អតីតកីឡាករវាយកូនបាល់ប្រទេសបែលហ្ស៊ិកមកទស្សនៈកិច្ច និងចែករំលែក បទពិសិធន៍ ដល់កីឡាករវាយកូនបាល់កម្ពុជា
ភ្នំពេញ៖ អតីតកីឡាករវាយកូនបាល់អាជីពរបស់ប្រទេសបែលហ្ស៊ិក លោក Christophe Rochus បានដឹកនាំក្រុមគ្រួសាររបស់លោក មកទស្សនៈកិច្ចនៅសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងចែករំលែកបទពិសោធន៍បច្ចេកទេសខ្លះៗដល់កីឡាករវាយកូនបាល់កម្ពុជា នាព្រឹកថ្ងៃទី៥ ខែ ធ្នូ ឆ្នាំ២០២៣ ។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ថ្លែងឲ្យដឹងថា ដំណើរទស្សនៈកិច្ចរបស់ លោក Christophe Rochusមកកាន់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាមានរយៈពេល២ថ្ងៃ ដោយលោកចង់មើលឃើញផ្ទាល់នូវកម្មវិធីអភិវឌ្ឍរបស់សហព័ន្ធលើវិស័យកីឡាវាយកូនបាល់របស់កម្ពុជា ហើយលោក ក៏មានគម្រោងសហការជួយដល់កម្ពុជាក្នុងនាមចំណងមិត្តភាពផងដែរ ។
លោក Christophe Rochus បានមានប្រសាសន៍ថា លោកបានមកដល់ប្រទេសកម្ពុជានេះ ជាលើកទី១ហើយ បន្ទាប់ពីលោកបញ្ចប់ទស្សនៈកិច្ចក្នុងដំណើរកម្សាន្តនៅប្រទេសវៀតណាម ហើយពេលដែលលោកមកដល់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោកបានមើលឃើញថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាពិតជាខិតខំប្រែងប្រែងខ្លាំងណាស់លើការបណ្តុះបណ្តាលធនធានកីឡាករកីឡាការិនី ។ ពេលមើលឃើញការខិតខំប្រែងរបស់សហព័ន្ធដូចនេះ លោក ក៏មានគម្រោងនឹងសហការជួយដល់សហព័ន្ធវាយកូនបាល់កម្ពុជានៅពេលឆាប់ៗខាងមុខនេះផងដែរ ។
គួររំលឹកថា លោក Christophe Rochus ជាអតីតកីឡាករវាយកូនបាល់ប្រទេសបែលហ្ស៊ិក កើតនៅក្នុងឆ្នាំ១៩៧៨ ។ បច្ចុប្បន្នលោកមានអាយុ៤៤ឆ្នាំ មានកូនប្រុសស្រី ២នាក់ ។ ក្នុងអាជីពជាកីឡាករវាយកូនបាល់អតីតកីឡាករល្បីរូបនេះបានឈរនៅចំណាត់ថ្នាក់លេខ៣៧ក្នុងតារាងចំណាត់ពិភពលោក ហើយ លោកបានធ្លាប់ឈ្នះពានឯកក្តជនចំនួនពីរ និងពានពីរទៀត ក្នុងកម្មវិធី ATP Tour ។ ហើយអតីតកីឡាវាយកូនបាល់អាជីពរបស់បែលហ្ស៊ិករូបនេះ បានឈានឡើងដល់វគ្គ១ភាគបួនផ្តាច់ព្រ័ត្រកម្មវិធីប្រកួតនៃFrench Openក្នុងឆ្នាំ២០០៤ និងជុំទី៤នៃកម្មវិធីប្រកួតនៃUS Openក្នុងឆ្នាំ២០០៥ផងដែរ ។ ទ្រព្យសម្បត្តិរបស់គាត់ទទួលបានពីអាជីពកីឡាវាយកូនបាល់របស់គាត់ តាមរយៈការជួយឧបត្ថម្ភគាំទ្រពីបណ្តាក្រុមហ៊ុនផ្សេង ៕
រូបភាព និង អត្ថបទ ៖ ជាវ ចន្ធូ





