ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ គាំទ្រវិនិយោគិនវៀតណាម និងប្តេជ្ញាបញ្ចប់នូវការងារចុះបញ្ជីដីធ្លីទាំងអស់សម្រាប់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយសំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គាំទ្រវិនិយោគិនវៀតណាមពង្រីកនូវការធ្វើពិពិធកម្មមិនត្រឹមតែកៅស៊ូប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកទៅផ្នែកផ្សេងៗទៀតដូចជាការកែច្នៃចំណីអាហារសម្រាប់សត្វឬប្រភេទនំផ្សេងៗ ដែលផលិតចេញពីស្វាយចន្ទីកម្ពុជា និងប្តេជ្ញាបញ្ចប់នូវការងារចុះបញ្ជីដីធ្លីទាំងអស់សម្រាប់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យតំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ។

ក្នុងជំនួបនេះ តំណាងសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលកន្លងមកបានយកចិត្តទុកដាក់ជួយជ្រោមជ្រែងអស់ពីកម្លាំងកាយចិត្តចំពោះសមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបានមកវិនិយោគក្នុងវិស័យឧស្សាហកម្មកៅស៊ូនៅកម្ពុជា ដោយធ្វើឱ្យយើងអាចសម្រេចបាននូវសមិទ្ធផលដ៏ល្អប្រសើររហូតមកដល់ពេលនេះ ចាប់តាំងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីនៅជារដ្ឋមន្ត្រីក្រសួងបរិស្ថានមកម្ល៉េះ ។

លោក បន្តថា បើទោះបីជានៅមានការលំបាកដែលកើតចេញពីវិបត្តិជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏បណ្តាសមាជិកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា បានខិតខំប្រឹងប្រែងដើម្បីឱ្យទទួលបានទិន្នផលលើសផែនការកំណត់ចាប់ពី ៥% ទៅ ៧% ។ ជាមួយនេះ ឯកឧត្តម បានឱ្យដឹងថា បច្ចុប្បន្ន ក៏មានសម្ព័ន្ធកែច្នៃចំណីអាហារពីកសិផល ចាប់អារម្មណ៍មកសិក្សាស្វែងយល់នៅខាងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយអាចនឹងបង្កើតជារោងចក្រកែច្នៃកសិផលនៅទីនោះផងដែរ ។

លោក សង្ឃឹមថានៅពេលដែលសម្ព័ន្ធឧស្សាហកម្មទាំងនេះ ដែលជារបស់វិនិយោគិនវៀតណាមមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជានាពេលខាងមុខ នឹងទទួលបានការលើកទឹកចិត្ត និងការជួយជ្រោមជ្រែងពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាបន្តទៀត នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលសមិទ្ធផលទាំងនេះក៏ជួយបង្កើតការងារបានច្រើនដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ។

ឯកឧត្តមចាត់ទុកថាការរីកចម្រើនរបស់វៀតណាមក៏ដូចជាការរីកចម្រើនរបស់កម្ពុជា។ កម្ពុជាធ្លាប់ជួយវៀតណាមឱ្យមានការឯកភាពទឹកដី ហើយវៀតណាមក៏ធ្លាប់បានជួយកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។ កម្ពុជា និងវៀតណាមគឺមានមិត្តភាពជាបងប្អូន ហើយសេដ្ឋកិច្ចរបស់កម្ពុជានិងវៀតណាមបានធ្វើសមាហរណកម្មជាមួយគ្នាយ៉ាងច្រើន ហើយវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរក៏មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ ។

ដោយសារសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជាមានរចនាសម្ព័ន្ធច្បាស់លាស់ និងមានការដឹកនាំត្រឹមត្រូវនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ យល់ឃើញថាជារឿងល្អដែលក្រុមហ៊ុនវៀតណាមគួរគិតគូរក្នុងការពង្រីកនូវការធ្វើពិពិធកម្មមិនត្រឹមតែកៅស៊ូប៉ុណ្ណោះទេ ថែមទាំងអាចពង្រីកទៅផ្នែកផ្សេងៗទៀតដូចជាការកែច្នៃចំណីអាហារសម្រាប់សត្វឬប្រភេទនំផ្សេងៗ ដែលផលិតចេញពីស្វាយចន្ទីផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា យើងផ្ដោតសំខាន់ទៅលើសក្តានុពលរបស់ដីថាតើដីប្រភេទណាអាចប្រើប្រាស់សម្រាប់ធ្វើអ្វីបានខ្លះ ដើម្បីយើងអាចរៀបចំទីក្រុងទៅតាមសក្តានុពលរបស់ដីឱ្យបានល្អ ហើយឯកឧត្តមឧបនាយករដ្ឋមន្ត្រីនឹងបញ្ចប់នូវការងារចុះបញ្ជីដីធ្លីទាំងអស់សម្រាប់ក្រុមហ៊ុនវៀតណាមនៅកម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជឿជាក់ថាថ្នាក់ដឹកនាំកម្ពុជានិងថ្នាក់ដឹកនាំវៀតណាមកំពុងតែខិតខំប្រឹងប្រែងបង្កើនល្បឿនអភិវឌ្ឍន៍ជាតិនិងរក្សាសន្តិភាពស្ថេរភាព ភាពសុខដុមរមនា និងភាពរីកចម្រើនជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

បច្ចុប្បន្ននេះ ឧស្សាហកម្មកៅស៊ូវៀតណាមត្រូវបានបែងចែកជា ៣តំបន់ធំៗនៅកម្ពុជា ហើយទិន្នផលកៅស៊ូដែលទទួលបានជាមធ្យមមានប្រមាណ ១៣ម៉ឺនតោនក្នុងមួយឆ្នាំ ហើយតាមផែនការដែលបានគ្រោងទុករហូតដល់ដំណាច់ខែធ្នូឆ្នាំ២០២៣នេះ ទិន្នផលនឹងអាចសម្រេចបានដល់ ១៤ម៉ឺនតោន ដែលស្មើនឹងប្រមាណ ៣៥% នៃទិន្នផលកៅស៊ូនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner