នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្នុង ២ករណីផ្សេងគ្នា
ភ្នំពេញ៖ លោក ផល មេសា អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌឬស្សីកែវ បានដឹកនាំកម្លាំងបង្ក្រាបជាក់ស្តែងករណីលួចម៉ូតូម្នាក់ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ២១”០០នាទីយប់ចំណុច ក្រុម៧ ផ្លូវបេតុង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះឈ្មោះ ពៅ សុភក្រ្ត័ ភេទប្រុស អាយុ៤៣ឆាំ្ន មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ បន្ទប់ជួលកន្លែងកើតហេតុខាងលើ ។ ជនសង្ស័យមានឈ្មោះ សុខ ភក្រ្ត័ ភេទប្រុស អាយុ ៣០ឆ្នាំ មុរបរមិនពិតប្រាកដ ស្នាក់នៅម្តុំវត្តនាគវ័ន្ត សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានសារធាតុញៀន) ។ សម្ភារដកហូតរួមមាន ៖ សោរខ្សៀរលេខ៨ចំនួន ០១, ដែកសំប៉ែតចុងស្រូចចំនួន ០១, ម៉ូតូ ០១គ្រឿងម៉ាកសង់ C125 ពណ៍ខ្មៅ សា្លកលេខកំពង់ស្ពឺ 1C.0492 ( របស់ជនរងគ្រោះ ) និងបានប្រគល់ជូនមា្ចស់វិញ ។
នៅមុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានទុកម៉ូតូមុខបន្ទប់ជួល ស្រាប់តែមានជនសង្ស័យម្នាក់ ដើរមកធ្វើសកម្មភាពឆ្កឹះសោរម៉ូតូ០១គ្រឿងលួចបានសំរេច និងជិះម៉ូតូរត់គេចខ្លួន តែត្រូវជនរងគ្រោះឃើញទាន់ ក៏ស្រែកចោរៗ ផ្អើលឆោឡោដល់អ្នកជិតខាងកំលាំងសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ជនសង្ស័យ ០១នាក់ យកមកប៉ុស្តិ៍ ដើម្បីចាត់ការតាមនិតិវិធី ។
ដោយឡែកជនសង្ស័យជាចោរឆក់ ២នាក់ទៀត ត្រូវកម្លាំងល្បាតនៃប៉ុស្តិ៍រដ្ឋបាលប្ញស្សីកែវ អន្តរាគមន៍ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ នៅចំណុចផ្លូវខាងសារិន ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ២០នាទី ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះ មានឈ្មោះ រ៉ូ សាលី ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅ ផ្ទះលេខ២៤២៥ ផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ មុខរបរ នៅផ្ទះ ។ ចំណែកជនសង្ស័យចំនួន ២នាក់ ៖ ១/ឈ្មោះ សន សុវណ្ណារ៉ា ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ផ្ទះជួលភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)(ឃាត់ខ្លួន)។ ២/ឈ្មោះ យ័ន្ត ប៉ុនលី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះជួល សង្កាត់កំបូល ខណ្ឌកំបូល មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)(ឃាត់ខ្លួន) ។សម្ភារដកហូត ៖ មធ្យោបាយធ្វើសកម្មភាព ម៉ូតូមួយគ្រឿងម៉ាក ស្កុបពី ស៊េរី ២០២៣ ពណ៌ខ្មៅបៃតងពាក់ផ្លាកលេខ ភ្នំពេញ ១KH ០៦៤៥, ទូរស័ព្វមួយគ្រឿង ម៉ាករៀលមី (ជារបស់ជនរងគ្រោះ) ។
ប្រភពសមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក C១២៥ ស៊េរី ២០១៦ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១FN ៨៥០៤ ចេញពីផ្ទះ ទៅជិតដល់ជិតកន្លែងកើតហេតុ ជនរងគ្រោះ បានដកទូរស័ព្វមើលម៉ោង ក៏ត្រូវជនសង្ស័យដែលបានជិះម៉ូតូមកពីក្រោយ ធ្វើសកម្មភាពឆក់យកទូរស័ព្វ រួចជិះគេច តែត្រូវជនរងគ្រោះ ជិះដេញពីក្រោយ និងស្រែកចោរៗ ស្របពេលនោះ កំលាំងល្បាតរបស់ប៉ុស្តិ៍ បានអន្តរាគមន៍ ឃាត់ខ្លួនបានភ្លាមៗ នៅចំណុចផ្លូវបេតុង ក្រុមទី០៧ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ យកមកប៉ុស្តិ៍ ដើម្បីធ្វើតំណត់ហេតុ សាកសួរយកចំលើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តទៅតាមនីតិវិធី ៕
ដោយ ៖ វណ្ណលុក

