មនុស្សស្លាប់ និងរបួសជាង ៤០នាក់ ក្រោយរថយន្តក្រុងមួយគ្រឿងរអិលធ្លាក់ជ្រោះនៅហុងឌូរ៉ាស

តេហ្គូស៊ីហ្គាល់ប៉ា៖ យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់ និង ៣០នាក់ផ្សេងទៀតរងរបួស ក្នុងថ្ងៃអង្គារសប្តាហ៍នេះ នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង រអិលធ្លាក់ចូលទៅក្នុងជ្រោះក្បែររដ្ឋធានី នៃប្រទេសហុងឌូរ៉ាស។

អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានរអិលចេញពីផ្លូវហាយវេ ធ្លាក់ចូលទៅក្នុងជ្រោះមួយ នៅថ្ងៃអង្គារសប្តាហ៍នេះ បណ្តាលអោយមនុស្ស ១៣នាក់បាត់បង់ជីវិត និង៣០នាក់ផ្សេងទៀតរងរបួស។ បើតាមមន្រ្តីពន្លត់អគ្គិភ័យ យ៉ាងហោចណាស់មានទារកអាយុបីខែម្នាក់ ស្ត្រី ៥នាក់ និងបុរស ៧នាក់បានស្លាប់។

ចំណែកប៉ូលិសនិយាយថា រថយន្តក្រុងដែលដឹកអ្នកដំណើរមនុស្សជិត ៦០នាក់បានជួបគ្រោះថ្នាក់នៅលើស្ពានមួយ មុនពេលធ្លាក់ចូលទៅក្នុងអូរមួយ នៅខាងក្រោមជ្រោះមានចម្ងាយប្រហែល ៤១គីឡូម៉ែត្រ ពីរដ្ឋធានីតេហ្គូស៊ីហ្គាល់ប៉ា។

ពាក់ព័ន្ធនឹងគ្រោះថ្នាក់នេះដែរ ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី ហ្ស៊ីយ៉ូម៉ារ៉ា កាស្ត្រូ បានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា រដ្ឋាភិបាលនឹងប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបីថ្ងៃ ហើយថា នេះគឺជាសោកនាដកម្មមួយ ដែលប៉ះពាល់ដល់យើងទាំងអស់គ្នា ហើយរដ្ឋាភិបាលនឹងរ៉ាប់រងលើការចំណាយក្នុងពិធីបុណ្យសពជនរងគ្រោះ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មនុស្សប្រហែល ១,៤០០នាក់បានស្លាប់ និងជាង ៣,០០០នាក់រងរបួស ដោយសារគ្រោះថ្នាក់ជិត ៥,០០០ករណីនៅទូទាំងប្រទេស នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរចរាចរណ៍ហុងឌូរ៉ាស៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner