សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើកដំបូង នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ។
ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាវប្បធម៌ដ៏ប្រពៃនៃកិច្ចសន្ទនា និងការកៀរគរគ្រប់កម្លាំងនយោបាយទាំងអស់ ដើម្បីចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយមិនមានការរើសអើង។ វប្បធម៌នេះ ត្រូវបានបន្សល់ទុកតាំងពីនីតិកាលមុនៗ ក្រោមការផ្តួចផ្តើម និងការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ។
យោងតាមសេចក្តីជូនដំណឹងរបស់លេខាធិការដ្ឋាន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងកិច្ចប្រជុំនេះ ប្រធានប្រតិភូគណបក្សនិមួយៗមានពេលវេលា ៥នាទី ដើម្បីឡើងថ្លែងមតិរបស់ខ្លួន។ បន្ទាប់មក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបិទអង្គប្រជុំ។ កម្មវិធីនេះក៏មានការពិសាភោជនាហារសាមគ្គីផងដែរ ហើយជាចុងក្រោយ ឯកឧត្តមបណ្ឌិត ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អញ្ជើញធ្វើសន្និសីទកាសែត ។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ព្រះមហាក្សត្រ នៃ កម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខា លើព្រះរាជក្រឹត្យមួយ ដោយនៅចំណុចមាត្រា១ បញ្ជាក់ថា ព្រះរាជក្រឹត្យនេះ មានគោលដៅបង្កើត និងកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈ ពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ ។
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អាណត្តិថ្មីនេះ មានគណបក្សចូលរួមចំនួន ២៩គណបក្ស រួមទាំងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនៅក្នុងសភាផងដែរ ។ ក្រៅពីនោះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រមូលផ្តុំដោយគណបក្ស មិនមានអាសនៈក្នុងរដ្ឋសភា ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងអាណត្តិថ្មីនេះ មិនត្រឹមតែបើកផ្លូវឲ្យសម្រាប់តែគណបក្សនយោបាយដែលបានចូលរួមបោះឆ្នោត ហើយមិនបានឈ្នះអាសនៈរដ្ឋសភាដូចអាណត្តិមុននោះទេ គឺស្ថាប័នមួយនេះ ទទួលទាំងគណបក្សដែលមិនបានចូលរួមបោះឆ្នោតទាំងអស់ផងដែរ ឲ្យតែបានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ។ រីឯថវិកាសម្រាប់ចំណាយទៅលើឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់វិញ ក៏បានបញ្ជាក់នៅក្នុងព្រះរាជក្រឹត្យដែរថា ត្រូវបានផ្គត់ផ្គង់ ដោយកញ្ចប់ថវិកាជាតិ ក្នុងខ្ទង់ថវិការបស់ទីស្តីការគណៈរដ្ឋមន្ត្រី ។

គួររំលឹកដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតជាតិនីតិកាលទី៦ នៅឆ្នាំ២០១៨ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ។ ក្នុងនីតិកាលទី៦ មានតែគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ ដែលទទួលបានអាសនៈក្នុងរដ្ឋសភា ពោលគឺ មិនមានពហុបក្សក្នុងរដ្ឋសភាឡើយ ទើបមានការបង្កើតឡើង នូវឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ។

គណបក្សនីមួយៗ មានតំណាង២រូប ធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ តំណាងទាំង២រូប នៃគណបក្សនីមួយៗ ជាទូទៅ ជាប្រធានគណបក្ស និងជាអនុប្រធានគណបក្ស។ ពេលចូលជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រធានគណបក្ស មានឋានៈស្មើទេសរដ្ឋមន្រ្តី ហើយអនុប្រធានគណបក្ស មានឋានៈស្មើរដ្ឋមន្រ្តី ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជួបពិភាក្សាផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីម្តង នៅរៀងរាល់ ៦ខែ ។
សូមបញ្ជាក់ថា គណបក្សនយោបាយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានជាង ៤០ គណបក្ស ក្នុងនោះ ១៨គណបក្ស បានចូលរួមបោះឆ្នោតជាតិឆ្នាំ២០២៣ ។ ការបោះឆ្នោតជាតិនីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជាទទួលបាន អាសនៈ១២០ ក្នុងរដ្ឋសភា ហើយអាសនៈនៅសល់៥ទៀត បានទៅលើគណបក្សហ៊្វុនស៊ិនប៉ិច ។ សម្រាប់នីតិកាលពី៧នេះ ពហុបក្សមាននៅក្នុងរដ្ឋសភាផង ហើយនិងមានក្នុងរាជរដ្ឋាភិបាលផងដែរ ៕



អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ