មនុស្សស្លាប់ និងបាត់ខ្លួន ១២នាក់ ក្នុងហេតុការណ៍បាក់ដី និងទឹកជំនន់នៅឥណ្ឌូនេស៊ី

ហ្សាការតា៖ មន្ត្រីជួយសង្គ្រោះម្នាក់និយាយថា មនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីបានលេបត្របាក់ផ្ទះសម្បែងរាប់សិបខ្នង រួមទាំងសណ្ឋាគារមួយកន្លែង នៅក្នុងភូមិមួយរបស់ប្រទេសឥណ្ឌូនេស៊ី កាលពីសប្តាហ៍មុន។

ការរអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់មានប្រជាជនរស់នៅជិតបឹង Toba ភាគខាងលិចនៃកោះស៊ូម៉ាត្រា កាលពីល្ងាចថ្ងៃសុក្រ ដោយបានសម្លាប់មនុស្ស ២នាក់ និង១០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ព្រមទាំងបង្ខំឱ្យអ្នកស្រុកជាច្រើនជម្លៀសខ្លួន។

លោក Budiono ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស ១១នាក់កំពុងបាត់ខ្លួន ប៉ុន្តែក្រោយមកអ្នកជួយសង្គ្រោះបានរកឃើញសាកសពមនុស្សម្នាក់ កាលពីថ្ងៃចន្ទ ទើបនាំឱ្យអ្នកបាត់ខ្លួននៅសល់ចំនួន ១០នាក់។ លោក Budiono បន្តថា ក្មេងៗដែលមានអាយុពី ៦ ទៅ ៧ឆ្នាំ គឺស្ថិតក្នុងចំណោមអ្នកកំពុងបាត់ខ្លួន។

យោងតាមទីភ្នាក់ងាររុករក និងសង្គ្រោះជាតិ Basarnas បានឱ្យដឹងថា មនុស្សប្រហែល ១៤០នាក់ត្រូវបានជម្លៀសចេញពីភូមិដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសងាយនឹងកើតមានហេតុការណ៍បាក់ដីក្នុងរដូវវស្សា ហើយបញ្ហាបានកើតឡើងកាន់តែធ្ងន់ធ្ងរទៅៗនៅកន្លែងខ្លះ ដោយសារការកាប់បំផ្លាញព្រៃឈើ ដែលបង្កឱ្យមានទឹកជំនន់នៅតំបន់ខ្លះនៃប្រទេសប្រជុំកោះមួយនេះ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner