តង់សានី៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាក់ដី និងទឹកជំនន់កើនដល់ ៦៥នាក់
ដាអេសសាឡឹម៖ នាយករដ្ឋមន្ត្រីតង់សានី លោក ខាស្ស៊ីម ម៉ាចាលីវ៉ា បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សយ៉ាងហោចណាស់ ៦៥នាក់បានស្លាប់ ក្នុងហេតុការណ៍រអិលបាក់ដី និងទឹកជំនន់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំងនៅភាគខាងជើងប្រទេស។
ភ្លៀងធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍មុន បានធ្វើឱ្យរថយន្ត និងអគារជាច្រើននៅក្នុងទីប្រជុំជន ខាតេស មានចម្ងាយ ៣០០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីឌូឌូម៉ា កប់នៅក្រោមល្បាប់ភក់ ខណៈដែលប្រតិបត្តិការបោសសម្អាតកំពុងបន្ត។ នាយករដ្ឋមន្ត្រីតង់សានី លោក ខាស្ស៊ីម ម៉ាចាលីវ៉ា និយាយថា ការស្វែងរកដែលកំពុងបន្ត បានរកឃើញសាកសពមនុស្ស ២នាក់ទៀត ហើយឥឡូវនេះចំនួនអ្នកស្លាប់កើនឡើងដល់ ៦៥នាក់។
អ្នកនាំពាក្យរដ្ឋាភិបាលតង់សានី លោក ម៉ូហា ម៉ាទីនយី បាននិយាយថា មនុស្សប្រហែល ៥,៦០០នាក់ត្រូវបានជម្លៀសពីហេតុការណ៍បាក់ដី ដោយសាលារៀនមួយកន្លែងនៅទីប្រជុំជន ខាតេស បានប្រែក្លាយទៅជាមជ្ឈមណ្ឌលជនភៀសខ្លួន។ តង់សានី និងប្រទេសជិតខាងនៅអាហ្វ្រិកខាងកើត មានដូចជាកេនយ៉ា សូម៉ាលី និងអេត្យូពី កំពុងតស៊ូប្រយុទ្ធនឹងទឹកជំនន់ភ្លាមៗ ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលទាក់ទងនឹងបាតុភូតអាកាសធាតុ អែល នីណូ។
ទឹកជំនន់កំពុងធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងតំបន់កាន់តែធ្ងន់ធ្ងរឡើងៗ ខណៈដែលវាកើតចេញពីគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ទសវត្សរ៍ ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់អត់ឃ្លាន។
សូមរម្លឹកថា នៅចន្លោះខែតុលា ឆ្នាំ១៩៩៧ និងខែមករា ឆ្នាំ១៩៩៨ ទឹកជំនន់បានឆក់យកជីវិតមនុស្សជាង ៦,០០០នាក់ នៅក្នុងប្រទេសចំនួន ៥ នៅក្នុងតំបន់។ ទន្ទឹមគ្នា អ្នកវិទ្យាសាស្ត្របាននិយាយថា ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗដូចជាទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ កំពុងកើតឡើងកាន់តែញឹកញាប់ជាងមុន ដោយសារការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងពីមនុស្ស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


