ប្រមុខការទូតកំពូលចិន និងសហរដ្ឋអាមេរិកពិភាក្សាគ្នា អំពីសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស
ប៉េកាំង៖ អ្នកការទូតកំពូលមកពីប្រទេសចិន និងសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅក្នុងការសន្ទនាគ្នាតាមទូរស័ព្ទក្នុងថ្ងៃពុធនេះ ខណៈដែលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នាពន្លត់ភ្លើងសង្គ្រាមនេះ។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន បានរំលឹកឡើងវិញ នូវភាពចាំបាច់របស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការការពារជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស មិនឱ្យរីករាលដាល នេះបើយោងតាមក្រសួងការបរទេសអាមេរិក។ ចំណែករដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានគូសបញ្ជាក់ថា ពាក់ព័ន្ធនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អាទិភាពកំពូលគឺបង្កើតបទឈប់បាញ់ និងបញ្ចប់សង្រ្គាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

បន្ថែមលើនេះ លោក វ៉ាង បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ប្រទេសចិន សម្រាប់ដំណោះស្រាយរដ្ឋពីរក្នុងជម្លោះនេះ ហើយបានសង្កត់ធ្ងន់ថា ការចាត់ចែងណាមួយដែលពាក់ព័ន្ធនឹងអនាគតរបស់ប៉ាឡេស្ទីន ត្រូវតែឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនប៉ាឡេស្ទីនផ្ទាល់។ លោកថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់ភាគី ដើម្បីខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមនេះ។
អាជ្ញាធរក្រុមហាម៉ាសប៉ាឡេស្ទីន បានបញ្ជាក់ថា តួលេខចុងក្រោយបង្អស់នៃមនុស្សបាត់បង់ជីវិតនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ដោយសារសង្រ្គាមជាមួយអ៊ីស្រាអែល បានបន្តកើនដល់ ១៦,២៤៨នាក់។ បើតាមអាជ្ញាធរក្រុមហាម៉ាស ក្នុងចំណោមតួលេខអ្នកស្លាប់ខាងលើ នៅក្នុងតំបន់ហ្គាហ្សា មានកុមារជាង៧,០០០នាក់ និងស្រ្តីជិត៥,០០០នាក់៕



ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា