ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាង កម្ពុជា-គុយបា លើឆាកអន្តរជាតិ ត្រូវបានពង្រឹង កាន់តែល្អប្រសើរថែមទៀត

ភ្នំពេញ៖ ទំនាក់ទំនងការទូតជាយូរលង់ចាប់តាំងពីឆ្នាំ១៩៦០ និង កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើវិស័យជាច្រើន ដែលមានជាអាទិ៍ អប់រំ កីឡា វប្បធម៌ កសិកម្ម សុខាភិបាល ពិសេសជំនួយរបស់ប្រទេសគុយបាដល់ប្រទេសកម្ពុជា ក្នុងគ្រាដ៏លំបាកបន្ទាប់ពីការដួលរលំនៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ។ ជំនួយគុយបានៅពេលនោះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ជាពិសេសពលរដ្ឋកម្ពុជា ដែលទើបងើបពីសេចក្ដីស្លាប់នៃរបបខ្មែរក្រហម ហើយត្រូវការចាំបាច់ការរស់រានមានជីវិត ។ កាយវិការប្រកបដោយ សមានចិត្តនេះ បានសបញ្ជាក់ពីចំណងមិត្តភាពដ៏រឹងមាំ និងជាប្រវត្តិសាស្ត្រចងចាំដ៏ល្អ ។

នេះជាការបញ្ជាក់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងឧ៌កាសទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា និងសហការី នៅទីស្តីការក្រសួងអធិការកិច្ច
នាព្រឹកថ្ងៃទី០៥ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីការអភិវឌ្ឍនរបស់ប្រទេសកម្ពុជាដែលកំពុងរីកចម្រើន ក៏ដូចជា ស្ថានភាពនយោបាយដែលមានសភាពល្អប្រសើរលើគ្រប់ ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការកកិវឌ្ឍ សង្គមជាតិ ទេសចរ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ។

ជាមួយគ្នានោះ ភាគីទាំងពីរនឹងរៀបចំទស្សនកិច្ចផ្លូវការ ដើម្បីសិក្សាស្វែងយល់ ផ្លាស់ប្តូរ និងដកស្រង់បទពិសោធន៍អំពីវិស័យអធិការកិច្ច ការតាមដាន ការអនុវត្តច្បាប់ និងស្ថាប័នអធិការកិច្ច ឬប្រហាក់ប្រហែលរបស់សាធារណរដ្ឋគុយបាជាមូលដ្ឋាននៃការចាប់ផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអធិការកិច្ចរវាងស្ថាប័ននៃប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពចុះ MOU រវាងក្រសួង និងស្ថាប័នប្រហាក់ប្រហែល នៅសាធារណរដ្ឋគុយបា ដែលផ្តោតលើការងារអធិការកិច្ច និងអភិបាលកិច្ចល្អដែលជាបេសកកម្មចម្បងរបស់ក្រសួង ព្រមទាំងផ្តល់ការបណ្តុះបណ្តាល និងការផ្តល់នូវព័ត៌មានពីអាហារូបករណ៍របស់សាធារណរដ្ឋគុយបាមកក្រសួងអធិការកិច្ចផ្ទាល់ ។

ជាការឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតអោយលោកជំទាវ និងសហការី ចូលជួបពិភាក្សាការងារ និងស្វែងយល់អំពីបេសកកម្ម និងឯកភាពក្នុងការរៀបចំការផ្លាស់ប្តូរទស្សនកិច្ចរវាងប្រតិភូនៃប្រទេសទាំងពីរ សិក្សាផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកលើវិស័យអធិការកិច្ច ៕

ដោយ ហេង សម្បត្តិ +ថេត វិចិត្រ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner