតខាង និងធ្វើសមាហរណកម្មជាមួយសហគមន៍អន្តរជាតិ។

គួរបញ្ជាក់ថា រដ្ឋាភិបាលតាលីបង់មិនត្រូវបានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការឡើយ ចាប់តាំងពីការដណ្តើមអំណាច ក្រោយកងទ័ពអាមេរិកដកខ្លួនកាលពីខែសីហា ឆ្នាំ២០២១។ ទោះជាយ៉ាងណា ចិន និងអាហ្វហ្គានីស្ថាននៅតែរក្សាទំនាក់ទំនងមួយចំនួន។

តួយ៉ាង មេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថានបានសន្យាថា ប្រទេសនេះនឹងមិនត្រូវបានប្រើជាមូលដ្ឋានសម្រាប់ពួកសកម្មប្រយុទ្ធឡើយ ជាថ្នូរនឹងការទទួលបាននូវការគាំទ្រផ្នែកសេដ្ឋកិច្ច និងការវិនិយោគសម្រាប់ការកសាងឡើងវិញពីប្រទេសចិន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner