រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយ សាធារណរដ្ឋសិង្ហបុរី ជាពិសេសក្នុងវិស័យកសិកម្ម

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣បានទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ Teo Ly Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី នៅទីស្តីការក្រសួងកសិកម្ម ។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ និងបានគូសបញ្ជាក់ពីការពង្រឹងនិងកសាងទំនុកចិត្តរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសក្នុងវិស័យកសិកម្ម។

បើតាមឯកឧត្តមរដ្ឋមន្ត្រី កម្ពុជា មានសក្តានុពលលើវិស័យកសិកម្ម និងមានលទ្ធភាពផ្គត់ផ្គង់ផលិតផលកសិកម្មជាច្រើន ជាពិសេសគឺអង្ករដែលមានគុណភាពខ្ពស់ ដើម្បីធានាសន្តិសុខស្បៀងដល់សិង្ហបុរី។ សម្រាប់ឯកឧត្តមរដ្ឋមន្ដ្រី ការធានាសន្តិសុខស្បៀងដល់ប្រទេសសិង្ហបុរី គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងសិង្ហបុរី មិនមែនធ្វើឡើងដើម្បីផលចំណេញផ្នែកសេដ្ឋកិច្ចឡើយ ។

ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក៏បានគូសបញ្ជាក់ប្រាប់លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីផងដែរ អំពីកម្មវិធីគោលនយោបាយកសិកម្មដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលនឹងជំរុញការបង្កើតសហគមន៍កសិកម្មទំនើប ដែលមានទុន និងធនធានមនុស្ស ដែលមានសមត្ថភាពផលិតក្នុងទ្រង់ទ្រាយធំ ស្របតាម ស្តង់ដា និងតម្រូវការទីផ្សារ។ ទន្ទឹមនឹងនេះដែរ ក្រសួងកំពុងជ្រើសរើសនិងឈានទៅដាក់ពង្រាយមន្ត្រីកសិកម្មតាមភូមិឃុំ ដើម្បីជួយដោះស្រាយបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗរបស់កសិករ និងសហគមន៍កសិកម្មនៅទូទាំងប្រទេស៕

ប្រភព៖ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner