កម្ពុជានឹងបញ្ជូនរបាយការណ៍ ស្តីពី ការពិនិត្យជាសកលតាមកាលកំណត់(UPR) ជុំទី៤ ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤

(ភ្នំពេញ)៖ របាយការណ៍ ការពិនិត្យជាសកលតាមកាលកំណត់ (UPR )ជុំទី៤ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៅចុងខែមករា ឆ្នាំ២០២៤ និងត្រូវពិនិត្យនៅក្នុងសម័យប្រជុំលើទី៤៦ របស់ក្រុមការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ចន្លោះពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងបែបនេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ សម្រាប់ការពិនិត្យជាសកល តាមកាលកំណត់ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ។

សូមបញ្ជាក់ថា៖ ការពិនិត្យជាសកលតាមកាលកំណត់ (UPR ) មានគោលបំណងធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅក្នុងបណ្តា ប្រទេសនានាប្រសើរឡើង និងបង្កើតឡើងដើម្បីផ្តល់ការគាំទ្រ ពង្រីកវិសាលភាពនៃការលើកកម្ពស់ និង ការពារសិទ្ធិមនុស្សឱ្យបានទាន់ពេលវេលានៅថ្នាក់មូលដ្ឋាន ។

លោកស្រី រួអេដា អិល ហាច តំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)បានឱ្យដឹងថា៖គោលបំណងសំខាន់ នៃការត្រួតពិនិត្យ UPR គឺការកែលម្អរស្ថានភាពសិទ្ធមនុស្សតាមរយៈការសហការនិងការចូលរួមរបស់តួអង្គផ្សេងៗនៃសង្គមស៊ីវិល។

លោក ចូ សូយ័រ អ្នកសម្របសម្រួល អង្គការសហប្រជាជាតិនៅកម្ពុជាបានថ្លែងថា៖ ការពិនិត្យជាសកលតាមកាលកំណត់(UPR) ផ្តល់សារៈយ៉ាងសំខាន់សម្រាប់ប្រទេសនីមូយៗត្រូវអនុវត្ត ។ គោលបំណងរបស់ UPRគឺធ្វើឱ្យប្រសើរនូវសិទ្ធមនុស្សគ្រប់ប្រទេសនៅលើពិភពលោក ។

គួរបញ្ជាក់ថា កម្ពុជាធ្លាប់ចូលរួមដំណើរការ ការពិនិត្យជាសកលតាមកាលកំណត់(UPR) នេះ ចំនួន ៣លើករួចមកហើយ ដោយក្នុងនោះការពិនិត្យលើកទីមួយ នៅក្នុងខែធ្នូ ឆ្នាំ២០០៩ លើកទីពីរក្នុងខែកុម្ភៈ ឆ្នាំ២០១៤ និងលើកទីបីក្នុងខែមករា ឆ្នាំ ២០១៩។ កម្ពុជានឹងត្រូវពិនិត្យម្តងទៀត ជាលើកទីបួន នៅក្នុងខែឧសភា ឆ្នាំ២០២៤ ៕

អត្ថបទ៖លោកម៉ាដេប៉ូ,រូបភាព៖ លោក គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner