ក្រសួងការងារ ដាក់ចេញការទូទាត់ភាគទាន របស់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈធនាគារ ដើម្បីផ្តល់ភាពកាន់តែងាយស្រួលជូនពលរដ្ឋ

(ភ្នំពេញ)៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញនូវការទូទាត់ថវិកាភាគទានសម្រាប់ជាបុគ្គលស្វ័យនិយោជន៍(អ្នកប្រកបរបរខ្លួនឯង) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. តាមរយៈធនាគារដៃគូរបស់ប.ស.ស. ដើម្បីបង្កភាពកាន់តែងាយស្រួល ចំណេញពេលវេលា និងប្រសិទ្ធភាពកាន់តែខ្ពស់ ។

តាមរយៈការផ្សព្វផ្សាយរបស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. ដែលរួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC.) ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK) និងធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.) ។

សូមបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត”ដើម្បីធានាកិច្ចគាំពារសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅការថែរក្សាសុខភាពដោយចំណាយតិចជាងមុន ។

ដោយសារតែរបបថែទាំសុខភាពនេះ ជារបបថ្មី ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ប.ស.ស.នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានស្នើសុំឱ្យពលរដ្ឋ ឬអ្នកដែលចង់បានសេវាកម្ម អាចមកទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយ បណ្ដាញសង្គម របស់យើង ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ ។

យ៉ាងណាក៏ដោយ ដើម្បីទទួលបានការថែទាំសុខភាពនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ត្រូវបង់ភាគទានចំនួនត្រឹមតែ ១៥ ៦០០៛ ក្នុងម្នាក់ក្នុង ១ខែ ដើម្បីទទួលបានការថែទាំសុខភាពរបស់ខ្លួនដោយគ្មានកាលកំណត់៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner